ការរាយការណ៍ និង​ការស៊ើបអង្កេត​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ

ការផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​និង​អំពើហិង្សា​លើ​ស្ត្រី​គឺ​ដើម្បី​ឲ្យ​មនុស្ស​គ្រប់​គ្នា​យល់​ថា អំពើហិង្សា​ណាក៏ដោយ​គឺជា​រឿង​ខុសច្បាប់​។ អ្នកប្រព្រឹត្ត​អំពើ​ហិង្សា​នឹង​ត្រូវ​ផ្តន្ទាទោស​ដោយ​គ្មាន​លើកលែង​។ នេះ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ឈាន​ទៅ​កាត់បន្ថយ ឬ​គាស់​រំលើង​ទាំងស្រុង​នូវ​វប្បធម៌​ហិង្សា​ពី​ក្នុង​សង្គម​ខ្មែរ​។ ក្នុងនោះ​ការរាយការណ៍​ពី​ករណី​អំពើហិង្សា​ទៅ​កាន់​អាជ្ញាធរ​ដើម្បី​ដោះស្រាយ​ជា​រឿង​ចាំបាច់​បំផុត​សំរាប់​ស្ត្រី បើ​គ្មាន​ការរាយការណ៍​ក៏​គ្មាន​ការដោះស្រាយ​ដែរ​។

​អ្នកស្រី សុខ អៀ​វ នៅ​ឃុំ​….​ស្រុក​ប្រាសាទបាគង​បាន​និយាយថា​នៅពេល​មាន​អំពើហិង្សា​កើតឡើង​ស្ត្រី​ដែល​ជា​ជនរងគ្រោះ​ត្រូវរាយការណ៍ជូន​អាជ្ញាធរ​ដើម្បី​ដោះស្រាយ​។ ក្នុងករណី​អាជ្ញាធរ​បាន​ដោះស្រាយ សម្របសម្រួល​ហើយ​មិន​ត្រូវ​ទុក​គ្រួសារ​ដែល​កើត​អំពើហិង្សា​នោះ​ចោល​ទេ​ពួកគាត់​ត្រូវ​តាមដាន​សកម្មភាព​របស់​គ្រួសារ​ដែល​កើតមាន​អំពើ​ហិង្សា​ផង​។
Clip1 រឿង​ក្រុម​គ្រួសារ​យើង​ត្រូវតែ​រាយការណ៍​ប្រាប់​ភូមិ​ឃុំ​ឲ្យគេ​ជួយ​ដោះស្រាយ ស៊ើបអង្កេត​មើល​ក្រុមគ្រួសារ​យើង​ថា​វា​យ៉ាងម៉េច គេ​ចុះ​ស៊ើបអង្កេត​រាល់​ថ្ងៃ​បើ​មាន​អំពើ​ហិង្សា​រាយការណ៍​ឲ្យគេ​រក​ខុស​ត្រូវ​ឲ្យ​។

​អ្នកស្រី ខុន ស្រី​ម៉ិច នៅ​ភូមិ​ឃុំ​ជាមួយ​ដែរ​នោះ​ក៏​បាន​និយាយ​ដែរ​ថា នៅពេល​គ្រួសារ​មួយ​កើត​អំពើហិង្សា​ក្នុង​នាម​អ្នកជិតខាង​ត្រូវ​ជួយ​រាយការណ៍​ករណី​អំពើហិង្សា​នោះ​ជូន​អាជ្ញាធរ​មាន​សមត្តកិច្ច​ឲ្យជួយ​អន្តរាគមន៍ផ​ង​ដែរ មិន​ត្រូវ​គិតថា​អំពើ​ហិង្សា​ជា​រឿង​បុគ្គល​នោះទេ អំពើ​ហិង្សា​ជា​រឿង​របស់​សង្គម​ទាំងមូល​។​
Clip2 អ្នកជិតខាង​គួរតែ​រាយការណ៍​ប្រាប់​អាជ្ញាធរ កុំ​ឈរ​មើល ថា​តាម​តែ​ប្តី​ប្រពន្ធ​វា​ទៅ ជួយ​ស៊ើបអង្កេត មើល​ថា​ឈប់​ហើយ​ឬ​នៅ បើ​នៅ​ជួយ​អន្តរាគមន៍​ជា​បន្ត​ទៀត ដើម្បី​កុំឲ្យ​ប៉ះពាល់​ការរៀនសូត្រ​របស់​កូ​ន​។

ជាមួយ​បញ្ហា​នេះ​លោក ថន ប៊ុន​ផង មេឃុំ​មានជ័យ​បាន​លើកឡើង​ថា នៅពេល​មាន​អំពើហិង្សា​កើតឡើង​លើ​គ្រួសារ​ណាមួយ ជនរងគ្រោះ​គាត់​មិន​អាច​រាយការណ៍​អាជ្ញាធរ​ទាន់ពេល​ទេ គឺមាន​តែ​អ្នក​ជិតខាង​ទេ​ដែល​អាច​រាយការណ៍​មក​ដល់​អាជ្ញាធរ​ដើម្បី​ចុះ​ទៅ​អន្តរាគមន៍​ឲ្យទាន់ពេ​ល​វេលា​។ ក្នុងករណី​ដែល​អាជ្ញាធរ​ដោះស្រាយ​ករណី​អំពើហិង្សា​លើ​ស្ត្រី​ហើយ​គឺ​តែ​មាន​ការ​តាមដាន​បន្ត​ទៀត​ពី​សកម្មភាព​របស់​ជន​ប្រព្រឹត្ត​ដែរ ដោយ​មិន​ទុក​ករណី​នោះ​ចោល​ទេ​។
Clip3 មាន​អំពើ​ហិង្សា​អ្នកជិតខាង​ត្រូវ​ជួយ​រាយការណ៍​មក​ក្នុង​ករណី​ជនរងគ្រោះ​ឬ​គ្រួសារ​រាយការណ៍​មក​មិន​ទាន់ ហៅ​គាត់​មិន​ដោះស្រាយ​មក​អប់រំ ត្រូវ​មាន​ការស៊ើបអង្កេត​ក្រែង​មាន​អំពើ​ហិង្សា​កើតឡើង​ម្តង​ទៀត ដាក់​បណ្តាញ​ឲ្យ​គាត់​ជួយ​ស៊ើប​បន្ត​។

​ក្នុងករណី​មាន​អំពើហិង្សា​កើតឡើង​សូមឲ្យ​ជនរងគ្រោះ​រាយការណ៍​ទៅ​កាន់​អាជ្ញាធ​រ​ដើម្បី​ដោះស្រាយ​បញ្ហា​ជូន ក្នុង​នោះ​អ្នកជិតខាង​ត្រូវ​ជួយ​រាយការណ៍​មក​កាន់​អាជ្ញាធរ​ផង​ដែរ មិន​ត្រូវ​គិតថា​អំពើហិង្សា​ក្នុង​គ្រួសារ​ជា​រឿង​បុគ្គល​នោះទេ វា​រឿង​របស់​សង្គម​ទាំងមូល​ដែល​ត្រូវ​ដោះស្រាយ​។ ការផ្សព្វផ្សាយ​ច្បាប់​ឲ្យបាន​ទូលំ​ទូលាយ​ដល់​មូលដ្ឋាន​និង​ការអនុវត្តឲ្យ​មានប្រ​សិទ្ធិ​ភាព​គឺ​ជា​បេសកកម្ម​ចាំបាច់​របស់​អាជ្ញាធរ​៕

អត្ថ​បទ​បទ​យកការណ៍​៖ អ្នក​នាង​ ហេង​ លាង​ស៊ីម​