ថ្លែងក្នុងសន្និសីទកាសែតមួយ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បន្ទាប់ពីកម្ពុជាបានរកឃើញមេរោគកូវីត១៩ មួយករណីទៀត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យបិទសាលារៀននៅក្នុងក្រុងសៀមរាប ជាបណ្តោះអាសន្ន ដើម្បីជៀសវាងការរីករាលដាលជំងឺ Covid-19 ព្រមទាំងបិទការប្រារព្ធព្រឹត្តិការអង្គរសង្ក្រាន្តនៅខេត្តសៀមរាបផងដែរ ។
ឯកឧត្ដម ម៉ម ប៊ុនហេង មានប្រសាសន៍ទៀតថា ការរកឃើញជំងឺកូវីត១៩ថ្មីនៅកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានយកកំហាកមនុស្សសង្ស័យ ៤នាក់ នៅខេត្តសៀមរាប ដែលធ្វើការងារស្និទ្ធជាមួយជនជាតិជប៉ុនម្នាក់ ដែលឆ្លងមេរោគកូរ៉ូណាហើយចាកចេញពីខេត្តសៀមរាប ទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសវៀតណាម។ ប៉ុន្តែទោះយ៉ាងនេះក្តី មនុស្ស៣នាក់ក្នុងចំណោម៤នាក់នោះ ពុំមានការឆ្លងនោះទេ ខណៈដែលក្រសួងសុខាភិបាល នឹងធ្វើការតាមដានរយៈពេល១៤ថ្ងៃបន្តទៀត ដោយទុកពួកគេនៅស្ថិតនៅដាច់ដោយឡែក ។
គួររំលឹកថា ឆ្លើយតបជាមួយសារព័ត៌មានមួយចំនួន ដែលបង្ហោះលើបណ្តាញសង្គម Facebook បង្កឲ្យមានការយល់ច្រឡំថា សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទសាលារៀនទូទាំងខេត្តសៀមរាប ក្រោយមានការរកឃើញជំងឺ Covid-19 លើបុរសជនជាតិខ្មែរម្នាក់នោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់បន្ថែមតាមរយៈការ Comments នៅលើ Facebook នារីម្នាក់ដែលបានស៊ែរព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធការបិទសាលារៀនយ៉ាងដូច្នេះថា «សូមបញ្ជាក់ឡើងវិញឲ្យច្បាស់ ការបិទសាលារៀន គឺបិទតែក្រុងសៀមរាបមួយទេ មិនមែនទូរទាំងខេត្តសៀមរាបនោះឡើយ។ គោលដៅនៃការបិទ គឺដើម្បីការពារកុមារ ដែលមិនចេះវិធីការពារខ្លួន។ សង្ឃឹមថាមាតាបិតា អាណាព្យបាលខិតខំឲ្យកូនចៅ ខិតខំរៀននៅផ្ទះក្នុងរយៈពេលនេះការបិទសាលាបណ្តោះអាសន្ននេះ»។
សូមជម្រាបថា ក្រោយទទួលបានបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី០៧ ខែមីនានេះ ក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ស្តីពីការសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ឧត្តមសិក្សា នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោយរកឃើញជំងឺ Covid-19 លើបុរសជនជាតិខ្មែរម្នាក់ ៕