ថ្នាក់ដឹកនាំ​ខេត្ត​ចុះ​បិទ​អត្តសញ្ញាណ​រថយន្ដ​អ្នករត់​តាក់ស៊ី និង​រថយន្ដឈ្នួល​គ្រប់​ប្រភេទ ក្នុង​ខេត្តសៀមរាប​

នា​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ចុះ​បិទ​អត្តសញ្ញាណ​រថយន្ដ​អ្នករត់​តាក់ស៊ី និង​រថយន្ដឈ្នួល​គ្រប់​ប្រភេទ​ក្នុង​ខេត្តសៀមរាប ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ភ្ញៀវ​ជាតិ អន្តរជាតិ នៅក្នុង​អំឡុងពេល​កំពុង​ធ្វើដំណើរ ។

​ជាមួយនឹង​កា​ចុះ​បិទ​អត្តសញ្ញាណ​នេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​ណែនាំ​ដល់​បងប្អូន​ដែលជា​អ្នក​ប្រកប​របប​នេះ​ថា ការកំណត់​របៀបនេះ គឺមាន​ភាពងាយស្រួល​ដ​ល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងការ​គ្រប់គ្រង ជាពិសេស​ងាយស្រួល​ដល់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​បាន​ស្គាល់​អត្តសញ្ញាណ​ផងដែរ ហើយ​នៅពេល​បើកបរ​ដឹក​ភ្ញៀវទេសចរ យើង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ចេះ​មានការ​អធ្យាស្រ័យ និង​មានការ​យោគយល់​ខ្ពស់​ឱ្យ​គ្នា​ទៅវិញទៅមក​ក្នុង​ពរល​បើកបរ ៕​