ភោជនីយដ្ឋាន អាហាដ្ឋាន​នឹង​ត្រូវ​ផ្អាក​ការលក់ដូ​រ​ភ្លាម បើ​គ្មាន​អនាម័យ ឬ​ពុល​ដល់​អ្នក​ហូប​

ភោជនីយដ្ឋាន អាហាដ្ឋាន ក្នុង​ខេត្ត​សៀមរាប​ដែល​មាន​អាជ្ញាប័ណ្ណ​មាន​ចំនួន ១៨៣ កន្លែង ក្នុង​នោះ​មន្ទីរ​មាន​ការត្រួតពិនិត្យ​អនាម័យ និង ផ្ទះបាយ​រួចរាល់ នេះ​បើ​តាម​ការលើកឡើង​ពី លោក ធិ​ម សេរីវុឌ្ឍ ប្រធានការិយាល័យ​ឧស្សាហកម្ម​ទេសចរណ៍ នៃ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ក្នុង​កម្មវិធី​សន្ទនា​មតិ​របស់​វិទ្យុ​FM​ជាតិ​នគរ​ភ្នំ​១០៣MHz ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៩ ។

​លោក ធិ​ម សេរីវុឌ្ឍ បញ្ជាក់ទៀតថា ករណី​ត្រួតពិនិត្យ​ឃើញ​ភោជនីយដ្ឋាន អាហាដ្ឋាន គ្មាន​អនាម័យ មាន​បញ្ហា​ដល់​អ្នក​បរិភោគ មន្ទីរ​ទេសចរណ៍​នឹង​រាយការណ៍​ទៅ​ថ្នាក់​ខេត្ត ដើម្បី​ព្យួរ ឬ​ផ្អាក​បណ្តោះអាសន្ន ចំពោះ​អាជីវកម្ម​នោះ​។

​ក្នុង​កម្មវិធី​នេះ​ដែរ លោកស្រី លី វណ្ណៈ ប្រធាន​ការិយាល​ឱសថ ចំណីអាហារ និង​គ្រឿងសំអាង នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​បន្ថែមថា កន្លង​មក​សុខាភិបាល​បាន​ចុះ​ត្រួតពិនិត្យ​ភោជនីយដ្ឋាន អាហាដ្ឋាន​ទាំងអស់​ទូទាំង​ក្នុង​ខេត្ត​។ លោកស្រី​បន្ត​ថា ផែនការ​បន្ត ក្រោយពី​មាន​ការពិនិត្យ​ឃើញ​គុណភាព​ចំណីអាហារ មន្ទីរ​សុខាភិបាល​នឹង​ធ្វើ​កិច្ចសន្យា​ជា​លើក​ទី​១ លើ​ទី​២ និង​លើក​ទី​៣ តែ​បើ​នៅ​មិន​អនុវត្តន៍​តាម នឹង​ធ្វើ​លិខិត​មក​មន្ទី​រ​ទេសចរណ៍​ដើម្បី​ឲ្យ​ផ្អាក​អាជីវកម្ម​នោះ​បណ្តោះអាសន្ន​៕

 

អត្ថ​បទ​៖​ អ្នក​នាង​ ហាង​ សុជាតា