មជ្ឈមណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ សម្តេច​តេ​ជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី​

កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ា នាយក​មជ្ឈមណ្ឌល​អភិ​វឌ្ឍន៍ យោធិន​ពិការ សម្តេច តេ​ជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប រួមជាមួយ​នឹង​លោកនាយ​ករង នាយ នាយរង​ផ្នែក និង​មន្ត្រី​ជំនាញ​ចំណុះ​ជាច្រើនរូប បានរៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​រដ្ឋបាល​មជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិន​ពិការ សម្តេច តេ​ជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ា បាន​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​ការបាត់បង់​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ដែល​ក្នុង​មួយជីវិត​របស់​សម្តេច សម្តេច​មានគុណ​បំណាច់​យ៉ាង​ធំធេង​ចំពោះ​ជាតិ ជាពិសេស​ផ្នែក​សិល្បៈ វប្បធម៌​អរិយធម៌ រហូត​ទទួលបាន​ព្រះ​គោរមងារ​ថា “​ទេព​នាថ​វ​ដ្ដី​ឯក​” ជា​តួអង្គ​ឯក​របាំ​អប្សរា លើកតម្កើង​វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន ល្បីល្បាញ រ​ន្ទ័​ទ្ធ​ទាំង​សកលលោក ។​

​សូមបញ្ជាក់ថា សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ព្រះរាជ​បុត្រី​ច្បង​របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង និង​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល នាដ​ការី នៃ​របាំ​ព្រះរាជ​ទ្រព្យ ។​

​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​យាង​សោយ​ព្រះ​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ៧​រោច ខែ​ក​ក្តិ​ក ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ វេលា​ម៉ោង ១២៖៣០​នាទី​ថ្ងៃត្រង់ ដោយ​ព្រះ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ ៧៧​ព្រះវស្សា​៕​