ការរាយការណ៍​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​ទៅ​មេភូមិ​

ប្រធានភូមិ ជា​បុគ្គល​ម្នាក់​ក្នុងចំណោម​អាជ្ញាធរ​ពាក់ព័ន្ធ​សម្រាប់​រាយការណ៍​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ ដែល​ស្ត្រី​អាច​សុំ​ជំនួយ​បាន​។ យោង​ទៅ​តាម​ការសិក្សា​ថ្នាក់ជាតិ​, ស្ត្រី​និង​បុរស​ជា​ច្រើន​បាន​ពឹងពាក់​ប្រធាន​ភូមិ​ដើម្បី​សម្រុះសម្រួល​គ្នា ប៉ុន្តែ​ប្រសិនបើ​ប្រធាន​ភូមិ​មិនអាច​ដោះស្រាយ​បញ្ហា​នេះ​បាន ដោយសារតែ​ពាក់ព័ន្ធ​នឹង​របួស​ធ្ងន់ធ្ងរ ឬ​ប្តី​មាន​ភាព​សាហាវឃោរឃៅ​និង​ហិង្សា ករណី​នេះ​ត្រូវ​បញ្ជូន​ទៅ​មេឃុំ​និង​នគរបាល​ដើម្បី​ដោះស្រាយ​បន្ត​។

​អ្នកស្រី ឡោម ឡៃ អាយុ​ជិត​៤០​ឆ្នាំ រស់​ឃុំ​រំចេក ស្រុក​បន្ទាយស្រី បាន​និយាយថា​ពេល​មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​កើតឡើង​ប្រជាពលរដ្ឋ​ភាគច្រើន​រាយការណ៍​ទៅ​កាន់​មេភូមិ​ដើម្បី​ជួយ​ដោះស្រាយ​និង​សម្របសម្រួល​។ មេ​ភូមិ​គឺ​ជា​អ្នក​ដែល​នៅ​ជិត​ប្រជាពលរដ្ឋ​និង​អាច​ដោះស្រាយ​ទាន់​ពេលវេលា​នៅពេល​មាន​អំពើ​ហិង្សា​កើតឡើង​។

​អ្នកស្រី តេស សំ​អូន នៅ​ឃុំ​ជាមួយ​គ្នា​ដែរ​នោះ​ក៏បាន​លើកឡើង​ថា មេ​ភូមិ​គឺ​យកចិត្តទុកដាក់​ខ្លាំង​នៅពេល​មាន​ពលរដ្ឋ​រាយការណ៍​ពី​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​។ តែ​មេភូមិ​គាត់​ដោះស្រាយ​បាន​តែ​ករណី​ស្រាល បើ​ករណី​ធ្ងន់​ដែល​មេភូមិ​មិន​អាច​ដោះស្រាយ​បាន​ទេ​គឺ​គាត់​បញ្ជូនទៅ​ឃុំ​និង​ប៉ូលីស​ដើម្បី​ដោះស្រាយ​បន្ត​។

​លោក អ៊ី​ម អ៊ីង មេឃុំ​រំចេក​បាន​លើកឡើង​ថា នៅពេល​មាន​ករណី​អំពើហិង្សា​កើតឡើង​គឺមាន​តែ​មេភូមិ​ទេ​ដែល​នៅ​ជិត​ពលរដ្ឋ​និង​ចុះ​ទៅ​សម្របសម្រួល​បឋម​សិន បើសិនជា​ករណី​នោះ​មេភូមិ​មិនអាច​ដោះស្រាយបាន​គឺ​បញ្ជូន​ឲ្យ​ស​មត្ត​កិច្ច​ចាត់វិធានការ​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​អំពើហិង្សា​ក្នុង​គ្រួសារ​។

​លោក​មេឃុំ​បាន​បន្ដែមថា សូម​ឲ្យ​មេ​ភូមិគ្រប់​ភូមិ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការដោះស្រាយ​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​ជូន​ស្ត្រី​រងគ្រោះ​ឲ្យបាន​ទាន់​ពេល​ដើម្បី​ឲ្យ​ស្ត្រី​បង្កើន​ជំនឿ​ចិត្ត​មក​លើ​អាជ្ញាធរ​មូលដ្ឋាន​។

​មេ​ភូមិ​គឺ​ជា​អ្នក​ដំបូង​គេ​ដែល​ត្រូវ​រាយការណ៍​ឱ្យដឹង​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។​មេភូមិ អាច​ស្វែងរក​ជំនួយ​ជម្រក​បណ្ដោះអាសន្ន​, ជំនួយ​សម្រុះសម្រួល​ប្រសិនបើ​ស្ត្រី​ចង់បាន ហើយ​រាយការណ៍​ទៅកាន់​អាជ្ញាធរ​ថ្នាក់លើ​ដើម្បី​ចាត់វិធានការ​បន្តទៀត​ក្នុងករណី​ដែល​ប្រធាន​ភូមិ​មិនអាច​ដោះស្រាយបាន មិន​ត្រូវ​ទុក​ចោល​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​ទេ​ប្រសិនបើ​មាន​ការរាយការណ៍​ពី​ជនរងគ្រោះ​៕

 

អត្ថ​បទ​បទ​យក​ការ​ណ៍​៖​ អ្នក​នាង​ ហេង​ លាង​ស៊ីម