ទីតាំង​លក់​និង​បញ្ចូល​ហ្គាស​កំប៉ុង​ចំនួន​០៣​កន្លែង នៅក្នុង​ក្រុង​សៀមរាប ត្រូវបាន​ផ្អាក​សកម្មភាព​ប​ញ្ជូ​ល និង​ស្តុក​ទុក​ហ្គាស​ក្នុង​ទីតាំង​លក់​

ក្រោម​កិច្ច​បញ្ជា​របស់​ឯកឧត្តម​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ គណៈកម្មការ​ចម្រុះ​ខេត្ត ដឹកនាំ​ដោយ​លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត ដោយមាន​លោកនាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត នគរបាល​ការិយាល័យ​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល ខេត្ត ព្រមទាំង​មន្ត្រីរដ្ឋបាល​ក្រុង​សៀមរាប បាន​ចុះ​ធ្វើការ​ពិនិត្យ នូវ​រាល់​ទីតាំង ធ្វើ​អាជីវកម្ម​បញ្ចូល​ហ្គាស នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ។

​លោក មាស ជូ​រ៉ានី បាន​ឲ្យ​ដឹងថា ក្នុងឱកាស​នោះ បាន​ចុះ​ផ្អាក​នូវ​រាល់​សកម្មភាព​បញ្ចូល ផ្ទេរ និង ស្តុក​ទុក​ហ្គាស​ជា​បណ្តោះអាសន្ន​នៅ​ទីតាំង​ចំនួន​០៣​កន្លែង ក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប រួមមាន​ទីតាំងនៅ​ភូមិ​មណ្ឌល​១ , ភូមិ​ស្ទឹង​ថ្មី និង​ភូមិ​សាលាកន្សែង និង បាន​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ប្រកប​អាជីវកម្ម និង​បញ្ចូល​ហ្គាស​កំប៉ុង​ទាំង​៣​កន្លែង​នេះ ឲ្យ​ធ្វើការ​រើ​ឧបករណ៍​ផ្ទេរ​ហ្គាស​ចេញពី​ទីតាំង​លក់ ដែល​ទីតាំង​ទាំងនោះ​ជា​ផ្ទះថ្ម​ក្រោម​ឈើ​លើ , ផ្ទះល្វែង និង​បន្ទប់​ប​ញ្ជូ​ល​ហ្គាស ព្រមទាំង​បាន​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​អាជីវកម្ម ត្រូវធ្វើ​ការដាក់​ពាក្យស្នើសុំ​លិខិតអនុញ្ញាត និង ត្រូវគោរព​ទៅតាម​លក្ខខណ្ឌ និង បទដ្ឋាន​បច្ចេកទេស អនុលោម​តាមច្បាប់​ជា​ធរមាន​ទៀតផង ។

​លោក មាស ជូ​រ៉ានី បាន​ឲ្យ​ដឹង​ទៀតថា កន្លងមក​មន្ទីរ​តែង​តែ​ចុះ​ធ្វើ​ការអប់រំ ណែនាំ ចំពោះ​បងប្អូន ដែល​ប្រកប​អាជីវកម្ម​បញ្ចូល​ហ្គាស និង ស្តុ​ប​ហ្គាស​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​បច្ចេកទេស ក្នុងការ​បង្ការ​កុំ​ឲ្យ​មាន​កើន​មាននូវ​ហា​នី​ភ័យ ប៉ុន្តែ​ហេតុការណ៍​ដែល​បាន​កើតឡើង​នោះ គឺ​បណ្តា​មកពី​ការធ្វេសប្រហែស​របស់​ម្ចាស់​អាជីវកម្ម ព្រមទាំង​មិន​គោរព​ទៅតាម​ការណែនាំ​របស់​ម​ន្ត្រី​ជំនាញ ខណៈ​ទាំង​ទីតាំង​មួយចំនួន បានធ្វើការ​លួចលាក់​ដោយ​ពុំបាន​សុំច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម​របស់ខ្លួន​ទៀតផង ។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​កន្លងទៅនេះ មាន​ហេតុការណ៍​ផ្ទុះ​ហ្គាស​ឆេះ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មួយកន្លែង ស្ថិតនៅ​តាមផ្លូវ​លោកតា​ណឺ​យ ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្នុង​ក្រុង​សៀមរាប ដែលជា​របស់​ឈ្មោះ ឈុ​ក ឈុនលី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​លក់​ហ្គាស មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​ចំនួន​១៣​នាក់ ក្នុងនោះ​ស្រី​ចំនួន​០៣​នាក់ ៕​