អាជ្ញាធរ​ឃុំ​សំរោង​យា​អះអាងថា អាជ្ញាធរ​មិន​មែន​ជា​តុលាការ​ទេ​

លោកស្រី ប៉ាត សុភា ជំទប់​ទី​១​ឃុំ​សំរោង​យា ស្រុក​ពួក បាន​លើកឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​មាន​សិទ្ធិអំណាច​ក្នុងការ​កាត់សេចក្តី​លើ​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​ទេ មាន​តែ​តុលាការ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​អំណាច​តាម​ច្បាប់ អាជ្ញាធ​មូលដ្ឋានរ​មាន​សិទ្ធិ​ត្រឹមតែ​ធ្វើ​ការសម្របសម្រួល តាម​ការស្នើរ​សុំ​ពី​ភាគី​ទាំងសងខាង ចំពោះ​តែ​ករណី​ស្រាល ប្រសិនបើ​ជា​ករណី​ធ្ងន់ធ្ងរ អាជ្ញាធរ​មិន​អាច​សម្របសម្រួល​បាន​ទេ គឺ​បញ្ជូលទៅ​តុលាការ និង​មាន​កិច្ចសហការ​ជាមួយ​អង្គការ​ដៃគូរ​ដើម្បី​ជួយ​ជនរងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​។

 

​លោកស្រី ប៉ាត សុភាព មានប្រសាសន៍​បែប​នេះ​ក្នុង ពេល​រួម​ជា​វាគ្មិន​ក្នុង​កម្មវិធី យើង​ធ្វើ​បាន របស់​វិទ្យុ និង​ទូរទស្សន៍​ជាតិ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ​២០១៩​នេះ ។

​លោកស្រី​បាន​លើកឡើង​បន្តថា ក្នុងនាម​លោក​ស្រី​ដែល​ជា​អាជ្ញាធរ​មូលដ្ឋាន តែង​យកចិត្តទុកដាក់ ជួយ​ដល់​ស្ត្រី​ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ មិន​ថា​ករណី​ហិង្សា​ផ្លូវកាយ ផ្លូវចិត្ត ផ្ផូវភេទ ឬ​សេដ្ឋកិច្ច​ទេ អាជ្ញាធរ​ខិតខំ​ធ្វើយ៉ាងណា​ជួយ​ដល់​ស្ត្រី​ឲ្យទទួល​បាន​ភាពយុត្តិធម៌​។

 

​លោកស្រី​បន្ត​ទៀត​ថា នៅពេល​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​កើតឡើង ស្ត្រី​ត្រូវ​ហ៊ាន​រាយការណ៍​មក​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ដែល​នៅ​ជិត ដើម្បី​សម្របសម្រួល និង​ជួយ​ដល់​ស្ត្រី​គ្រប់ពេលវេលា ហើយ​សូម​ឲ្យ​ស្ត្រី​គិត​ថា​អំពើហិង្សា​ក្នុង​គ្រួសារ​មិនមែន​ជា​រឿង​បុគ្គល​ទេ​គឺជា​រឿង​សហគមន៍​ទាំងមូល ដែល​បញ្ហា​នេះ​អាជ្ញាធរ​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ខ្លាំង​ក្នុង​ការជួយ​គាំទ្រ​ស្ត្រី​៕

 

អត្ថបទ​៖​ អ្នក​នាង​ ហេង​ លាង​ស៊ីម