ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​ខ្លួន​ក្នុង​រយៈពេល​៣​ថ្ងៃ​នៅ​ខេត្តសៀមរាប​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាល​រសៀល​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រួចមក ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែមិថុនា កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​ក្នុង​គោលបំណង​ស្តាប់​វឌ្ឍនភាព​ការងារ , ស្វែងយល់​ពី​បញ្ហា​ប្រឈម និង រិះរក​ដំណោះស្រាយ ដើម្បី​កំណត់​អាទិភាព និង​លើក​ទិសដៅ​សកម្ម ភាព​បន្ត​, ស្វែងរក​ធាតុ​ចូល​បន្ថែម ដើម្បី​ផ្សារភ្ជាប់​ផែនការ​ការងារ​ឲ្យ​ស្របតាម​ការវិវត្ត​ជាក់ស្តែង​របស់​សង្គម​, និង​ក៏​ជា​វេទិកា​ជួបជុំគ្នា​ដើម្បី​ពង្រឹង និង​ពង្រីក​សាមគ្គីភាព​ក្នុង​ក្រុមគ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ហើយ​អង្គ​ប្រជុំបាន​ផ្តោត​ការពិភាក្សា​ទៅលើ​ប្រធានបទ​បី​សំខាន់ៗ​រួមមាន ៖ ទី​១. វិធីសាស្ត្រ​និង​យន្តការ​ផ្តល់ឱកាស​ដល់​យុវជន និង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ពួកគេ ដើម្បី​ចូលរួម​កិច្ចការងារ​សង្គម , ទី​២. ការពង្រឹង​សមាជិកភាព និង​អង្គការ​ចាត់តាំង និង ទី​៣. បញ្ហា​ប្រឈម​ចំពោះមុខ និង​ទិសដៅ​ការងារ ។

​ឯកឧត្តម ហ៊ុន ម៉ា​នី មានប្រសាសន៍​ទៀតថា ការពិភាក្សា​លើ​ប្រធានបទ​ទាំងអស់នេះ គឺជា​វេទិកា​នៃ​ការចែករំលែក​បទពិសោធ​ន៍ ការ​ប្រឈម ក៏ដូចជា​ដើម្បី​អនុញ្ញាត​ឲ្យ​រចនាសម្ព័ន្ធ​ចាត់តាំង​គ្រប់​កម្រិត ដែល​ចូលរួម​ក្នុង​ប្រជុំ អាចមាន​ធាតុ​ចូល​កាន់តែ​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ ដើម្បី​បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត​ដើម្បី​កម្ពុជា តទៅ​អនាគត ហើយ​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្នុង​រយៈពេល​៣​ថ្ងៃ ដោយបាន​ឯកភាព​រួមគ្នា គឺ​ទី​១. បន្ត​អនុវត្ត​នូវ​ស្មារតី​មហាសន្និបាត​លើក​ទី​៤ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជាសំខាន់ ផែនការ​យុទ្ធសាស្ត្រ ឆ្នាំ​២០១៨ -២០២៣ «​យុវជន​ក្នុង​បុព្វហេតុ​មាតុភូមិ​» ដើម្បី​ជាការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​២០៣០ និង​ចក្ខុវិស័យ ២០៥០ និង​ដើម្បី​រួមគ្នា​ទទួលខុសត្រូវ​អនាគត​ប្រទេស​កម្ពុ​ជាមួយ​ដែលមាន​ការអភិវឌ្ឍ ,​ទី​២. បន្ត​ពង្រឹង​អត្តសញ្ញាណ​, ពង្រឹង​សមាជិកភាព​ទាំង​បរិមាណ និង​គុណភាព​នៃ​រចនាសម្ព័ន្ធ​ទូទាំងប្រទេស និង​បន្ត​ពង្រីក​វិសាលភាព​ការងារ និង​កិត្យានុភាព​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា , ទី​៣.​បន្ត​សហការ​ជាមួយ​ក្រសួង ស្ថាប័នរដ្ឋ ឯកជន និង​អង្គការ​ជាតិ អន្តរជាតិ​នានា សិក្សា​ស្រាវជ្រាវ​អំពី​តម្រូវការ​ជាក់ស្តែង ដើម្បី​រៀបចំ​កម្មវិធី​ផ្តល់​វេទិកា និង​យុទ្ធនាការ​នានា ជំរុញ​ការចូលរួម​របស់​យុវជន​ក្នុង​សកម្មភាព​ការងារ​សង្គម និង​មនុស្សធម៌ និង​បង្កើត​កម្មវិធី​ដែលមាន​ភាព​ទាក់ទាញ​ប្រកបដោយ​ការ​ច្នែ​ប្រឌិត ជម្រុញ​សហគ្រិនភាព​យុវជន និង​ថ្នាក់ដឹកនាំ​ក្នុងការ​ប្រកួតប្រជែង​ក្នុង​បរិបទ​នៃ​បម្រែបម្រួល​ស្ថានភាព​សង្គម​ក្នុង​តំបន់ និង​ពិភពលោក ស្របតាម​ការអភិវឌ្ឍ​របស់​យុវជន​សម័យថ្មី និង ទី​៤. សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​បន្ត​សិក្សា​ស្វែងយល់​បន្ថែម​ពី​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​សហគម​ន៍ និង​មូលដ្ឋាន ដើម្បី​អាច​ពិនិត្យ​លទ្ធភាព​ក្នុងការ​ចូលរួមចំណែក​ផ្តល់​ដំណោះស្រាយ​តាម​លទ្ធភាព និង​សមត្ថភាព​ដែល​អាចធ្វើ​ទៅបាន ។

​ឯកឧត្តម ហ៊ុន ម៉ា​នី មានប្រសាសន៍​បន្ថែមទៀត​ថា ស្របពេល​ទៅនឹង​ដំណើរ​ការវិវត្ត​ឥតឈប់ឈរ​នៃ​ស្ថេរភាព​សង្គម នយោបាយ និង​សេដ្ឋកិច្ច​របស់​កម្ពុជា ការវិវត្ត​ចុងក្រោយ​បានបង្ហាញ​ឲ្យ​កាន់តែច្បាស់​ថា យុវជន​កាន់​តែមាន​តួនាទី​សំខាន់​ខ្លាំង​ឡើងៗ​នៅក្នុង​បរិបទ​សង្គម ក៏ដូចជា​បរិបទ​នយោបាយ ហើយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ឲ្យ​យុវជន​ចូលរួម​ក្នុង​កិច្ចការងារ​សង្គម និង​បាន​ទាក់ទាញ​យុវជន​អោយ​រក្សា​ជំហរ និង​គាំទ្រ​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នាពេល​បច្ចុប្បន្ន ជាពិសេស​ជម្រុញ​ការរួបរួម​គ្នា និង​ពួតដៃគ្នា​ក្នុងនាម​យុវជន​ខ្មែរ​ដែលជា​ធនធាន​ពោរពេញ​ដោយ​ចំណេះដឹង និង​សមត្ថភាព​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការជំរុញ​កម្ពុជា​ឱ្យ​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០ ។

​ឯកឧត្តម ហ៊ុន ម៉ា​នី បានបញ្ជាក់​ទៀតថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានសម្រេច​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​ដែល​ទទួលបាន​ការវាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ពី​សាធារណជន និង​ថ្នាក់ដឹកនាំ មិន​ថា​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​ថ្នាក់​ពិភពលោក ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ចូលរួម​ក្នុង​កិច្ចការងារ​ការពារ ថែរក្សា និង​លើកស្ទួយ​ការផ្សព្វផ្សាយ​វប្បធម៌ អរិយធម៌​ទៅដល់​យុវជន តាមរយៈ​ការដឹកនាំ​រៀបចំ​មហា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ការគៀងគរ​យុវជន និង​ប្រជាជន​ខ្មែរ​មក​រួមគ្នា​សម្រេច​ស្នាដៃ​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ដូចជា​ក្រមា​វែង​ជា​គេ​លើ​ពិភពលោក និង​ការទទួលបាន​មេដាយ និង​ពាន់រង្វាន់​អន្តរជាតិ​ជា​បន្តបន្ទាប់ ដែល​សមិទ្ធផល​ដែល​បាន​រៀបរាប់​ខាងលើ គឺ​កើតចេញពី​ការចូលរួម​របស់​សមា​ជិ​ក សមាជិកា​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ម្នាក់ៗ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ទឹកចិត្ត ហ៊ាន​លះបង់ កម្លាំងកាយ​ចិត្ត ។

​ឯកឧត្តម ហ៊ុន ម៉ា​នី បានបញ្ជាក់​បន្ថែមទៀត​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការងារ​សង្គម និង​មនុស្សធម៌ ក្នុងនោះ​រួមមាន ការបរិចាគ​ឈាម ការ​ចុះជួយ​ប្រជាជន​មូលដ្ឋាន​ដែល​ជួប​ការលំបាក ឬ​រង​ប៉ះពាល់​ដោយ​គ្រោះធម្មជាតិ​ផ្សេងៗ ការចូលរួម​សង្កេតការណ៍​ការបោះឆ្នោត និង​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ការគាំទ្រ​នូវ​គម្រោង ឬ​កម្មវិធី​ផ្សេងៗ​ដែល​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ ហើយ​ទន្ទឹមនឹងនោះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​នឹង​កំពុង​ជំរុញ​ឲ្យ​យុវជន​យកចិត្តទុកដាក់​លើ​ការសិក្សា និង ពង្រឹងសមត្ថភាព ហើយ​ត្រៀមខ្លួន​សម្រាប់​ការប្រឡង តាមរយៈ​ការរៀបចំ​នូវ​វគ្គ​បំប៉ន​ថ្នាក់​ទី​១២ ក្នុង​ទូទាំង​ខេត្ត​ក្រុង ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការចូលរួម​លើ​ការងារ​ពង្រឹង និង​លើកកម្ពស់​វិស័យ​អប់រំ​ក្នុងប្រទេស ៕​