យុវជន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចុះ​អប់រំ​អំពី​ការពាក់​មួកសុវត្ថិភាព​និង​ចែក​ខិតប័ណ្ណ (​ពិការភាព​)​ដល់​សិស្សានុសិស្ស​តាម​ថ្នាក់រៀន​នៅ​វិទ្យាល័យ​អង្គរ​

​នៅ​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩ យុវជន​សាខា​កាកបាទក្រហមកម្ពុជា​វិទ្យាល័យ​អង្គរ ចំនួន ១៨​នាក់ ក្នុងនោះ​ស្រី​ចំនួន​១២ នាក់ ដោយមាន​ការចូលរួម​ពី​មន្ត្រី​គម្រោង​យុវជន​កាកបាទក្រហម​កម្ពុជា និង​សុវត្ថិភាព​ចរាចរណ៍ នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ក្រោម​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា បាន​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍ ការពាក់​មួកសុវត្ថិភាព​អោយបាន​ត្រឹមត្រូវ ក្នុងពេល​បន្ទាប់ពី​សិស្សានុសិស្ស​ជាង ៤.០០០​នាក់ គោរព​ទង់ជាតិ​រួច និង​ចុះ​ផ្សព្វផ្សាយ​តាម​ថ្នាក់រៀន ស្តី​ហា​នី​ភ័យ​នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង បើកបរ​មិន​ពាក់មួក​សុវត្ថិភាព ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​អត្រា​ស្លាប់ របួស ពិការ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ របៀប​ឆ្លងផ្លូវ​ដោយ​សុវត្ថិភាព ហើយ​មាន​ចែក​ខិតប័ណ្ណ​សុវត្ថិភាព​ចរាចរណ៍ ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍ ចែក​ខិតប័ណ្ណ​ស្តីពី​ស្លាក​សញ្ញា​ចរាចរណ៍​សំខាន់ៗ សារ​សុវត្ថិភាព ថ្ងៃនេះ​ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ស្ទិ​ក​ខ័​រ​ចំណាំងផ្លាត​ជនពិការ ។​

​លោកស្រី សំ សា​វ៉ាង មន្ត្រី​គម្រោង​សុ​វត្ថ​ភាព​ចរាចរណ៍ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានឱ្យដឹងថា​៖​បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​បញ្ហា​ប្រឈម​ដ៍​ធំ​របស់​ប្រទេស​កម្ពុជា វា​បានសម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ បានធ្វើឱ្យ​បាត់បង់​ធនធានមនុស្ស បន្សល់ទុក​នូវ​កុមារ​កំព្រា ស្ត្រី មេ​មា​យ ជនពិការ ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេសជាតិ និង​ខូចខាត​សណ្តាប់ធ្នាប់​សង្គម គឺ​បណ្តាលមកពី​អ្នកប្រើប្រាស់​ផ្លូវ​មិន​គោរព​ច្បាប់​ចរាចរណ៍​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បើកបរ​ហួស​ល្បឿន​កំណត់ និង​មិន​ពាក់ មួកសុវត្ថិភាព នៅពេល​ធ្វើដំណើរ​។​

​លោក លី វណ្ណៈ នាយក​វិទ្យាល័យ​អង្គរ បាន​មានប្រសាសន៍ថា គណៈ​គ្រប់គ្រង​សាលា តែងតែ​យកចិត្តទុកដាក់​គិតគូ​ពី​សុវត្ថិភាព​ដល់​សិស្ស​ទាំងអស់​នៅពេល​មក​រៀន និង​ពេល​ចេញពី​រៀន ដោយបាន​ធ្វើការ​អប់រំ​ណែនាំ​ជា​ញឹកញាប់​នៅពេល​សិស្ស​ជួបជុំគ្នា​គោរព​ទង់ជាតិ និង​តែងតែបាន​សហការ​ជាមួយ​មន្ត្រី​ចរាចរណ៍​ផ្លូវគោក អាជ្ញាធរ​មូលដ្ឋាន​និង​យុវជន​កាកបាទក្រហម​ខេត្ត ដើម្បី​ជួយ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ អំពី​សុវត្ថិភាព​ចរាចរណ៍ និង​ការពាក់​មួកសុវត្ថិភាព​នៅពេល​បើកបរ ដើម្បីឱ្យ​ប្អូនៗ​សិស្សានុសិស្ស​យល់ដឹង​កាន់តែច្បាស់​ពី​មូលហេតុ​បណ្តាលឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​។​

 

​លោក លី វណ្ណៈ មានប្រសាសន៍​បន្ថែមថា តាម​ការកត់សម្គាល់​ថ្វីបើ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ សិស្ស​នៅ​វិទ្យាល័យ​នេះ​មិនមាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្តី តែ​យើង​ក៏​នៅតែ​បារម្ភ និង​ពង្រឹង​ការអប់រំ ក្រើនរំលឹក​ពួកគាត់​ជានិច្ច ឱ្យមាន​ស្មារតី​ប្រុងប្រយ័ត្ន និង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​គ្រប់ៗ​គ្នា ដូច្នេះ​តាមរយៈ​នេះ សំណូមពរ​ដល់​អ្នកបើក​បរ​យានយន្ត​គ្រប់​ប្រភេទ ពេលមកដល់​ជិត​សាលា សូមមេត្តា​បន្ថយល្បឿន​ផង ដើម្បី​រួមគ្នា​កាត់បន្ថយ​ការស្លាប់​និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ៕​