មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ប្តេជ្ញា​អនុវត្ត​តាម​គោល​ការ​ថ្នាក់​ជាតិ​លុបបំបាត់​ការឆ្លង​ថ្មី​មេរោគ​អេដស៍​នៅ​ឆ្នាំ​២០២៥

លោក អឿន សា​អែម ប្រធាន​កម្មវិធី​ប្រយុទ្ធ​និង​ជំងឺអេដស៍ កាមរោគ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​លើកឡើង​ថា​អនុវត្ត​តាម​គោល​ការ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​និង​ជំងឺអេដស៍ ដើម្បី​លុបបំបាត់បាន​អត្រា​ឆ្លង​ថ្មី​នៃ​មេរោគ​អ​ដេស៍​នៅក្នុង​ឆ្នាំ​២០២៥​ខាងមុខនេះ មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ធ្វើការ អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​វិទ្យុ ទូរទស្សន៍ ផ្ទាំង​ប៉ាន់​ណូ និង​ចុះ​តាម​សហគមន៍ ជាពិសេស​ជាមួយ​ក្រុម​ប្រឈម​មុខ​ខ្ពស់ ដូច​ជា​ស្ត្រី​ធ្វើការ​តាម​សេវា​កំសាន្ត ក្រុម​បុរស​ស្រឡាញ់​បុរស និង​ក្រុម​ប្រើប្រាស់​គ្រឿងញៀន​តាម​រយៈ​ការចាក់ម្ចុល​ជាដើម ដោយ​បាន​អប់រំ​ណែនាំ​និង​ផ្តល់​ស្រោមអនាម័យ ក៏ដូចជា​ឱសថ​ប្រឆាំង​និង​មេ​អេដស៍​ដល់​ពួកគាត់​។​លោក​អឿន សា​អែម ប្រធាន​កម្មវិធី​ប្រយុទ្ធ​និង​មេរោគ​អេដស៍​បាន​លើកឡើង​បែប​នេះ នៅ​ពេល​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​សន្ទនា​មតិ​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​ខែ​កុម្ភៈ​នេះ​។

​លោក អឿន សា​អែម បាន​បន្តថា នៅក្នុង​ខេត្ត​សៀមរាប​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​៤៥៨៦​នាក់ កំពុង​ទទួល​បាន​ការ​ថែទាំ​និង​ព្យាបាល​ជំងឺ​ពី​មូលដ្ឋាន​សុខាភិបាល ដែល​រហូត​មកដល់​ឆ្នាំ​២០១៨​កន្លងទៅ​នេះ​អត្រា​ឆ្លង​មេរោគ​អេដស៍​បាន​ធ្លាក់ចុះ​មក​នៅត្រឹម​០.៦​ភាគរយ ខណៈ​ដែល​ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ប្រមាណ​ជា​៧០០០០​នាក់​។​លោក​បន្ត​ថា​ដែល​នៅ​ឆ្នាំ​១៩៩៨​អត្រា​ឆ្លង​ក្នុង​មួយ​ថ្ងៃ​មាន​ជិត​១០០​នាក់ តែ​បច្ចុប្បន្ន​នៅសល់​តែ​មួយ​ថ្ងៃ​មិន​ដល់​ពីរ​នាក់​នោះ​ទេ ដែល​អត្រា​នេះ​បង្ហាញថា និង​សម្រច​បាន​តាម​គោលការ​ដែល​បាន​គ្រោងទុក​។

​លោក អឿន សា​អែម ប្រធាន​កម្មវិធី​ប្រយុទ្ធ​និង​ជំងឺអេដស៍ កាមរោគ បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ​បើសិនជា​មាន​ញាតិ​មិត្ត ដែល​សង្ស័យ​ថា​មាន​ផ្ទុក​មេរោគ​អេដស៍ សូម​គាំទ្រ​និង​លើកទឹកចិត្ត​ឲ្យ​ពួកគាត់​មក​ធ្វើតេស្ត​ឈាម នៅ​មូលដ្ឋាន​សុខាភិបាល​ដែល​នៅ​ជិត ឬ​មន្ទីរពេទ្យបង្អែក​ចំនួន​បួន​ដែល​កំពុង​ផ្តល់​ការថែទាំ​អ្នក​ផ្ទុកមេរោគ​អេដស៍ ដូចជា​៖​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មន្ទីរពេទ្យ​កុមារ​អង្គរ សម្រាប់​ព្យាបាល​កុមារ​អាយុ​ចាប់ពី​១៤​ឆ្នាំ​ចុះក្រោម មន្ទីរពេទ្យបង្អែក​សូទ្រនិគម និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់​៕

 

អត្ថ​បទ​៖​ ​អ្នក​នាង​ ធៀង ស្រីមុំ​