គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បើក​កិច្ចប្រជុំ​ស្តីពី​ការលើកកម្ពស់​កិច្ចការពារ​សន្តិសុខ សុខ​សុវត្ថិភាព និង សណ្តាប់ធ្នាប់​សាធារណៈ ក្នុងអំឡុងពេល​នៃ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ខេត្តសៀមរាប​

កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប មាន​កិច្ចប្រជុំ​មួយ ស្តីពី​ការលើកកម្ពស់​កិច្ចការពារ​សន្តិសុខ សុខ​សុវត្ថិភាព និង សណ្តាប់ធ្នាប់​សាធារណៈ ក្នុងអំឡុងពេល​នៃ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​លោកស្រី​ជា​គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត យោធភូមិភាគ​ទី​៤ និង គណៈ​អភិបាលក្រុង​សៀមរាប ។

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ចាប់ពី​ថ្ងៃទី​១២​ដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ ឆ្នាំ​២០១៩ ដែល​រៀបចំ​ធ្វើឡើង​នៅក្នុង​ខេត្តសៀមរាប ដោយមាន​វត្តមាន​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា និង ព្រមទាំង​ថ្នាក់ដឹកនាំ​ជា​គណៈប្រតិភូ និង​អ្នកសារព័ត៌មាន មកពី​ប្រទេស​ចំនួន​ជាង​៤០​ប្រទេស ហើយ​ពិធី​បើក​សន្និសីទ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀតថា ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សុខ​សុវត្ថិភាព និង សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ជូន​ថ្នាក់ដឹកនាំ​និង​គណៈប្រតិភូ​ជាតិ អន្តរជាតិ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​អង្គ​ស​ន្និសិទ​នេះ សូម​ឲ្យ​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ និង មន្ទីរ អង្គភាព ស្ថាប័ន​ពាក់​ព័​ន្ឋ ទាំងអស់​ក្នុង​ខេត្ត ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់់​បន្ថែមទៀត ដោយ​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប វិធាន​ការសរុប ប្រមូលផ្តុំ​កម្លាំង ដើម្បី​ត្រៀម​ប្រចាំការ និង​ចេញ​អន្តរាគមន៍​នៅតាម​គោលដៅ ជាពិសេស ត្រូវ​សហការគ្នា​ឲ្យ​បានល្អ នៅតាម​បណ្តា​គោលដៅ​និ​មួយៗ​ក្នុងភូមិ​សាស្ត្រ​ដែល​ទទួលខុសត្រូវ ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព នូវ​ករណី​អសន្តិសុខ​ដែល​កើតឡើង​ជាយថាហេតុ ។

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​បន្ថែមទៀត​ថា ជាមួយ គ្នា​នេះ ក៏ត្រូវ​បង្កើន​នូវ​កិ​ចក​ច​ការពារ​និង ធានា​ឱ្យបាន​នូវ​សន្តិសុខ និង សុវត្ថិភាព ជូន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​ទូទៅ ដែល​បាន​ចូលមក​ទស្សនា​នៅក្នុង​ខេត្តសៀមរាប​ផងដែរ ព្រោះថា ខេត្តសៀមរាប ជា​ខេត្ត​គោលដៅ​ទេសចរណ៍​មួយ​យ៉ាងសំខាន់​របស់​កម្ពុជា​យើង ដូច្នេះ ការរក្សា​ឱ្យបាន​នូវ​ស្ថេរភាព សន្តិសុខ សុ​វត្តិភាព និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ គឺជា​កិច្ចការ​មួយ​យ៉ាងសំខាន់​ណាស់ ព្រោះ​វា​ជា​មុខមាត់​ខេត្ត​ទេសចរណ៍​ផង និង​ជា​កិត្តិយស​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ទាំងមូល​ផងដែរ ៕​