​បើ​ពលរដ្ឋ​នៅ​តែ​ជួប​បុគ្គលិក​ពេទ្យ​ណា​មួយ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​មិន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ​នោះ​សូម​រាយការណ៍​ជា​បន្ទាន់​


លោក ប៉ែន ផល​គុណ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មានប្រសាសន៍ថា លោក​ពិតជា​ទទួល​ស្គាល់​ថា បុគ្គលិក​ពេទ្យ​ខ្លះ​ពិតជា​ប្រើ​ពាក្យសម្តី​មិន​ល្អ​ដាក់​អ្នកជំងឺ តែ​ទោះជា​យ៉ាងណា​រហូតមក​ទល់​សព្វ​ថ្ងៃ​បញ្ហា​ទាំងនេះ​មានការ​កាត់បន្ថយ​បាន​ច្រើន​ហើយ​ដែរ​។ ដូច្នេះ​ដើម្បីឲ្យ​ការផ្តល់​សេវា​សុខភាព​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កាន់តែ​មាន​គុណភាព និង​ប្រសិទ្ធភាព​នោះ លោក​សូម​ឲ្យ​ពលរដ្ឋក៏​ត្រូវ​តែ​ចូល​រួម សហការ​ជាមួយ​ខាង​លោក ដោយ​មាន​ការរាយការណ៍​ផ្ទាល់​នៅ​ការិយាល័យ​មន្ទីរពេទ្យបង្អែក​ខេត្ត​ផងដែរ​។​
Clip: (​ការរើសអើង និង​មិន​យកចិត្តទុកដាក់​នេះ​បានលឺ​ហើយ​មិន​តែ​ចំពោះ​អង្គភាព​ខ្ញុំ​ផ្ទាល់​ទេ អង្គភាព​ផ្សេងៗ​ក៏​បាន​ទទួល​ដែរ ហើយ​ក្នុង​នាម​ថ្នាក់ដឹកនាំ​យើង​តែង​ធ្វើ​ការអប់រំ​ណែនាំ​ទទួលយក​ការរិះគន់​ដោយ​ធ្វើការ​កែលម្អរ​។ បើ​ធ្វើ​ការប្រៀបធៀប​ពី​កន្លងមក​មាន​ការថយចុះ​ហើយ តែ​យើង​នៅតែ​បន្ត​ការខិតខំ​ប្រឹងប្រែង​តទៅទៀត ដើម្បី​ធានា​ថា​ទាំង​អ្នក​មាន​លទ្ធភាព​បង់​សេវា​និង​មិន​មាន​លទ្ធភាព​គួរតែ​ទទួល​បាន​សេវា​ប្រហាក់ប្រហែលគ្នា​។ ជា​យន្តការ​ចំពោះ​អ្នកជំងឺ​ក្រីក្រ​ដែល​គាត់​គាំទ្រ​ដោយ​គម្រោង​មូលនិធិ​សមធម៌​គឺ យើង​មាន​មន្ត្រី​មូលនិធិ​សមធម៌​ប្រចាំការ​ក្នុង​មន្ទីរពេទ្យ​ដែល​ជា​ភាគី​ទី​៣ សម្រាប់​តស៊ូ​មតិ​ជូន​គាត់ ពេល​ដែល​គាត់​សំណូមពរ ឬ​ការ​ខ្វាយខ្វល់​មិន​យកចិត្តទុកដាក់​មានកា​រ​រើសអើង​។ មន្ទីរពេទ្យ​ស្វាគមន៍​ជានិច្ច​សាច់ញាត្តិ​បងប្អូនឬ​អ្នកជំងឺ​ផ្ទាល់ ដើម្បី​ចូល​ក្នុង​ការិយាល័យ​មន្ទី​រ​ពេទ្យ​ដើម្បី​ផ្តល់​សំណួរ​ស្រាយ​បំភ្លឺ ផ្តល់​ព័ត៌មាន​មួយ​ចំនួន​អំពី​ភាព​អសកម្ម​របស់​មន្ទីរពេទ្យ អ្វី​ដែល​យើង​ចង់​បាន​គឺ​របៀប​ហ្នឹង​។​)

​លោក ប៉ែន ផល​គុណ បាន​បញ្ជាក់​ក្នុង​កម្មវិធី​សន្ទនា​មតិ​នៅ​ថ្ងៃទី​១៣ ខែកញ្ញា​នេះ​ទៀតថា តាំងពី​ឆ្នាំ​២០០៥ រហូតមកដល់​ឆ្នាំ​២០១៨​នេះ ដោយ​មាន​ការសហការ​ពី​អ្នកពាក់ព័ន្ធ គឺ​ខាង​លោក​បាន​ធ្វើ​កិច្ចសន្យា​ក្នុង​មួយ​ឆ្នាំ​ម្តង​ដល់​បុគ្គលិក​ពេទ្យ​នៅ​មន្ទីរពេទ្យ​របស់​លោ​ករួ​ច​ហើយ​ដែរ តែបើ​បុគ្គលិក​ពេទ្យ​ណាមួយ​មិន​គោរព​តាម​ការណែនាំ​ដោយ​ប្រាស់ចាក​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ​នោះ លោក​និង​មាន​វិធានការ​រដ្ឋបាល​តែម្តង​។ ចំពោះ​ការទំនាក់ទំនង​របស់​ពលរដ្ឋ​លើ​បញ្ហា​នេះ គឺ​អាច​ទូរស័ព្ទ​មក​លោក​ផ្ទាល់​ក៏បាន​៖ ០១២ ៦៣០ ៣៩៩ ៕

 

អត្ថ​បទ​ព័ត៌មាន​ដោយ​៖​ អ្នក​នាង​ ស៊ូ​ រក្សា