លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប បាន​បិទ​ប្រកាស​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​មិញ​នេះ ខណៈ​សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន ៣៨ នាក់​

លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប សម័យ​ប្រឡង​ថ្ងៃទី​១៩-២០ ខែសីហា ឆ្នាំ​២០១៩ បាន​ប្រារព្ធ​ពិធី​ប្រកាស​បើក​លទ្ធផល​ប្រឡង​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​លោក ពៅ ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប នៅ​វិទ្យាល័យ​១០​មករា ១៩៧៩ ។​

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ថា លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៨-២០១៩​នេះ ជា​យុទ្ធសាស្ត្រ​នៃ​ការ​កំណែទម្រង់​របស់​រា​ជ​រដ្ឋាភិបាល និង ក្រសួង​អប់រំ​យុវជន​និង​កីឡា លើ​វិស័យ​អប់រំ​សិក្សា ក្នុង​ពង្រឹង​នូវ​គុណភាព​អប់រំ នៃ​ការបណ្តុះបណ្តាល​ធនធាន មនុស្ស​ឲ្យ​កាន់​តែមាន​គុណភាព និង ជាការ​ពង្រឹង​នូវ​អង្គការ​វិន័យ​ដល់​លោកគ្រូ​អ្នកគ្រូ សាស្ត្រាចារ្យ លើ​ការបង្ហាត់បង្រៀន​ដល់​សិស្សានុសិស្ស ដើម្បី​ធានា​គុណភាព​អប់រំ សាលារៀន​ចាប់ពី​ថ្នាក់​បឋម វិទ្យាល័យ និង ថ្នាក់​ឧ​ត្ត​មសិ​ក្សា ព្រមទាំង​ឲ្យ​ធ្វើការ​កែប្រែ​នូវ​រាល់​ទង្វើ​ដែលមាន​កន្លងមក​ចំពោះ​សិស្ស​ផងដែរ ។

​លោក សយ ទិ​ត្យា​វង្ស ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុងសម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៨-២០១៩​នេះ មណ្ឌល​សៀមរាប មាន​បេក្ខជន​ប្រឡង​ចំនួន​សរុប ៨.៤២៨​នាក់ ក្នុងនោះ​ស្រី​ចំនួន ៤.៦៨៩​នាក់ អវត្តមាន​មិន​មក​ប្រឡង​ចំនួន​៦៤​នាក់ មាន​១៣ មណ្ឌល ស្មើ ៣៨៤​បន្ទប់ ដោយ​ចែកចេញជា ២ ផ្នែក ៖ គឺ ផ្នែក​វិទ្យាសាស្ត្រ​ពិត ៖ មាន​៤​មណ្ឌល ស្មើនឹង​១១៨​បន្ទប់ មាន​បេក្ខជន​ចំនួន ២​ពា​.៩៤៤ នាក់ ក្នុងនោះ​ស្រី​ចំនួន​១.៧០៧ នាក់ និង ផ្នែក​វិទ្យាសាស្ត្រ​សង្គម​៖ មាន​០៩​មណ្ឌល ស្មើនឹង​១៣០ បន្ទប់ មាន​បេក្ខជន​ចំនូ​ន​៥.៧៧០​នាក់ និង ។

​លោក សយ ទិ​ត្យា​វង្ស បាន​ឲ្យ​ដឹង​បន្ថែមថា ចំពោះ​លទ្ធផល​ប្រឡង មាន​សិស្ស​ប្រឡង​ជាប់​ចំនួន​៦.៥១១​នាក់ ក្នុងនោះ​ស្រី​ចំនួន​៣.៧៦៣​នាក់ ស្មើនឹង​៧៧,២៦​ភាគរយ មាន​ស្រី​ចំនួន​៨០,០៨​ភាគរយ ក្នុងនោះ​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន​៣៨​នាក់ ក្នុងនោះ​ស្រី​ចំនួន​១៥​នាក់ , និទ្ទេស B ចំនួន​១៩០​នាក់ ក្នុងនោះ​ស្រី​ចំនួន​១០៥​នាក់ , និទ្ទេស C ចំនួន​៤៧៤​នាក់ ក្នុងនោះ​ស្រី​ចំនួន​២៩៤​នាក់ , និទ្ទេស D ចំនួន​១.៣១៤​នាក់ ក្នុងនោះ​ស្រី​ចំនួន​៨២៨​នាក់ និង និទ្ទេស E ចំនួន​៤.៤៩៥​នាក់ ក្នុងនោះ​ស្រី​ចំនួន​២.៥២១​នាក់ ។

​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៧-២០១៨ នៅ​ទូទាំង​ខេត្តសៀមរាប​មាន​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ ចំនួន ៥.៩៧០​នាក់ ក្នុងនោះ​ស្រី​ចំនួន​៣.៣៨០​នាក់ ហើយ​បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៣១​នាក់ ក្នុងនោះ​ស្រី​ចំនួន​១៨​នាក់ , ជាប់​និទ្ទេស B មាន​ចំនួន​១៤៧​នាក់ ក្នុងនោះ​ស្រី​ចំនួន​៧៧​នាក់ , ជាប់​និទ្ទេស C មាន​ចំនួន​៤៧៧​នាក់ ក្នុងនោះ​ស្រី​ចំនួន​២៨០​នាក់ , ជាប់​និទ្ទេស D មាន​ចំនួន​១.៥៣៣​នាក់ ក្នុងនោះ​ស្រី​ចំនួន​៩១៦​នាក់ និង ជាប់​និទ្ទេស E មាន​ចំនួន ៣.៧៨២​នាក់ ក្នុងនោះ​ស្រី​ចំនួន ២.០៨៩​នាក់ ។

​សម្រាប់​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​ទូទាំងប្រទេស មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ៧៩.០៥២​នាក់ ស្មើនឹង​៦៨,៦២​ភាគរយ ក្នុងនោះ​សិស្ស​ជាប់​និទ្ទេស A ចំនួន ៤៤៣​នាក់ , ជាប់​និទ្ទេស B ចំនួន​២.៤៣០​នាក់ , ជាប់​និទ្ទេស C ចំនួន​៥.៨៤៧​នាក់ , ជាប់​និទ្ទេស D ចំនួន ១៤.១០០​នាក់ និង និទ្ទេស E ចំនួន​៥៦.២៣២​នាក់ ។

​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្រោយ​ឆ្លងកាត់​ការសិក្សា​រយៈពេល​១២​ឆ្នាំនេះ មិនមែនជា​ការកំណត់​វាសនា​របស់​បេក្ខជន​នោះទេ ពោល​គ្រាន់តែ​ជា​ការវាស់ស្ទង់​សមត្ថភាព​តែប៉ុណ្ណោះ ៕​