មន្ត្រី​នគរបាល​ចរាច​រណ៍​ផ្លូវគោក​ខេត្ត បង្ហាញ​ពី​មូលហេតុ​ចំបង​ដែល​តម្រូវឲ្យ​មាន​អាវកា​ក់សម្គាល់ដ​ល់អ្ន​ក​បើកបរ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ភ្ញៀវ​

លោក​វរៈសេនីយ៍ត្រី ស៊ិន កុសល នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មានប្រសាសន៍ថា មូលហេតុ​ចំបង​ដែល​តម្រូវឲ្យ​អ្នកបើកបរ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ភ្ញៀវ​ត្រូវមាន​អាវកាក់​គ្រប់ៗ​គ្នា ដើម្បី​បញ្ជាក់ អត្តសញ្ញាណ​ឬ​លេខ​សំគាល់ និង​ផ្តល់​លក្ខណៈ​ងាយស្រួល​ដល់​សមត្ថកិច្ច​គ្រប់​ផ្នែក​តាម​គោលដៅ​ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច ចៀសវាង​បាន​នូវ​ភាព​រញ៉េរញ៉ៃ​ឥត​សណ្តាប់ធ្នាប់ និង​ធ្វើឲ្យ​ភ្ញៀវទេសចរណ៍​មានទំ​នុក​ចិត្ត​ខ្ពស់ នេះ​ជា​ការ​លើ​ឡើង​លោក​វរៈសេនីយ៍ត្រី ស៊ិន កុសល នៅ​ក្នុង​កិច្ចសម្ភាសន៍ កម្មវិធី​រួមគ្នា​ដើម្បី​សង្គម​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​។ លោក នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​អ្នក​ប្រកប​របរ​ដឹក​ភ្ញៀវ​តាម​ម៉ូតូ​រ៉ឺម៉ក​គ្រប់​ប្រភេទ ដែល​មិន​ទាន់​ទទួលបាន​អាវកាក់​សម្រាប់​សម្គាល់​អត្តសញ្ញាណ សូម​រួសរាន់​ទៅ​ធ្វើ​ឲ្យបាន​គ្រប់ៗ​គ្នា ព្រោះថា​នៅពេល​ខាងមុខ​នេះ មន្ត្រី​នគរបាល​ចរាច​រណ៍​ខេត្ត និង​សហការ​ជាមួយ​អង្គភាព​មាន សមត្ថកិច្ច​ពាក់ព័ន្ឋ នឹង​ធ្វើ​ការត្រួតពិនិត្យ នឹង​អាច​ឈាន​ដល់​ការ​ផាកពិន័យ​ផងដែរ​។

​លោក​វរៈសេនីយ៍ត្រី ស៊ិន កុសល បាន​បញ្ជាក់ទៀតថា ទីតាំង​ផ្តល់​សេវា ធ្វើ​អាវកាក់​សម្គាល់​អត្តសញ្ញាណ​នេះ មាន​នៅ​សាលាក្រុង​សៀមរាប ហើយ​ចំពោះ​ឯកសារ​ពាក់ព័ន្ធ​ដែល​ត្រូវ​ភ្ជាប់​ជាមួយ​នៅ ៖ អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់នៅ ឬក៏​សៀវភៅ​គ្រួសារ​៕

 

អត្ថ​បទ​៖​ អ្នក​នាង​ ស៊ូ​ រក្សា