ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​- ឧ​ត្ត​រ​មានជ័យ ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ខេត្ត​ជៀង​ស៊ូ នៃ​ប្រទេស​ចិន​

​កាលពី​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩​នេះ លោក​ឧកញ៉ា​បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ និង​សហការី បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ជាមួយ​គណៈប្រតិភូ​មកពី​ការិយាល័យ​ស្ថិតិ នៃ​ខេត្ត​ជៀង​ស៊ូ សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នង​គោលបំណង ដើម្បី​ចង់ដឹង​អំពី​ស្ថានភាព​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ក្នុង​ខេត្តសៀមរាប​និង គោលនយោបាយ​វិនិយោគ​និង​ការ​ជម្រុញ​ការផ្លាស់ប្តូរ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ចិន ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​ឧកញ៉ា​បណ្ឌិត ហ៊ុយ ភៀវ បានធ្វើការ​ពន្យល់​ដល់​គណៈប្រតិភូ​ចិន អំពី​តួនាទី​សភាពាណិជ្ជកម្ម​ក្នុងការ​ជំរុញ​ការងារ​វិស័យ​ឯកជន និង​ធ្វើការ​សម្រប​សម្រួលការ​ងារ​វិស័យ​ឯកជន អំពី​បញ្ហា​ប្រឈម​របស់​អាជីវករ ពាណិជ្ជករ ទៅ​ជជែក ពិភាក្សា​ជាមួយ​រដ្ឋាភិបាល ដូច្នេះ ប្រសិនបើ​ខាង​ភាគី​ចិន មានបំណង​ក្នុងការ​វិនិយោគ​គម្រោង​កំសាន្ត​ផ្សេងៗ ក្រៅពី​ការ​ទស្សនា​ប្រាង្គ​ប្រាសាទ គឺ​ធ្វើការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដែល​នៅ​ថ្លៃ​ទាប​ជាង​ប្រទេស​ដទៃ អាច​នឹងមាន​ឱកាស​នៃ​ការ​ចំណេញ​មាន​ច្រើន ហើយ​ចំពោះ​ការវិនិយោគ​លើ​រថភ្លើង​ល្បឿន​លឿន ក្នុងប្រទេស​កម្ពុជា គឺជា​កត្តា​មួយ​ល្អ​ដែរ ក្នុងការ​កាត់បន្ថយ​ពេល​វា​លា​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ផងដែរ​។​

​លោក​ឧកញ៉ា​បណ្ឌិត ហ៊ុយ ភៀវ បាន​ថ្លែងអំណរគុណ​ដល់​គណៈប្រតិភូ​ចិន ដែល​បាន​ចំណាយពេល​វេលា​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​ខេត្តសៀមរាប និង​សំណូមពរ​ដល់​គណៈប្រតិភូ​ចិន​ថា ប្រសិនបើជា​គិតដល់​ការវិនិយោគ សូម​មក​ធ្វើការ​វិនិយោគ​នៅក្នុង​ខេត្តសៀមរាប ។​

 

​ជាមួយគ្នា​នោះ ភាគី​គណៈប្រតិភូ​ចិន បានលើកឡើង​អំពី​ការកសាង​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​ចិន ការកសាង​ព្រលានយន្តហោះ​ថ្មី​នៅក្នុង​ខេត្តសៀមរាប ដែល​ចំណាយ​ថវិកា​ប្រមាណ​ជា​៩០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែលជា​គម្រោង​វិនិយោគ​របស់​អ្នកវិនិយោគ​ខេត្ត​យូ​ណាន នៅក្នុង​ខេត្តសៀមរាប ៕​