សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សន្និសីទ​អគ្គព្រះរាជអាជ្ញា​អាស៊ាន​ចិន​លើក​ទី​១២ ក្រោម​ប្រធានបទ តួនាទី​ព្រះរាជអាជ្ញា​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅក្នុង​តំបន់​

​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សន្និសីទ​អគ្គព្រះរាជអាជ្ញា​អាស៊ាន​ចិន​លើក​ទី​១២ ក្រោម​ប្រធានបទ តួនាទី​ព្រះរាជអាជ្ញា​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅក្នុង​តំបន់ ដែល​រៀបចំឡើង​នៅ​ខេត្តសៀមរាប ខណៈដែល​អគ្គព្រះរាជអាជ្ញា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អគ្គព្រះរាជអាជ្ញា​អាស៊ាន​-​ចិន លើក​ទី​១២ ក្នុង​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​០៦​ដល់​ថ្ងៃទី​០៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​តំណាង​ព្រឹ​ទ្ឋ​សភា តំណាង​រដ្ឋសភា និង​អមដោយ​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើនរូប​ទៀត ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប អភិបាលខេត្ត​សៀមរាប អគ្គព្រះរាជអាជ្ញា អគ្គ​រដ្ឋអាជ្ញា ឬ​ប្រធាន​ប្រតិភូ មកពី​បណ្តា​ប្រទេស​នៃ​សមាគម​អាស៊ាន និង​ប្រទេស​ចិន ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ឯកឧត្តម លោកជំទាវ​អគ្គព្រះរាជអាជ្ញា អគ្គ​រដ្ឋអាជ្ញា នៃ​បណ្តា​ប្រទេស​សមាគម​អាស៊ាន និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ​ទាំងអស់ ដែល​កំពុងមាន​វត្តមាន​នៅលើ​ទឹកដី​ខេត្តសៀមរាប​អង្គរ​នេះ ហើយ​កម្ពុជា​ពិតជា​មាន​កិត្តិយស​ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​ដ៏​មាន​សារៈសំខាន់​នេះ ស្រប​ពេលដែល​ប្រទេស​សមាជិក​អាស៊ាន ក៏ដូចជា​ប្រទេស​នៅក្នុង​តំបន់​កំពុង​រួមគ្នា​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដែលជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ប្រកបដោយ​គ្រោះថ្នាក់ ហើយ​កំពុង​រីក​រាលដាល​នៅក្នុង​តំបន់​របស់​យើង ។​

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​បន្ថែមថា អំពើ​ជួញដូរ​មនុស្ស គឺជា​គោលនយោបាយ​ដ៏​សំខាន់​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់ និង​បាន​អនុវត្ត​កន្លងមក តាមរយៈ​ការផ្សព្វផ្សាយ​គ្រប់​ទម្រង់​នៃ «​អំពើ​ជួញដូរ​មនុស្ស » តាំងពី​ថ្នាក់ជាតិ​រហូត ដល់​ថ្នាក់មូលដ្ឋាន ដែល​ជាក់ស្តែង​រាជរដ្ឋាភិបាល បាន​ប្រារព្ធ​ទិវា​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​ឆ្នាំ ២០១៨ កន្លងមក ហើយ​រាជរដ្ឋាភិបាល​បានធ្វើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ ជាមួយ​អង្គការ​ជាតិ​អន្តរជាតិ​នានា និង​ទូរទស្សន៍ បង្កើតឱ្យមាន​ជា​ឃ្លី​ប​វី​ឌី​អូ និង​បទ​យកការណ៍ ដើម្បី​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​យល់ដឹង​នូវ​អំពើ​ជួញដូរ​មនុស្ស​ជាមួយនឹង​ការបង្កើត​នូវ​យន្តការ​ផ្សព្វផ្សាយ​ជាប្រចាំ​ឱ្យបាន​ទូលំទូលាយ​នៅ​ទូទាំងប្រទេស ដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហា​សកល​នេះ​ឱ្យបាន​ទាន់ពេលវេលា បញ្ហា​ប្រទេស​សមាជិក​អាស៊ាន​- ចិន​ត្រូវមាន​គោលការណ៍​រួមមួយ ឯកភាពគ្នា សហការគ្នា​យ៉ាង​ជិតស្និទ្ធ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព ។​

​ក្នុងឱកាស​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ចែករំលែក​នូវ​អនុសាសន៍​មួយចំនួន​ដល់​អង្គ​សន្និសីទ រួមមាន ៖

១. អគ្គព្រះរាជអាជ្ញា​អាស៊ាន​-​ចិន ត្រូវ​រួមគ្នា​ធ្វើ​កិច្ច សហប្រតិបត្តិការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​បញ្ហា​ស្ថាប័ន និង​ប្រទេស​ពាក់ព័ន្ធ​នឹង « អំពើ​ជួញដូរ​មនុស្ស​» ជាពិសេស​នៅក្នុង​ប្រទេស​ឆ្លងកាត់ និង​ប្រទេស​គោលដៅ ដើម្បី​ឆ្លើយតប និង​ដោះស្រាយ​ឱ្យបាន​ទាន់ពេល​កំណត់ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព ។​

២. អគ្គព្រះរាជអាជ្ញា​អាស៊ាន​-​ចិន ត្រូវ​រួមគ្នា​ពិនិត្យ និង​វាយតម្លៃ​បញ្ហា « អំពើ​ជួញដូរ​មនុស្ស » តាមរយៈ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ជាមួយ​ប្រទេស និង​ស្ថាប័ន​ពាក់ព័ន្ធ ដូច​មានចែង​ក្នុង​កិច្ចព្រមព្រៀង ឬ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដែល​បាន​ចុះហត្ថលេខា​កន្លងមក ។​

៣. អគ្គព្រះរាជអាជ្ញា​អាស៊ាន​-​ចិន និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​បន្ត និង​បង្កើន​កិច្ចសហការ​ឱ្យ​បា​ទូលំទូលាយ បង្កលក្ខណៈ​ងាយស្រួល និង​ចូលរួម​ផ្តល់​ធនធាន​សម្រាប់​ប្រតិបត្តិការ​ជា​ប្រព័ន្ធ​ដើម្បី​អាចឆ្លើយតប​បញ្ហា​បាន​ទាន់ពេលវេលា​ស្តីពី «​អំពើ​ជួញដូរ​មនុស្ស »​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​

៤.​អគ្គព្រះរាជអាជ្ញា​អាស៊ាន​-​ចិន​ត្រូវ​រួមគ្នា​ធ្វើ​កំណត់ត្រា និង​ចងក្រង​របាយការណ៍​ជាមួយនឹង​ភស្តុតាង​ជាក់ស្តែង ដើម្បី​បង្ហាញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដែលជា​ឧក្រិដ្ឋកម្ម​បង្ក​គ្រោះថ្នាក់​ដល់​សង្គមជាតិ និង​កំពុង​ប៉ះពាល់​ដល់​កិច្ចដំណើរការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅក្នុង​តំបន់ និង​សកលលោក ។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្ដែង​នូវ​ក្ដី​សង្ឃឹមថា អង្គ​សន្និសីទ​នឹង​បន្ត​ប្រើប្រាស់​យន្តការ​អត្ត​ព្រះរាជអាជ្ញា​អាស៊ាន​-​ចិន ដែលជា​វេទិកា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​រ​ប្រកបដោយ​ឆន្ទៈ​រួម​តែមួយ ក្នុងការ​ប្រយុទ្ធប្រឆាំង «​អំពើ​ជួញដូរ​មនុស្ស » និង​បទល្មើស​ឆ្លងដែន​គ្រប់​រូបភាព​ដើម្បី​ធានា​នូវ​សន្តិសុខ និង​សុវត្ថិភាព​ឆ្លងដែន​ដល់​បញ្ហា​ប្រជាជន​នៅក្នុង​ប្រទេស​អាស៊ាន​-​ចិន និង​នៅក្នុង​តំបន់​ផងដែរ​។​

​សូមបញ្ជាក់ថា ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​មហាអយ្យកា​រ​អម​តុលាការ​កំពូល បាន​បញ្ជាក់ថា​៖ សន្និសីទ​អគ្គព្រះរាជអាជ្ញា​អាស៊ាន​-​ចិន គឺជា​យន្តការ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ក្នុង​វិស័យ​អយ្យការ ដែល​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ពី​អយ្យការ​ប្រជាជន​ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ ចាប់តាំងពី​ការបង្កើតឡើង​ដំបូង​ក្នុង​ឆ្នាំ​២០០៤ សន្និសីទ​បាន​ប្តេជ្ញា​លើកកម្ពស់​ការកសាង​សមត្ថភាព​របស់​ស្ថាប័ន​រដ្ឋអាជ្ញា ក្នុងការ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ការពារ​សុខុមាលភាព និង​ការថែរក្សា​សន្តិភាព និង​ស្ថេរភាព​នៅក្នុង​តំបន់​អាស៊ាន និង​ចិន​។​

​អង្គ​សន្និសីទ​នេះ​បានរៀបចំ​ចំនួន​១១​លើក​រួចមកហើយ ដែល​លើក​ទី​១​ធ្វើ​នៅ​ទីក្រុង​គួ​ម៉ិ​ញ​ខេត្ត​យូ​ណាន់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ឆ្នាំ​២០០៤ និង​ចុងក្រោយ​លើក​ទី​១១ រៀបចំឡើង​នៅ​ទីក្រុង​បិ​ន​ដា​សេរី​ប៊េ​ហ្គា នៃ​ព្រះរាជាណាចក្រ​ប្រ៊ុយណេ​ដា​រុយ​សា​ឡឹម កាលពី​ថ្ងៃទី​១៤-១៥​ខែសីហា​ឆ្នាំ​២០១៨​។​

​គោលបំណង​សំខាន់បំផុត​នៃ​អង្គ​សន្និសីទ ដែល​បានកំណត់​នៅក្នុង​សេចក្តីប្រកាស​រួមមាន​ចុះហត្ថលេខា​ដោយ អគ្គព្រះរាជអាជ្ញា រដ្ឋអាជ្ញា​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​អគ្គ​រដ្ឋអាជ្ញា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃទី​៧-៩​ខែកក្កដា​ឆ្នាំ​២០០៤​នៅ​ទីក្រុង​គួ​ន​ម៉ិ​ញ​ខេត្ត​យូ​ណាន់ បានកំណត់​យ៉ាងច្បាស់​អំពី​ការតាំង​ចិត្ត​របស់ខ្លួន​ក្នុងការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​បទឧក្រិដ្ឋ​ឆ្លងដែន និង​ឆ្លង​តំបន់ ដោយ​អំពាវនាវ​ដល់​ស្ថាប័ន​អយ្យការ​ឱ្យ​សហការគ្នា​ឱ្យបាន​ជិ​ស្និ​ទ្ឋ​ដើម្បី ប្រ​យុ​ទ្ឋ​ប្រឆាំង​អំពើ​ភារ​វក​ម្ម ភារ​វក​ម្ម​ហិរញ្ញវត្ថុ ការជួញដូរ​គ្រឿងញៀន ការរត់​ព​ន្ឋ​ឆ្លងដែន អំពើពុករលួយ ការលាង​លុយកខ្វក់ ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​មាន​អង្គការ​ចាត់តាំង​។​

​សន្និសីទ​អគ្គព្រះរាជអាជ្ញា​អាស៊ាន​-​ចិន​ជា​វេទិការ​នៃ​មហាអយ្យការ​ក្នុង​តំបន់​ដើម្បី​ចែករំលែក​នូវ​បទពិសោធ​និង​ការអនុវត្ត​ល្អ​ក្នុងការ​ប្រ​យុ​ទ្ឋ​ប្រឆាំង ការទប់ស្កាត់ ការបង្ក្រាប និង​ការដាក់ទណ្ឌកម្ម​ចំពោះ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​រួមទាំង​អំពើ​ជួញដូរ​មនុស្ស​ផងដែរ ហើយក៍​ជា​យន្តការ​សម្រាប់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ចិន​។​សន្និសីទ​អគ្គព្រះរាជអាជ្ញា​អាស៊ាន​-​ចិន​លើក​ទី​១២​នាពេលនេះ​គឺ​ដើម្បី​រក​ដំណោះស្រាយ​ក៍​ដូចជា​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ហើយ​អគ្គព្រះរាជអាជ្ញា​អាស៊ាន​ចិន​នឹង​ចេញ​នូវ​សេចក្តីប្រកាស​រួមមួយ​ជា​គោល​សម្រាប់​អនុវត្ត​ស្របទៅនឹង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ការ​ប្រ​យុ​ទ្ឋ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ៕​