តួនាទី​និង​ភារកិច្ច​របស់​មេឃុំ និងតុលាការ​ក្នុង​ការការពារ​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​

ភារកិច្ច​របស់​អាជ្ញាធ​រ​មូលដ្ឋាន (​ក្នុង​មាត្រា​១៣ នៃ​ច្បាប់ ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ​ឆ្នាំ​២០០៥) រួមមាន ឃាត់​ទុក​វត្ថុ​ជាក់ស្តែង​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​ជន​មុខសញ្ញា បង្វែរ​យកចេញជន​មុខសញ្ញា​ពី​កន្លែងកើតហេតុ ឬ​បង្វែរ​ជនរងគ្រោះ​ទៅ​កន្លែង​សុវត្ថិភាព​ដើម្បី​ការពារ ផ្ដល់អោយ​ជនរងគ្រោះ​នូវ​ជំនួយ​សមស្រប ច្បាប់ សុខាភិបាល និង​កិច្ច​ការពារ​សង្គម និង​ពន្យល់​ពី​សិទ្ធិ​ទទួលបាន​ការការពារ​ពី​អំពើ​ហិង្សា​ដូចជា ស្នើ​សុំ​ដីកា​ការពារ​ពី​តុលាការ ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​ពី​ជម្រើស​នៃ​ការស្វែងរក​យុត្តិធម៌​ពី​ប្រព័ន្ធ​ផ្លូវការ និង​មិន​ផ្លូវការ ហើយ​គ្មាន​ការបង្ខំ​ឲ្យ​ភាគី​ណាមួយ​ធ្វើ​អ្វីមួយ​ប្រឆាំង​នឹង​ភាគី​ម្ខាង​ទៀត ព្រោះ​ជនរងគ្រោះ​នឹង​ត្រូវតែ​ធ្វើ​ការសម្រេចចិត្ត​ដោយ​ខ្លួនឯង​។

ច្បាប់​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​កិច្ច​ការពារ​ជនរងគ្រោះ ចែងថា ក្រុមប្រឹក្សាឃុំ​មាន​អំណាច​រដ្ឋបាល និង​អាច​ចេញ​សេចក្តីសម្រេច​ដើម្បី​ចាត់វិធានការ​បណ្តោះអាសន្ន​និង​បញ្ជា​ឲ្យ​ជន​មុខសញ្ញា​បញ្ឈប់​ការប្រព្រឹត្ត​អំពើហិង្សា​ក្នុង​គ្រួសារ​។ បច្ចុប្បន្ន​ការឆ្លើយតប​ចំពោះ​ហិង្សា​ក្នុង​គ្រួសារ​នៅ​ពុំទាន់​មាន​ប្រសិទ្ធិភាព​នៅឡើយ​ទេ​ដោយ​ជនរងគ្រោះ​ជា​ស្ត្រី​មាន​ជម្រើស​តិចតួច​ក្រៅតែពី​សម្រេចចិត្ត​រួមរស់​ជាមួយ​ប្តី​ក្នុងស្ថានភាព​ហិង្សា​។​

ដក​ស្រង់​ពី​អត្ថ​បទ​បទ​យកការណ៍​៖ អ្នក​នាង​ ហេង​ លាង​ស៊ីម