ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន៖​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​អនុវត្ត​កម្មវិធី​កែទម្រង់​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី​៣

ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា កម្មវិធី​កែទម្រង់​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី​៣ ក្រសួង​ព័ត៌មាន​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ដែល​មិន​ត្រឹមតែ​ជា​អ្នកចូលរួម​អនុវត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​តួអង្គ​គន្លឹះ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ភាពជា​ម្ចាស់ ព្រោះ​ចក្ខុវិស័យ​រយៈពេល​វែង នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺ​ត្រូវ​ឆ្លងកាត់ និង​កសាង​ឲ្យបាន​មូលដ្ឋានគ្រឹះ​ធំៗ​ចំនួន​៤ គឺ​ការកសាង​ភាពជឿ​ទុកចិត្ត ការបង្កើត​គណនេយ្យភាព​ហិរញ្ញវត្ថុ ការផ្សារភ្ជាប់​ថវិកា​ទៅនឹង​គោលនយោបាយ គឺ​ការបង្កើត​គណនេយ្យ​ចំពោះ​សមិទ្ធកម្ម ។

​ឯកឧត្តម ថាច់ ផែន បាន​លើក​ឡើង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​បើក​ឲ្យ​ដំណើរកា​រសិក្ខា​សាលា​ផ្សព្វផ្សាយ ស្តីពី​ថវិកា កម្មវិធី​និង​ប្លង់​គណនេយ្យ​ថ្មី នា​ព្រឹក​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​៣​ថ្ងៃ នៅ​ក្រុង​សៀមរាប ។

​ឯកឧត្តម ថាច់ ផែន បាន​បញ្ជាក់ទៀតថា គោលបំណង​នៃ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា គឺ​ដើម្បី​ផ្សាភ្ជាប់​ថវិកា​ទៅនឹង​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល បង្កើន​សុក្រឹតភាព​ក្នុង​ការ​គណនា​តម្រូវកា​រ​ថវិកា និង​ជា​មូលដ្ឋាន​វាយតម្លៃ​លើ​អាទិភាព​ក្នុង​ការកំណត់​កញ្ចប់​និង​ការវិភាជន៍​ផងដែរ ខណៈ​ដែល​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​អនុវត្តន៍​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០០៤ ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ហើយ​ការរៀបចំ​ថវិកា​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ និង​កំពុង​ដើរតួនាទី​យ៉ាង​សកម្ម នៅ​ក្នុង​ការធានា​ឲ្យបាន​នូវ​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង និង​ប្រើប្រាស់​ធនធាន​សាធារណៈ ដើម្បី​សម្រេច​ឲ្យបាន​នូវ​គោលបំណង​នៃ​គោលនយោបាយ​នានា ដែល​បាន​រំលេច​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ៕

 

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​