ពិធី​ដង្ហែ​ក្បួន​ធម្ម​យាត្រា​លើក​ទី​២ ត្រូវបាន​ប្រកាស​បិទ​ជា​ផ្លូវការ​ហើយ កាលពី​រសៀល​ថ្ងៃនេះ នៅក្នុង​ក្រុង​សៀមរាប​

បន្ទាប់ពី​ធ្វើ​ក្បូន​ដង្ហែ​ក្បួន​ធម្ម​យាត្រា​លើក​ទី​២ តាម​គន្លង​ធម៌​ព្រះ​អរិយសង្ឃ នៃ​តំបន់​ទន្លេមេគង្គ មានដូចជា កម្ពុជា ថៃ ឡាវ វៀតណាម និង​មី​យ៉ាន់​ម៉ា អស់​រយៈពេល​ជាង​១០​ថ្ងៃ​កន្លងមក ដែល​ផ្តើម​ចេញដំណើរ​ពី​វត្ត​ព្រះ​ធាតុ​ជា ស្រុក​លៀង​សែន ខេត្ត​ឈៀង​រ៉ា​យ ប្រទេស​ថៃ ដោយ​ឆ្លងកាត់​តាម​ប្រទេស​ឡាវ , វៀតណាម , មី​យ៉ាន់​ម៉ា និង​បិទ​បញ្ចប់​កម្មវិធី​នៅលើ​ទឹកដី​អង្គរវត្ត​ដ៏​បវរ​នា​ក្រុង​សៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ការធ្វើដំណើរ​ចម្ងាយ​ផ្លូវ​ប្រហែល​២៤០០ គីឡូម៉ែត្រ នៅពេលនេះ​ពិធី​ដង្ហែ​ក្បួន​ធម្ម​យាត្រា​លើក​ទី​២​នេះ ត្រូវបាន​ប្រកាស​បិទ​ជា​ផ្លូវការ​ហើយ កាលពី​រសៀល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​អង្គរ​ភូ​គី​ត្រា​សៀមរាប ក្រោម​រាជាធិបតីភាព​សម្ដេច​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត​ព្រះសង្ឃរាជ ទេព វង្ស សម្ដេចព្រះសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តសៀមរាប ដោយ​មានការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ និង ពុទ្ធបរិស័ទ​នៃ​ប្រទេស​ទាំង​៥ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​ជួរ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា សមាជិក​រដ្ឋសភា គណៈ​អភិបាលខេត្ត​សៀមរាប ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព និង ប្រជា​ពុទ្ធបរិស័ទ​ក្នុង​ខេត្តសៀមរាប ជាច្រើនរូប ។

​លោក​បណ្ឌិត ស៊ុ​ផៈ​ឆៃ​វីរៈ​ភុជង្គ អគ្គលេខាធិការ វិទ្យាស្ថាន ពោធិ​ខា​យ៉ា​វិ​ឆា​ល័យ ៩៨០ មានប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រា​ជ្រៅ​ដល់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជណាចក្រ​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់បំផុត អនុញ្ញាតឱ្យ​បានរៀបចំ​ពិធីបួងសួង​នៅលើ​ទឹកដី​នៃ​ប្រាសាទ​អង្គរ​ដ៏​បវរ ដែលជា​ទឹកដី​ដ៏​ស័ក្ដិសិទ្ធិ​មាន​ប្រវត្តិ​រីកចម្រើន​រុងរឿង​ក្នុង​វិស័យ​អរិយធម៌​ព្រះពុទ្ធសាសនា ។

​លោក​បណ្ឌិត ស៊ុ​ផៈ​ឆៃ​វីរៈ​ភុជង្គ មានប្រសាសន៍​បន្ថែមថា ការរៀបចំ​ធម្ម​យាត្រា​ក្នុង​ដែនដី​ទាំង​៥ នៃ​តំបន់​ទន្លេមេគង្គ​កើតឡើង​ដោយ​ចេតនា និង​គោលបំណង​ដ៏​បរិសុទ្ធ ដើម្បី​សហការ​រួម​សាមគ្គី​ផ្លាស់ប្តូរ​បទពិសោធន៍រ​វាង​គ្នា​និង​គ្នា ស្វែងយល់​ពី​ពុទ្ធ​វប្បធម៌​ប្រពៃណី នៃ​ពុទ្ធសាសនិក​តាម​តំបន់​ទន្លេមេគង្គ ក្នុង​គោលបំណង​ឱ្យ​ពុទ្ធសាសនិក​នាំយក​ពុទ្ធឱវាទ​មេរៀន​របស់​អង្គ​ព្រះសម្មាសម្ពុទ្ធ​ជា​អង្គ​ម្ចាស់​មក​ប្រតិបត្តិ​គ្រប់ពេលវេលា ដែល​នៅពេលនេះ​កម្មវិធី​យើង​បាន​ចប់​សម្រេច​ជោគជ័យ ហើយ​ចាត់ទុកថា​ជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ដែល​ត្រូវបាន​កត់ត្រា​ទុក​សម្រាប់​ពុទ្ធសាសនិក ហើយក៏​ជាការ​រឹតចំណង​សភា​នៃ​ពុទ្ធសាសនិក​ក្នុង​អនុតំបន់​ទន្លេមេគង្គ​ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​ខ្លាំង​ឡើង​ថែមទៀត ហើយ​គណៈ​ធម្ម​យាត្រា​ដែល​បាន​ចូលរួម​ធ្វើដំណើរ​ជាមួយគ្នា​រហូតមក​នោះ មាន​ព្រះសង្ឃ ,​ឧបាសក , ឧបាសិកា និង​អ្នកសារព័ត៌មាន ទាំង ៥ ប្រទេស សរុប​ទាំងអស់​ចំនួន ១២០ អង្គ​/​នាក់ និង​ចូលរួម​ដាំ​ដើម​ព្រះ​សិរី​មហាពោធិ៍​ចំនួន ១៦ ដើម​។

​លោក​បណ្ឌិត ស៊ុ​ផៈ​ឆៃ​វីរៈ​ភុជង្គ មានប្រសាសន៍​បន្ថែមទៀត​ថា ប្រវត្តិ​ចាប់ផ្តើម​នៃ​ធម្ម​យាត្រា ក្នុង​ដែនដី​ទាំង​៥ នៃ​តំបន់​ទន្លេមេគង្គ​នេះ មាន​ចំណុច​ចាប់ផ្តើម​ដំបូង​នៅ​ដែនដី​ពុទ្ធភូមិ​ជា​ទឹកដី​កំណើត​ព្រះពុទ្ធសាសនា រួច​បន្ត​មកកាន់​តំបន់​ទន្លេមេគង្គ​ដែនដី​សុវណ្ណ​ភូមិ ដែល​កម្មវិធី​នេះ​ផ្តួចផ្តើម​ដំបូង​ដោយ​អតីត​ព្រះ​អគ្គ​មហាសង្ឃរាជ ព្រះមហា​ផង់​សៈ​ម៉ា​ឡោក ប្រធាន​មជ្ឈមណ្ឌល​ស្ថាប័ន​សម្ព័ន្ធ​ព្រះពុទ្ធសាសនា នៃ​ប្រទេស​ឡាវ ព្រះអង្គ​បានបង្ហាញ​នូវ​គោលដៅ​ចុងក្រោយ​ក្នុងខណៈដែល​កំពុង​តែមាន​អាពាធ​ធ្ងន់ធ្ងរ​មុននឹង​សុគត​ក្នុង​ព្រះជន្ម​១០០​ព្រះវស្សា គឺ​ឱ្យ​បន្តដំណើរ​ការ​នូវ​មាគ៌ា​ព្រះពុទ្ធសាសនា​ក្នុង​ដែនដី​សុវណ្ណ​ភូមិ ហើយ​កម្មវិធី​នេះ គឺជា​ប្រវត្តិសាស្ត្រ​ដ៏​យូរអង្វែង​ត​ទៅមុខទៀត ដែល​ស្ថាប័ន​ពោធិ​ខា​យា​វិ​ឆា​ល័យ​ជំរុំ​ពោធិ​ខា​យា​មូលនិធិ​វីរៈ​ភុជង្គ បានទទួល​យកពាក្យ​ណែនាំ និង​ផ្សព្វផ្សាយ​បន្ត ក្លាយជា​ធម្ម​យាត្រា​លើក​ទី​១ ក្នុង​ដែនដី​ទាំង​៥ តាម​គន្លង​ព្រះ​អរិយសង្ឃ ក្នុង​តំបន់​ទន្លេមេគង្គ និង​ធម្ម​យាត្រា​លើក​ទី​២​ក្នុង​ដែនដី​ទាំង​៥ នៃ​តំបន់​ទន្លេមេគង្គ ដែលជា​ការសហការ​បំពេញ​ការងារ​រវាង​ស្ថាប័ន​ផ្សេងៗ​ក្នុងប្រទេស​ទាំង​៥ ក៏ដូចជា​ការរួបរួម​ញាតិ​ព្រះធម៌​តាម​តំបន់​ទន្លេមេគង្គ ឱ្យមក​បំពេញ​បុណ្យ​កុសល​សន្សំ​បារមី​ជាមួយគ្នា ដើម្បី​បញ្ជាក់​ពី​ទឹកចិត្ត​ជ្រះថ្លា​នាំយក​មេរៀន​របស់​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ មកប្រើប្រាស់​សម្រាប់​ដំណើរ​ជីវិត​យើងទាំងអស់គ្នា ដើម្បីឱ្យ​កើត​នូវ​ភាព​ត្រជាក់​ស្ងប់​តាមរយៈ​សុខសន្តិភាព​ទូទាំង​ដែនដី​។

​មានប្រសាសន៍​ក្នុងឱកាស​នោះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តសៀមរាប បាន​បញ្ជាក់ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សូម​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​ព្រះ​វត្តមាន​សម្ដេច​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត​ព្រះសង្ឃរាជ ទេព វង្ស នៅក្នុង​ពិធី​នេះ សំដៅ​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា​ឲ្យ​កាន់តែ​រីកចម្រើន​ឡើង និង អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​បណ្ឌិត ស៊ុ​ផៈ​ឆៃ វីរៈ​ភុជង្គ ដែល​បានរៀបចំ និង​ដឹកនាំ​ក្បួន​ធម្ម​យាត្រា​នេះ មានដំណើរ​ការប្រកប​ដោយ​ភាពរលូន និង មាន​សុវត្ថិភាព តាម​ការគ្រោងទុក ជាពិសេស​អរគុណ​ចំពោះ​អាជ្ញាធរ​ខេត្តសៀមរាប ដែល​បាន​សហការ​រៀបចំ​ក្បូន​ដង្ហែ​ក្បួន​ធម្ម​យាត្រា​លើក​ទី​២​នេះ ប្រកបដោយ​ភាពរលូន ហើយ​តាមរយៈ​នៃ​ពិធី​ដង្ហែ​ក្បួន​ធម្ម​យាត្រា​នេះ បាន​ប្រមូលផ្ដុំ​គំនិត និង បញ្ញាញាណ​ទូលំទូលាយ រិះរក​ផែនការ​សមស្រប ព្រមទាំង​កាត់បន្ថយ និង លុបបំបាត់​អកុសល និង អំពើហិង្សា​ក្នុងសង្គម ព្រមទាំង​ចាប់យក​នូវ​សុខសន្តិភាព​ពេញលេញ សុខុមាលភាព​ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង អនុវត្ត​នៅក្នុង​ដែនដី​ទាំង​៥ នៃ​តំបន់​ទន្លេមេគង្គ ។

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍​បន្ថែមថា ក្នុង​ស្មារតី​នេះ សកម្មភាព​ចូលរួម​ប្រកបដោយ​ផ្លែផ្កា​នេះ គឺជា​និមិត្តរូប​នៃ​ឆន្ទៈ​ដ៏​ភ្លឺស្វាង បង្ហាញ​ពី​ភាព​ទទួលខុសត្រូវ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​ព្រះពុទ្ធសាសនា ដែលជា​ភាពចាំបាច់​ក្នុងសង្គម​ទាំងមូល និង ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​គ្រប់បែបយ៉ាង ដើម្បី​កសាង​សង្គមជាតិ​មួយ ប្រកបដោយ​សុខសន្តិភាព និង ភាពសុខដុមរមនា និង ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង មាន​សីលធម៌ ហើយ​កម្ពុជា ពិត​ជាមាន​កិត្តិយស​ដ៏​ឧត្ដុង្គឧត្ដម ដែល​បានទទួល​នូវ​ក្បូន​ដង្ហែ​ក្បួន​ធម្ម​យាត្រា​លើក​ទី​២ នៅលើ​ទឹកដី​អង្គរ​ដ៏​បវរ ដែលជា​ទឹកដី​នៃ​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ។

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍​បន្ថែមទៀត​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​យ៉ាងច្បាស់​ថា ជា​សាសនា​របស់​រដ្ឋ ដែល​ភាគច្រើន​លើសលប់​នៃ​ប្រជាជន​ខ្មែរ បានចាត់ទុក​ព្រះពុទ្ធសាសនា​គឺជា​ផ្នែក​មួយ នៃ​អត្តសញ្ញាណ​ជាតិ ដែល​ក្នុងន័យនេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​វិស័យ​ព្រះពុទ្ធសាសនា ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​រួមចំណែក​ពង្រឹង​សាមគ្គីភាព និង ការលើកកម្ពស់​វប្បធម៌ ខណៈដែល​វត្ត​អារាម និង ព្រះសង្ឃ​រាប់ម៉ឺន​អង្គ​នៅ​កម្ពុជា មិន​គ្រាន់តែ​ជាទី​ឋាន និង ទីសក្ការៈ​គោរពបូជា​ប៉ុណ្ណោះ​នោះទេ ថែមទាំង​ជា​កន្លែង​សម្រាប់​ការបណ្ដុះបណ្ដាល នូវ​បញ្ញាញាណ ឬ​ជា​ថ្នាល​បណ្ដុះ​នូវ​មូលធន​បញ្ញាញាណ និង ជា​ថ្នាល​បណ្ដុះ​នូវ​បញ្ញវ័ន្ត សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ លើ​គ្រប់​វិស័យ​ទៀតផង ។

​សូមបញ្ជាក់ថា ពិធី​បិទ​ដង្ហែ​ក្បួន​ធម្ម​យាត្រា​នៅ​ខេត្តសៀមរាប​នេះ មានកម្ម​វិធី​ជាច្រើន ដូចជា ៖ ពិធី​ដាំ​ដើម​ពោធិ​ប្រឹក្ស​នៅ​វត្ត​ទេព​ពោធិ​វង្ស , ពិធី​ដង្ហែ​ធម្ម​យាត្រា​នៅក្នុង​ក្រុង​សៀមរាប , ពិធីរាប់បាត្រ​នៅ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម , ពិធី​បិទ​ធម្ម​យាត្រា​លើក​ទី​២ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​អង្គរ​ភូ​គី​ត្រា​សៀមរាប និង ពិធីបួងសួង​នៅមុខ​ប្រាសាទអង្គរវត្ត ដែលជា​កម្មវិធី​បញ្ចប់ ។​

​ក្នុងឱកាស​នៃ​ការបិទ​បញ្ចប់​ពិធី​ដង្ហែ​ក្បួន​ធម្ម​យាត្រា​នៅ​ខេត្តសៀមរាប​នេះ សណ្ឋាគារ​សូ​ហ្វី​តែ​ល​អង្គរ​ភូ​គី​ត្រា​សៀមរាប បានរៀបចំ​ពិធី​ពិសា​បាយ​សាមគ្គី​សម្រាប់​ប្រតិភូ​នៃ​ក្បួន​ធម្ម​យាត្រា លើក​ទី​២​នេះ ៕​