គុណភាព​នៃ​ការផ្តល់​សេវា​សុខាភិបាល​នៅ​មណ្ឌល​សុខភាព​ចារ​ឈូក​ ស្រុក​អង្គរជុំ​


កម្មវិធី​សន្ទនា​មតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក មាស ដា​រ៉ា ប្រធាន​មណ្ឌល​សុខភាព​ចារ​ឈូក មានប្រសាសន៍ថា បើទោះបីជា​ការផ្តល់សេវា​សុខភាព​នៅ​ទីនេះ​មាន​គុណភាព​យ៉ាងណាក្តី ក៏​លោក​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដទៃទៀត​នៅ​តែ​បន្ត​ការយកចិត្តទុកដាក់​ក្នុង​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ធ្វើ​យ៉ាងណាឲ្យ​ការផ្តល់​សេវា​សុខភាព​នេះ​កាន់តែ​មាន​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​។ ដោយ​លោក​បាន​បង្កើត​គោលការណ៍ និង​វិធានកា​រទាំង​ការប្រជុំ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពី​បញ្ហា​សុខភាព​ផងដែរ​។​
Clip: (​យើង​តែង​មាន​គោលការណ៍​ល្អៗ​ថ្មីៗ​ហើយ​គោលការណ៍​នោះ​ផ្អែកទៅលើ​គោលការណ៍​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​និង​ការផ្តល់​សេវា​សុខភាព ដឹង​ស្រាប់​ហើយ​នៅ​មណ្ឌល​សុខភាព​យើង​MPA ប៉ុន្តែ​យើង​ខំ​ប្រឹង​ធ្វើ​កិច្ច​ការងារ​ការពា​របា​ទ​យើង​ឲ្យ​ពលរដ្ឋ​យើង​ចូលរួម​ការ​សម្រាលកូន​ទីនោះ ពិនិត្យ​ផ្ទៃពោះ ពន្យា​កំណើត​ទទួល​សេវា​ធ្វើ​ម៉េច​ការអប់រំ​នោះ​ឲ្យ​ការទទួលយក​បាន​ដើម្បីឲ្យ​ប្រជាជន​មាន​សុខភាព​ល្អ​ទាំង​មនុស្សពេញវ័យ កុមារ មនុស្ស​ធំ ជា​ពិសេស​កុមារ​បាទ​យើង​យកចិត្តទុកដាក់​កុមារ​និង​ស្ត្រី ហើយ​ជំងឺឆ្លង ជំងឺមិនឆ្លង​ក៏​យើង​យកចិត្តទុកដាក់ ហើយ​យើង​មាន​វិធានការ​ធ្វើ​ម៉េច​ឲ្យ​កាន់តែ​ប្រសើ​ឡើង​ថែម​ទៀត​តាមរយៈ​ការអភិវឌ្ឍន៍​ខ្លួន​យើង​ឲ្យស្រប​ទៅនិងប​ច្ចេក​វិជ្ជាគេ​។​)

​លោក ប្រធាន​មណ្ឌល​សុខភាព​ចារ​ឈូក បាន​លើកឡើង​បែប​នេះ បន្ទាប់ពី​មាន​ពលរដ្ឋ​ក្នុង​ឃុំ​ចារ​ឈូក​បាន​បង្ហាញ​ពី​ការពេញចិត្ត​និង​សប្បាយ​ចិត្ត​ក្នុង​ការ​មក​ទទួល​សេវា​សុខភាព​នៅ​មណ្ឌល​សុខភាព​ចារ​ឈូក ពីព្រោះ​ការផ្តល់សេវា​មាន​គុណភាព និង​ប្រសិទ្ធភាព​។ ពលរដ្ឋ​នៅក្នុង​ឃុំ​មួយ​នេះ​ក៏​នៅ​តែ​ទទូច​ឲ្យ​មន្ត្រី​សុខាភិបាល​នៅ​តែ​រក្សា និង​បន្ត​ការយ​កិ​ចិត្ត​ទុកដាក់​បែប​នេះ​រហូត ដើម្បី​ឲ្យ​ការផ្តល់​សេវា​សុខភាព​នេះ​កាន់តែ​មាន​គុណភាព​ខ្ពស់​។​
Clip: (​ខ្ញុំ​ទៅ​មិនដែល​ឃើញ​អាក្រក់​សម្តី​គេ​តែ​ល្អ គេ​ទាក់ទង​ចេះ​យើង​សប្បាយ​។ ព្រលឹម​ឡើង​ចេញ​ធ្វើ​ការដឹង​តែ​លឿន​គេ​ដើរ​មើល​តាម​គ្រែ​លេខ​ប៉ុន្មាន​អី​ជាដើម បាទ​គេ​យកចិត្តទុកដាក់​បានល្អ​ណាស់​សព្វថ្ងៃ​។ បាទ​ខ្ញុំ​ចង់ឲ្យ​គេ​ល្អ​អញ្ចេះ​រហូត ដើម្បី​ពលរដ្ឋ​ឈឺ​យប់​ព្រលប់​អាច​ទទួល​យើង​យប់​ព្រលប់​អី​ស្រួល សព្វថ្ងៃ​ម៉ោង​១ ម៉ោង​២ ម៉ោង​៣ យប់ ដាស់​គេ គេ​ក៏​ស្រួល​ដែរ​។​)

 

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨​កន្លងមកនេះ ក្នុង​សន្និបាត​សុខាភិបាល​លើក​ទី​៣៩ ក្នុង​នោះ​មណ្ឌល​សុខភាព​ដែល​ទទួលបាន​នូវ​ការលើកសរសើរ​និង​ទទួល​រង្វាន់​ក្នុង​ចំណាត់​ថ្នាក់​ជាតិ​៖
១. លេខ​១ គឺ​មណ្ឌល​សុខភាព​ចារ​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប ទទួលបាន​ពានរង្វាន់ ប័ណ្ណសរសើរ និង​ទូរទស្សន៍​១​គ្រឿង​
២. លេខ​២ គឺ​មណ្ឌល​សុខភាព បួ​រ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ទទួលបាន​ប័ណ្ណសរសើរ និង​ទូរទស្សន៍​១​គ្រឿង​
៣. លេខ​៣ គឺ​មណ្ឌល​សុខភាព ភិ​ចុង ស្រុក​បរ​កែវ ខេត្ត​រតនគីរី ទទួលបាន​ប័ណ្ណសរសើរ និង​ទូរទស្សន៍​១​គ្រឿង​
៤. លេខ​៤ គឺ​មណ្ឌល​សុខភាព បឹង​បត់​កណ្តោល ស្រុក​បាកាន ខេត្ត​ពោធិសាត់ ទទួលបាន​ប័ណ្ណសរសើរ និង​ទូរទស្សន៍​១​គ្រឿង​
៥. លេខ​៥ គឺ​មណ្ឌល​សុខភាព ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ទទួលបាន​ប័ណ្ណសរសើរ និង​ទូរទស្សន៍​១​គ្រឿង ៕

 

អត្ថ​បទ​ព័ត៌មាន​ដោយ​៖​ អ្នក​នាង​ ស៊ូ​ រក្សា

​ ​