ការរាយការណ៍​ករណី​អំពើហិង្សា​


ផ្នត់គំនិត​សង្គម​នៅតែ​មាន​ឥទ្ធិពល​នៅឡើយ​ចំពោះ​ប្រជាពលរដ្ឋ​លើ​ការជួយ​រាយការណ៍​ឬ​ចូល​ទៅ​ជួយ​ពេល​មាន​ករណី​អំពើហិង្សា​កើតឡើង​លើ​អ្នក​ជិតខាង ។ អ្នកខ្លះ​គិតថា​ចាន​ក្នុង​រាវ​តែង​មាន​ការប៉ះទង្គិច​ជា​រឿង​ធម្មតា អ្នកខ្លះ​គិតថា​ជា​រឿង​គ្រួសារ​គេ មិនគួរ​ចេះដឹង​ឬ​លូកដៃ​ឡើយ​។ មួយ​វិញ​ទៀត​សម្រាប់​អ្នកជិតខាង​ដែល​មិន​រាយការណ៍​ពី​អំពើហិង្សា​ក្នុង​គ្រួសារ​គឺ​ការភ័យខ្លាច​ការសង​សឹក​ពី​ភាគី​ជនល្មើស​ជាដើម​។

​អ្នកស្រី សុភ័​ក្រ អាយុ​៣០​ឆ្នាំ នៅ​ឃុំ​កំពង់ក្តី​ស្រុក​ជីក្រែង​និយាយថា កន្លងមក​មិន​ហ៊ាន​ចូល​ជួយ​ឬ​រាយ ការណ៍​ករណី​អំពើហិង្សា​ទៅ​អាជ្ញាធរ​ទេ ព្រោះ​គិតថា​ជា​រឿង​គ្រួសារ​គេ អ្នកផ្សេង​មិនគួរ​លូកដៃ​ចូល​ទេ ហើយ​ពេល​គ្រួសារ​គេ​ត្រូវរ៉ូវ​គ្នា​វិញ អ្នក​ខុស​គឺ​ជា​អ្នករាយការណ៍​។​
Clip1 គ្រាន់តែ​បាន​អើត​មើល​ក្លាច​ប្តី​ប្រពន្ធ​គេ​ត្រូវ​គ្នា​វិញ​ខុស​យើង បើ​សាច់ញាតិ​ឯង​ហ៊ាន​ជួយ​បើ​សំរាប់​អ្នកដទៃ​អត់​ហ៊ាន​ក្លាច​គេ​ថា​យើង​ចេះ​ដឹង​រឿង​គេ​។

​អ្នកស្រី ឡំ អាយុ​ជាង​៣០​ឆ្នាំ នៅ​ឃុំ​កំពង់ក្តី​ដូចគ្នា​ដែរ​នោះ​ក៏​បាន​និយាយថា អ្នកជិតខាង​គួរ​ចូល​ជួយ​ឬ​រាយការណ៍​ទៅ​អាជ្ញាធរ​ដើម្បី​ដោះស្រាយ​ករណី​អំពើហិង្សា​បាន​ទាន់ពេលវេលា​។ អាជ្ញាធរ​ត្រូវ​លាក់​ការ​សង្ងាត់​ជូន​អ្នករាយការណ៍​ពី​ករណី​អំពើហិង្សា​ផងដែរ ដើម្បី​ផ្តល់​ភាព​ទុកចិត្ត​ចំពោះ​អ្នករាយការណ៍​។​
Clip2​ដើម្បី​ជួយ​រា​រាំ​កុំឲ្យ​មាន​ការវៃតប់​គ្នា​សុំ​សំណូមពរ​ឲ្យ​អាជ្ញាធ​រ​ពេល​មាន​អំពើ​ហិង្សា​ចង់ឲ្យ​មក​ជួយ​ទាន់​ពេល ហើយ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​លាក់​ការ​សង្ងាត់ ធ្វើឲ្យ​អ្នករាយការណ៍​មាន​ភាពកក់ក្តៅ មិន​ភ័យក្លាច ថ្ងៃក្រោយ​ហ៊ាន​ជួយ​ទៀត​។

​លោក គង់ ជឿន មេឃុំ​កំពង់ក្តី​លើកឡើងថា កន្លងមក​ប្រជាពលរដ្ឋ​មិន​សូវ​យល់​ពី​ការរាយការណ៍​ករណី​អំពើហិង្សា​មក​អាជ្ញាធរ​នៅ​ឡើយ ទោះបី​មាន​ការផ្សព្វផ្សាយ​ច្រើន​ហើយ​ក៏​ដោយ​។ លោក​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ការរាយការណ៍​ពី​ករណី​អំពើហិង្សា​មកកាន់​អាជ្ញាធរ​តាម​គ្រប់​វិធី​ដែល​អាច​ធ្វើទៅបាន ដើម្បី​ជួយ​ជនរងគ្រោះ និង​ការចុះ​ដោះស្រាយ​ពី​អាជ្ញាធរ​បាន​ទាន់ពេលវេលា​។​
Clip3 រឿង​រាយការណ៍​ប្រឈម​មែន​មិន​ហ៊ាន​រាយការណ៍​មក បើ​ប្រជាពលរដ្ឋ​មិន​ចូលរួម​រាយការណ៍​ក៏​ពិបាក​ដល់​សមត្តកិច្ច សូម​ឲ្យ​គាត់​ចូលរួម​រាយការណ៍​កុំ​ឲ្យ​ថ្ងៃ​ក្រោយមាន​ទៀត រាយការណ៍​ការពារ​ឲ្យ​គាត់​។

​ប្រជាពលរដ្ឋ​មាន​តម្រូវការ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​អ្នកជិតខាង​អំពី​របៀប​រាយការណ៍​ពី​អំពើហិង្សា​ក្នុង​គ្រួសារ ហើយ​ព័ត៌មាន​ដែល​ពួកគាត់​បាន​រាយការណ៍​សុំ​ឲ្យ​រក្សា​ការសម្ងាត់​។ អំពើហិង្សា​ប្រឆាំងនឹង​ស្ត្រី​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​គ្នា​នៅក្នុង​សហគមន៍ វា​បង្ក​r​អន្តរាយ​ដល់​ស្ថេរភាព​សង្គម​និង​សេដ្ឋកិច្ច រាយការណ៍​ពី​ជនល្មើស​ទៅ​តុលាការ និង​ការពារ​សហគមន៍​របស់អ្នក​។​

​អត្ថបទ​បទ​យកការណ៍​៖ អ្នកនាង ហេង លាង​ស៊ីម​