សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បង្ហាញថា ឱសថ​ក្លែងក្លាយ និង អន់​គុណភាព បង្ក​គ្រោះថ្នាក់​ខ្ពស់​ដល់​សុខភាព និង​ជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ត្រូវ​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់ ទាំង​នៅក្នុង​ប្រទេស តំបន់ និង សកលលោក​

ថ្លែង​នៅក្នុង​ពិធី​បើក ឮ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នៅ​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៩​រៀបចំឡើង​នៅ​ខេត្តសៀមរាប សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍ថា បញ្ហា​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព គឺជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ត្រូវ​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់​, ទាំង​នៅក្នុង​ប្រទេស តំបន់ និង សកលលោក ដូច្នេះ​ប្រសិនបើ​យើង​ប្រើប្រាស់​ឱសថ​អន់​គុណភាព​ព្យាបាល​ជំងឺ អាចធ្វើឱ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ ហើយ​អាច​ប៉ះពាល់​ដល់​អាយុជីវិត និង ធ្វើឱ្យ​ខាតបង់​ថវិកា​ផ្ទាល់ខ្លួន ក៏ដូចជា​ខាតបង់​ថវិការដ្ឋ ព្រមទាំង​បង្ក​គ្រោះថ្នាក់​ខ្ពស់​ដល់​សុខភាព , សុវត្ថិភាព​សង្គម និង ធ្វើឱ្យ​រាំងស្ទះ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ខណៈ​បច្ចុប្បន្ន បញ្ហា​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព​នេះ កំពុង​រីក​រាលដាល​គួរឱ្យ​ព្រួយបារម្ភ​ទាំង​នៅក្នុង​តំបន់ និង ពិភពលោក ជាពិសេស​ការផ្សព្វផ្សាយ​លក់​ឱសថ តាម​ប្រព័ន្ធ​អន​ឡាញ គ្មាន​ប្រភព​ច្បាស់លាស់ និង​មិនមាន​ការចុះបញ្ជី​កា​ត្រឹមត្រូវ​។

​ក្នុងឱកាស​នោះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួងសុខាភិបាល​កម្ពុជា ដែល​បាន​បំពេញភារកិច្ច​ដោយ​ជោគជ័យ និង ជាទី​មោទនៈ ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​សុខាភិបាល​អាស៊ាន ក្នុង​ការដឹកនាំ​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​សុខាភិបាល​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន ព្រមទាំង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ ជាពិសេស ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​ដឹកនាំ​អនុវត្ត​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្តីអំពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព​ហើយ​បាន​ដាក់ចេញ​នូវ​យន្តការ​អនុវត្ត​ច្បាប់ និង បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នានា ព្រមទាំង​ខិតខំ​បន្ត​តាមដាន ត្រួតពិនិត្យ​ការផលិត ឬ លំហូរ​ចូល​នៃ​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព​។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុងនាម​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចែករំលែក​នូវ​អនុសាសន៍​មួយចំនួន​ដល់​អង្គពិធី ក្នុងនោះ​មាន ៖

​ទី​១៖ ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ត្រូវ​រួមគ្នា​លើកកម្ពស់ និង ជំរុញ​ការអនុវត្ត​សកម្មភាព ដើម្បី​ធ្វើ​សុខដុម​នីយកម្ម​វិស័យ​សុខាភិបាល នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល​ឱ្យ​កាន់តែ​ល្អប្រសើរ តាមរយៈ​ការកាត់បន្ថយ​គម្លាត​ផ្នែក​គុណភាព​សេវា​សុខាភិបាល ។​

​ទី​២៖ អាស៊ាន​ត្រូវ​រួមគ្នា​ត្រៀមលក្ខណៈ​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​ផ្នែក​សុខភាព​សាធារណៈ ជាពិសេស​ការ ផ្ទុះឡើង​នៃ​ជំងឺឆ្លង នៅក្នុង​តំបន់​អាស៊ាន និង​គ្រោះមហន្តរាយ​នានា ដែល​បង្កឡើង​ដោយសារ​ការផ្លាស់ប្តូ​រអា​កាស​ធាតុ​។​

​ទី​៣៖ អាស៊ាន​ត្រូវ​រួមគ្នា​កាត់បន្ថយ​គម្លាត​នៃ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​តាមរយៈ​ការជួយ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​នូវ​ចំណុច​ខ្វះខាត​, ជួយ​កសាង​សមត្ថភាព​បច្ចេកទេស បច្ចេកវិទ្យា​ទំនើប និង ធនធានមនុស្ស ជាពិសេស​ត្រូវ​បំពាក់បំប៉ន​នូវ​ចំណេះដឹង និង ជំនាញ​បច្ចេកទេស សមស្រប​តាម​និយាម​អន្តរជាតិ និង បច្ចេកវិទ្យា​ទំនើប ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាជន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង ភាពជឿជាក់​។​

​ទី​៤៖ អាស៊ាន​ត្រូវ​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ នៃ​វិស័យ​សុខាភិបាល​, ចែករំលែក​នូវ​ព័ត៌មាន​ចំណេះដឹង​បទពិសោធន៍ បច្ចេកវិទ្យា និង បច្ចេកទេស​ជាប្រចាំ ដើម្បី​រិះរក​វិធីសាស្ត្រ​នឹង​តម្រូវការ​ចាំបាច់​សម្រាប់​អនុវត្ត​រម​គ្នា ឆ្លើយតបបាន​ទាន់ពេលវេលា​ចំពោះ​គ្រោះមហន្តរាយ​នានា នៅក្នុង​ប្រទេស​អាស៊ាន និង​នៅក្នុង​តំបន់​។​

​ទី​៥៖ អាស៊ាន​ត្រូវ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព តាមរយៈ​កិច្ចសហប្រតិបត្តិការ​អន្តរ​វិស័យ​, ការបន្ត​ពង្រឹង​ក្របខណ្ឌ​ច្បាប់​, ការលើកកម្ពស់​សមត្ថ​ភាព​មន្ត្រី​បច្ចេកទេស តាមដាន​ស្រាវជ្រាវ​ជាប់​ជាប្រចាំ​,​និង ការបន្ត​ពង្រឹង​យន្តការ​អភិបាលកិច្ច​ល្អ​។​

​ទី​៦៖ អាស៊ាន​ត្រូវ​រួមគ្នា​ជាមួយ​ដៃគូ​អភិវឌ្ឍ និង អង្គការ​សុខភាព​ពិភពលោក ដើម្បី​ជំរុញ​ការអនុវត្ត​យន្តការ​ថ្នាក់​តំបន់ និង សកលលោក ដែលមាន​ស្រាប់ និង បង្កើត​យន្តការ ឬ គោលការណ៍​ណែនាំ​ថ្មីៗ​បន្ថែមទៀត សម្រាប់​ការធ្វើ​សុខដុម​នីយកម្ម​វិស័យ​សុខាភិបាល ព្រមទាំង​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស និង ថវិកា សម្រាប់​ការទប់ស្កាត់​ឱសថ​ក្លែងក្លាយ​និង អន់​គុណភាព​។

​សូមបញ្ជាក់ថា​៖​ក្រសួងសុខាភិបាល​នៃ​កម្ពុជា ក្នុងនាម​ជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​ប្តូរ​វេន​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន បាន​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ខេត្តសៀមរាប ដែល​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​របស់​រដ្ឋមន្ត្រី​សុខាភិបាល នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០, អាស៊ាន​បូក​បី (​ចិន ជប៉ុន កូរ៉េ​) , អគ្គលេខាធិការ​អាស៊ាន និង​ប្រតិភូ​អមដំណើរ​សរុប​ប្រមាណ​៣០០​នាក់​។

​កិច្ចប្រជុំ​នេះ​ត្រូវ​បានរៀបចំ​រៀងរាល់​ពី​រ​ឆ្នាំ​ម្តង ជា​លក្ខណៈ​ប្តូរ​វេន ដែល​រួមមាន ១៖ កិច្ចប្រជុំ​ត្រៀម​ឧ​ត្ត​ម​មន្ត្រី​សុខាភិបាល​អាស៊ាន អាស៊ាន​បូក​បី និង​អាស៊ាន​-​ចិន និង ២៖ កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន អាស៊ាន​បូក​បី និង​អាស៊ាន​-​ចិន ក្រោម​ប្រធានបទ «​លើកកម្ពស់​សុខភាព​ប្រជាជន​អាស៊ាន​ទាំងមូល​» ៕​