កំណែទម្រង់​វិស័យ​សំខាន់ៗ​បី ប្រចាំឆ្នាំ​២០១៦

​​គំនិត​ផ្តួចផ្តើម​ចងក្រង​បញ្ជី​កំណែទម្រង់​នេះ​បាន​ជ្រើសរើស​យក​កំណែទម្រង់​ចំនួន​បី​នៅក្នុង​វិស័យ​អប់រំ ហិរញ្ញវត្ថុ និង​គុណភាព​ទឹក​ស្អាត​ជា​កំណែទម្រង់​សំខាន់​ដែល​មាន​សក្តានុពល​បំផុត​ប្រចាំឆ្នាំ​២០១៦​។

គំនិត​ផ្តួចផ្តើម​ចងក្រង​បញ្ជី​កំណែទម្រង់​បាន​វាយតម្លៃ​លើ​កំណែទម្រង់​ដែល​កើតឡើង​នៅក្នុង​ក្រសួង​ចំនួន ១៧ ក្នុង​ឆ្នាំ ២០១៦​។ ដំណើរការ​នៃ​ការជ្រើសរើស​កំណែទម្រង់​នេះ​ចាប់ផ្តើម​ដោយ​ក្រុមការងារ​របស់ គ​.​ច​.​ប បាន​ធ្វើ​ការស្រាវជ្រាវរ​ក​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​កំណែទម្រង់​បន្ទាប់​មក​ពិភាក្សា​ជាមួយ​មន្ត្រី​បច្ចេកទេស​តាម​ក្រសួង​នានា​មុននឹង​បញ្ជូន​លទ្ធផល​នៃ​ការស្រាវជ្រាវ​ទៅ​ក្រុមប្រឹក្សា​យោបល់​របស់ គ​.​ច​.​ប​។​
​ក្រុមប្រឹក្សា​យោបល់​របស់ គ​.​ច​.​ប គឺ​ជា​អ្នកជំនាញ​លើ​វិស័យ​ចំនួន​បី​ដែល​រួមមាន​វិស័យ​សង្គមកិច្ច វិស័យ​រដ្ឋបាល​សាធារណៈ និង​វិស័យ​សេដ្ឋកិច្ច​។ ក្រុមប្រឹក្សា​យោបល់​នេះ​ជា​អ្នក​ដែល​ពិនិត្យ​ឡើងវិញ​នូវ​បញ្ជី​កំណែទម្រង់ និង​ធ្វើការ​ជ្រើសរើស​កំណែទម្រង់​សំខាន់ៗ​ប្រចាំឆ្នាំ​។​

​គំនិត​ផ្តួចផ្តើម​ចងក្រង​បញ្ជី​កំណែទម្រង់​ត្រូវបាន​ផ្តួចផ្តើម​ឡើង​កាលពី​ឆ្នាំ ២០១៥ ដោយ​អង្គការ​មូលនិធិ​អាស៊ី​ដើម្បី​ពង្រីក​ការយល់ដឹង​របស់​សាធារណជន​អំពី​កំណែទម្រង់​ដែល​មាន​សក្តានុពល​ធ្វើឲ្យ​សេវា​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាពប្រសើរឡើង​។ បញ្ជី​កំណែទម្រង់​ដែល​បាន​ចងក្រង​ដោយ គ​.​ច​.​ប អាច​រក​បាន​នៅ​លើ​គេហទំព័រ​៖ www.reforminventory.wikispaces.com

ការពង្រឹង​គុណភាព​នៃ​ការរៀន និង​បង្រៀន​

ផែនការ​សកម្មភាព​គោលនយោបាយ​ស្តីពី​គ្រូបង្រៀន​៖ ផ្តោត​លើ​ការអភិវឌ្ឍ​សមត្ថភាព​របស់​គ្រូបង្រៀន​ការសម្រេចចិត្ត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុងការ​ធ្វើ​កំណែ​ទម្រង់កា​រ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​បាន​បន្ត​ផ្តល់​លទ្ធផល​វិជ្ជមាន​ជាមួយនឹង​អត្រា​សិស្ស​ប្រឡង​ជាប់​កើនឡើង​ពី ៥៥,៩ ភាគរយ​ក្នុង​ឆ្នាំ ២០១៥ ទៅ ៦២,២ ភាគរយ​ក្នុង​ឆ្នាំ ២០១៦​។​ ស្របពេល​ជាមួយគ្នានេះ​ដែរ​ក្រសួង​បាន​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​គោលនយោបាយ​ស្តីពី​គ្រូបង្រៀន​ដែលជា​កំណែទម្រង់​យ៉ាង​ហ្មត់ចត់ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដោយ​ត្រូវបាន​បង្កើតឡើង​ដើម្បី​អភិវឌ្ឍ​គុណភាព​វិស័យ​អប់រំ​ទូទាំងប្រទេស​។​ ​ផែនការ​នេះ​ត្រូវបាន​បង្កើតឡើង​ក្រោម​ការយល់ឃើញថា​ការលើកកម្ពស់​លទ្ធផល​នៃ​ការរៀនសូត្រ​របស់​សិស្ស​ត្រូវ​ផ្សារភ្ជាប់​ជាមួយនឹង​សមត្ថភាព​របស់​គ្រូ​បង្រៀន​លើ​មុខ​វិជ្ជា​ដែល​គាត់​បង្រៀន និង​សមត្ថភាព​របស់​គ្រូបង្រៀន​ក្នុង​ការវាយតម្លៃ និង​សម្រប​ទៅតាម​តម្រូវការ​ផ្សេងៗ​របស់​សិស្ស​។​ កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​ជា​ច្រើន​ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​លើកកម្ពស់​លទ្ធផល​នៃ​ការរៀនសូត្រ​របស់​សិស្ស​គឺ​កម្មវិធី​វិក្រឹតការ​គ្រូបង្រៀន​ដែល​ក្នុង​ឆ្នាំ ២០១៥ បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​ចំនួន ៤៥៤៤ នាក់​ដែល​ជា​មន្ត្រី​អប់រំ នាយក​សាលា គ្រូ​អនុវិទ្យាល័យ និង​បឋមសិក្សា​។ នេះ​បើ​យោង​តាម​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ ២០១៧ សម្រាប់​វិស័យ​អប់រំ​។ តួលេខ​នេះ​បាន​កើនឡើង​ជិត​ទ្វេ​ដង​ក្នុង​ឆ្នាំ ២០១៦ នេះ​ហើយ​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​រហូត​ដល់ ២៣១៦៨​នាក់​នៅ​ឆ្នាំ ២០១៧​។​ ក្រសួង​បាន​ដាក់បញ្ចូល​មតិ​ស្តីពី​វិធីសាស្ត្រ​បណ្តុះបណ្តាល​គ្រូបង្រៀន​ប្រកបដោយ​ប្រសិទ្ធភាព​របស់​សង្គម​ស៊ីវិល​ចូលទៅ​ក្នុង​ប្រព័ន្ធ​វិក្រឹតការ​គ្រូបង្រៀន​ជាតិ​ដែល​នឹង​ត្រូវ​រៀបចំ​ស្រប​ជាមួយនឹង​ការបណ្តុះបណ្តាល ការបង្កើន​វិជ្ជាជីវៈ ការលើកទឹកចិត្ត​ផ្នែក​ហិរញ្ញវត្ថុ និង​ការដំឡើង​តំណែង​ប្រកបដោយ​តម្លាភាព​សម្រាប់​វិជ្ជាជីវៈ​អប់រំ​។​

​ការកែសម្រួល​ឡើងវិញ​នូវ​របប​ពន្ធ​

រដ្ឋាភិបាល​បាន​ធ្វើ​វិសោធនកម្ម​របប​ពន្ធ​សម្រាប់​សហគ្រាស​ដោយ​លុបបំបាត់​នូវ​របប​ម៉ៅការ និង​រៀបចំ​ឡើង​វិញ​នូវ​រចនាសម្ព័ន្ធ​ពន្ធ​របប​ពិត​។ ការផ្លាស់ប្តូរ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦ ដែល​ត្រូវបាន​ប្រកាស​ឲ្យប្រើ​ប្រាស់​កាលពី​ថ្ងៃ​ទី ១៧ ខែ​ធ្នូ​ឆ្នាំ ២០១៥ និង​ត្រូវ​បាន​បញ្ជាក់បន្ថែម​ដោយ​ប្រកាស​លេខ ១៨១៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​  កន្លង​មក​សហគ្រាស​ជាច្រើន​បាន​គណនា​កាតព្វកិច្ច​ពន្ធ​របស់ខ្លួន​តាម​ការ​ប៉ាន់​ប្រ​មាណ​​ចំនួន​ប្រាក់ចំណូល និង​ចំណាយ​ជាជាង​តួលេខ​ពិតប្រាកដ​។ គោលនយោបាយ​កែសម្រួល​ថ្មី (​របប​ពិត​) តម្រូវ​ឲ្យ​សហគ្រាស​រួមទាំង​ស្ថាប័ន​មិន​រក​ប្រាក់ចំណេញ សមាគម និង​អង្គការ​សប្បុរសធម៌​ដែល​មាន​ចំណូល​មធ្យម​ប្រចាំឆ្នាំ​ច្រើនជាង ២៥០ លាន​រៀល (​ប្រមាណ​ជា ៦២ ៥០០ ដុល្លារ​) ធ្វើ​ការបង់អាក​រលើ​តម្លៃ​បន្ថែម (VAT) ប្រកាស​ពន្ធ​ប្រចាំខែ និង​ប្រចាំឆ្នាំ​ប្រមូល និង​បង់ពន្ធ​កាត់​ទុក​រក្សាទុក​បញ្ជី​គណនេយ្យ​ឲ្យបាន​ត្រឹមត្រូ​វ​ព្រមទាំង​ធ្វើ​សវនកម្ម​ពន្ធ​។ អាជីវកម្ម​ត្រូវបាន​ចាត់​ជា​ប្រភេទ​តូច​មធ្យម ឬ​ធំ​ដោយ​ផ្អែក​លើ​កត្តា​ជាច្រើន​ក្នុង​នោះ​ក៏​រួម​បញ្ចូល​នូវ​កត្តា​ប្រាក់ចំណូល​ផងដែរ​។​ ក្រុមហ៊ុន​ត្រូវតែ​ចុះ​ឈ្មោះ​ជា​អ្នក​បង់ពន្ធ​ខ្នាត​មធ្យម ឬ​ធំ​ដោយ​មិន​គិត​ពី​ទំហំ​នៃ​ប្រាក់​ចំណូល​នោះទេ​។ អត្ថប្រយោជន៍​នៃ​កំណែ​ទម្រង់​មួយ​នេះ​រួម​មាន​ការរក្សា​កំណត់ត្រា​បាន​ត្រឹមត្រូវ​ជាង​មុន​ការរាយការណ៍​សកម្មភាព​ហិរញ្ញវត្ថុ​បាន​ល្អ​ជាង​មុន​ហើយ​នៅពេល​ដែល​ដាក់​វា​រួម​បញ្ចូល​គ្នា​ជាមួយនឹង​វិធានការ​ផ្សេង​ទៀត​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ទើបវានឹង​ជួយ​បង្កើន​ថវិកា​រដ្ឋ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​។ ជាក់ស្តែង​ថ្មីៗ​នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​រាយការណ៍​អំពី​កំណើន​ចំណូល​ពន្ធ​ចំនួន ២០,២ ភាគរយ​នៅក្នុង​រយៈពេល​ដប់​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៦ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

​ការផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ទីក្រុង

កំណែទម្រង់​ទី​បី​ដែល​គួរឲ្យ​ចាប់អារម្មណ៍ និង​ហាក់ដូចជា​មិនសូវ​បាន​ដឹង​ជា​សាធារណៈ​គឺជា​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ក្នុង​ការពង្រីក​ការ​គ្របដណ្តប់​គុណភាព​សេវាកម្ម និង​និរន្តរភាព​ហិរញ្ញវត្ថុ​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​នៅតាម​ទីក្រុង​។​ គោលដៅ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាជន​នៅ​តំបន់​ទីក្រុង​មួយរយ​ភាគរយ​ទទួលបាន​ទឹកស្អាត​ដែល​មាន​សុវត្ថិភាព​មាន​តម្លៃ​សមរម្យ និង​មាន​និរន្តរភាព​ត្រឹម​ឆ្នាំ ២០២៥​។ ​ក្នុងពេល​បច្ចុប្បន្ន​ការផ្គត់ផ្គង់​ទឹកស្អាត​នេះ​សម្រេចបាន ៨០ ភាគរយ​រួចទៅហើយ (​កើនឡើង​ពី ៦២ ភាគរយ​កាល​ពី​ប្រាំ​ឆ្នាំមុន​) ដោយ​យក​ភាព​ជោគជ័យ​ដែល​បាន​អនុវត្ត​នៅ​រាជធានី​ភ្នំពេញ​ទៅ​អនុវត្ត​នៅ​តាម​បណ្ដា​ខេត្ត​នានា​។​ គិត​ត្រឹម​ឆ្នាំ ២០១៥ ស្ថាប័ន​ផ្គត់ផ្គង់​ទឹក​សាធារណៈ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ទី​រួម​ខេត្ត​ធំៗ​ទាំង ៨ នៃ​ខេត្ត​បាត់ដំបង កំពង់ចាម កំពង់ធំ កំពត ពោធិ៍សាត់ ស្វាយរៀង ព្រះសីហនុ និង​សៀមរាប បាន​រាយការណ៍​អំពី​ប្រាក់ចំណេញ​លើសពី​ការកំណត់​របស់​ខ្លួន​។ បើ​ពិនិត្យ​មើល​កាលពី​មុន​ឆ្នាំ ២០១៣ វិញ​មាន​តែ​រាជធានី​ភ្នំពេញ និង​ទី​រួម​ខេត្តសៀមរាប​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បែប​នេះ​បាន​។​ ភាព​ជោគជ័យ​នេះ​ទទួលបាន​តាមរយៈ​ការកាត់បន្ថយ​ចំណាយ និង​ការបង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​។ លើសពីនេះ​ទៀត​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ធ្វើ​ការកែលម្អ​ប្រព័ន្ធ​ផ្តល់​អាជ្ញាប័ណ្ណ​របស់​ខ្លួន​ដែល​ជំរុញ​ឲ្យមាន​ការកើន​ឡើង​នូវ​ចំនួន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ឯកជន​ដែល​មាន​អាជ្ញាប័ណ្ណ​។ សព្វថ្ងៃ​នេះ​សេវា​ទឹកស្អាត​នៅ​តាម​ទីក្រុង​របស់​ប្រទេស​កម្ពុជា​បាន​ដើរ​លឿន​ជាង​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​ទៅទៀត​។​​   សមិទ្ធផល​នេះ​សម្រេច​បាន​ដោយសារ​តែ​ការដឹកនាំ​របស់​រដ្ឋាភិបាល និង​ការប្រើប្រាស់​ហិរញ្ញប្បទាន​របស់​ម្ចាស់​ជំនួយ​ដ៏​មាន​ប្រសិទ្ធភាព​នៅក្នុង​វិស័យ​នេះ​។​

​សេចក្តីសន្និដ្ឋាន​

គំនិត​ផ្តួចផ្តើម​ចងក្រង​បញ្ជី​កំណែទម្រង់ ឬ គ​.​ច​.​ប បាន​មើលឃើញ​សញ្ញាណ​វិជ្ជមាន​ថា​បី​ឆ្នាំ​បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំ ២០១៣ កំណែទម្រង់​សំខាន់ៗ​កំពុងតែ​ដំណើរការ​ទៅមុខ​។ កំណែទម្រង់​ដែល​អាច​មាន​សក្តានុពល​ផ្សេង​ទៀត​រួមមាន​៖ សេចក្តីព្រាងច្បាប់​អំពី​បរិស្ថាន អភិបាលកិច្ច​ពហុភាគី​នៅក្នុង​វិស័យ​ឧស្សាហកម្ម​រ៉ែ និង​ការពង្រឹង​វិជ្ជាជីវៈ​សុខាភិបាល​តាមរយៈ​ការអនុវត្ត​ច្បាប់​ថ្មី​ស្តីពី​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​។​ កំណែទម្រង់​វិស័យ​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ​ដែល​អាច​មាន​សក្តានុពល​រួមមាន​៖ ការធានា​ឲ្យបាន​ថា​ក្រុង និង​ស្រុក​/​ខណ្ឌ​ទទួលបាន​មូលនិធិ​គ្រប់គ្រាន់​ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ការកែលម្អ​ការផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ការបង្កើត​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នៅ​គ្រប់​ស្រុក​/​ខណ្ឌ​ទាំង​អស់ និង​ការបង្កើន​ការយល់ដឹង និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការអនុវត្ត​ផែនការ​គណនេយ្យភាព​សង្គម​។​ គំនិត​ផ្តួចផ្តើម​ចងក្រង​បញ្ជី​កំណែទម្រង់​ប្តេជ្ញា​បន្ត​តាមដាន​កិច្ចខិតខំ​ប្រឹងប្រែង​កំណែទម្រង់ និង​ពង្រីក​វិសាលភាព​ការងារ​របស់​ខ្លួន​ទៅ​កាន់​ក្រសួង​ផ្សេង​បន្ថែមទៀត​។ គ​.​ច​.​ប ជឿជាក់ថា​ការខិតខំ​ប្រឹងប្រែង​ជា​បន្ត​របស់​រាជរដ្ឋាភិបាល​នឹង​អាច​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​សេវា​សាធារណៈ​ប្រសើរជាង​មុន​។​

ក្រុមប្រឹក្សា​យោបល់​របស់ «​គំនិត​ផ្តួចផ្តើម​ចងក្រង​បញ្ជី​កំណែទម្រង់​» មាន​តំណាង​មក​ពី​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​កិច្ចសហប្រតិបត្តិការ និង​សន្តិភាព សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​ចំណូល​ធនធាន ខុមហ្វ្រែល​គណៈកម្មាធិកា​រ​សហប្រតិបត្តិការ​ដើម្បីក​ម្ពុ​ជា​ក្រុមហ៊ុន DFDL ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា កិច្ច​សហប្រតិបត្តិ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា ក្រុមហ៊ុន​ដៃគូ​ជា​យុទ្ធសាស្ត្រ​មេគង្គ ភាព​ជា​ដៃគូ​អប់រំ​នៃ​អង្គការក្រៅរដ្ឋាភិបាល វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា អង្គការ OXFAM អង្គការ PACT សម្ព័ន្ធ​សុខភាព​កុមារ និង​សុខភាព​បន្ត​ពូជ អង្គការ​តម្លាភាព​កម្ពុ​ជា មូលនិធិ​អង្គការសហប្រជាជាតិ​ដើម្បី​កុមារ​ប្រចាំ​កម្ពុជា អង្គការ​យូ​.​អ​.​ស៊ី​. និង​អ្នកជំនាញ​មក​ពី​ទីភ្នាក់ងារ​ទ្វេភាគី ស្ថាប័ន​ពហុភាគី អង្គការក្រៅរដ្ឋាភិបាល និង​មក​ពី​វិស័យ​ឯកជន​ដទៃទៀត​៕​