វិស័យ​ឯកជន​នៅ​ខេត្តសៀមរាប អំពាវនាវ​រួមគ្នា សូម​ឲ្យ​បញ្ចុះតម្លៃ​សេវា​ស្នាក់នៅ ម្ហូបអាហារ ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ​

យោងតាម​ការអះអាង និង​ផ្សព្វផ្សាយ​រួមគ្នា រវាង​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ដែល​ហៅ​កាត់​ថា CATA , ក្លឹប​សមាគម​ប្រតិបត្តិ​ករ​ទេសចរណ៍​សៀមរាប ដែល​ហៅ​កាត់​ថា STC និង​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ក្នុងនាម​អាជ្ញាធរ​ខេត្តសៀមរាប នា​រសៀល​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានរួម​គ្នា​បង្ហាញ​អំពី​វិធីសាស្ត្រ និង​ការអំពាវនាវ ដើម្បី​បញ្ចុះតម្លៃ​សេវា​ធ្វើដំណើរ​តាម​ជើងហោះហើរ ម្ហូបអាហារ និង​សេវា​ស្នាក់នៅ ក្នុងឱកាស​ប្រារព្ធ​ពិធី​ថ្ងៃ​ពិសា​អុំ​បុក​សាមគ្គី​ថែ​សន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ និង ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប សំពះ​ព្រះ​ខែ ដែល​ប្រារព្ធ​ឡើង​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ ។​

​ការ​តម្លើងថ្លៃ​បន្ទប់​ស្នាក់នៅ​របស់​សណ្ឋាគារ ផ្ទះសំណាក់ និង​ការ​តម្លើងថ្លៃ​សេវាកម្ម​ផ្សេងៗ​មួយចំនួនទៀត នៅ​ក្នុងឱកាស​បុណ្យប្រពៃណី​ជាតិ​ផ្សេងៗ ដែល​ភ្ញៀវទេសចរ​មិន​ពេញចិត្ត​ហើយ​និយាយថា ជា​ទម្លាប់​ដ៏​អាក្រក់​មិនអាច​កែប្រែបាន​នោះ វា​នឹងត្រូវ​លាង​សម្អាត ឬក៏​អាច​និយាយបានថា ដែល​វា​ជា​ជម្ងឺ​ដ៏​រ៉ាំរ៉ៃ បំផ្លាញ​វិស័យ​ទេសចរណ៍​នោះ នឹងត្រូវ​ព្យាបាល​ឡើងវិញ តាមរយៈ​នៃ​ការចូលរួម​ដោយ​ស្ម័គ្រចិត្ត​របស់​វិស័យ​ឯកជន ជាមួយនឹង​វិធីសាស្ត្រ​ថ្មីៗ សម្រាប់ ។​

​បើ​យោងតាម​ការផ្សព្វផ្សាយ​នោះ ឆ្នាំនេះ ខេត្តសៀមរាប​មាន​គម្រោង​កម្មវិធី​កំសាន្ត​ជាច្រើន ហើយ​ជាពិសេស​នោះ​តាម​បណ្តា​សណ្ឋាគារ​មួយចំនួន ក៏មាន​បង្កើត​កម្មវិធី​ដើម្បី​បង្ករ​បរិយាកាស​សប្បាយ​រីករាយ​សម្រាប់​ភ្ញៀវ​កំសាន្ត និង​ស្វែងយល់​អំពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​ផងដែរ ។​

​គេ​សង្កេតឃើញថា ជា​រៀងរាល់ឆ្នាំ បើទោះបីជា​មានការ​អំពាវនាវ​ពី​សំណាក់​អាជ្ញាធរ​យ៉ាងណាក៏ដោយ ក៏​ស្ថានភាព​នៃ​ការ​តម្លើងថ្លៃ​សេវា​នានា នៅ​ក្នុងឱកាស​បុណ្យប្រពៃណី​ជាតិ មិនអាច​ទប់ស្កាត់បាន​នោះឡើយ ជាពិសេស សេវា​ធ្វើដំណើរ ម្ហូបអាហារ និង​សេវា​ស្នាក់នៅ ក៏ប៉ុន្តែ​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំ​ទុក​ឆ្នាំនេះ វិស័យ​ឯកជន​ដែល​ប្រតិបត្តិការ​នៅក្នុង​វិស័យ​ទេសចរណ៍​ដោយផ្ទាល់ បាន​ផ្តើមគំនិត រួមដៃគ្នា​ដើម្បី​វិស័យ​ទេសចរណ៍ ៕​