រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បង្ហាញ​កម្មវិធី​ប្រជុំ​សំខាន់ៗ​ក្នុងថ្ងៃនេះ មុននឹង​ការបើក​ជា​ផ្លូវការ​នូវ​កិច្ចប្រជុំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ថ្ងៃស្អែក​

ឯកឧត្ដម កឹម គុណ​វឌ្ឍន៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង អនុប្រធាន​គណៈកម្មកា​រ​រៀបចំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​នោះ គឺជា​វគ្គ​បឋម​មុននឹង​ការបើក​ជា​ផ្លូវការ នូវ​កិច្ចប្រជុំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​១២ ខែមិថុនា ស្អែក​នេះ ដែលមាន​កម្មវិធី​ចំនួន​៥ គឺ ទី​១. តួនាទី​នៅក្នុង​វិស័យ​ផ្សព្វផ្សាយ​បែប​ប្រពៃណី មាន​វិទ្យុ ទូរទស្សន៍ និង កាសែត ត្រូវ​រៀបចំខ្លួន​យ៉ាងដូចម្ដេច ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​របស់ខ្លួន ឲ្យ​ស្របទៅនឹង​យុគ្គ​សម័យថ្មី គឺ​យុគ្គសម័យ​ឌីជីថល , ទី​២. តើ​ការទប់ស្កាត់​ព័ត៌មាន​មិន​ពិត និង ព័ត៌មាន​ក្លែងក្លាយ​យ៉ាងដូចម្ដេច ? , ទី​៣. និយាយ​អំពី​និន្នាការ នៃ​ការឈាន​ឆ្ពោះ​ទៅលើ​បច្ចេកវិទ្យា 4K សម្រាប់​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន , ទី​៤. និយាយ​អំពី​តួនាទី​ក្នុង​វិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បច្ចេកវិទ្យា នៃ​បដិវត្តន៍ ៤.០ ថា​តើ​ត្រូវ​ដំណើរការ​របៀប​ណា និង ទី​៥. ផលប៉ះពាល់​នៃ​ការបង្កើត​ការពិត និង ការពិត​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយមាន​អស់លោក ជា​បណ្ឌិត សាស្ត្រាចារ្យ និង ជា​អ្នកឯកទេស​ខាង​វិស័យ​ព័ត៌មាន​ផ្សព្វផ្សាយ និង បច្ចេក​វិ​ទ្យ ដែល​នឹង​មក​ធ្វើការ​ឧទ្ទេសនាម ហើយ​អ្នក​ដែល​មក​ចូលរួម​ចំនួន​ប្រមាណ​២៥០​នាក់ មកពី​ប្រមាណ​ជាង​៤០​ប្រទេស គឺ​សុទ្ធសឹង​ជា​មន្ត្រីជាន់ខ្ពស់​នៅក្នុង​វិស័យ​ព័ត៌មាន ជាពិសេស​ក្នុង​យុគ្គ​សម័យថ្មី នៃ​ព័ត៌មាន​បែប​ទំនើប និង ព័ត៌មាន​សង្គម ។

​ឯកឧត្ដម កឹម គុណ​វឌ្ឍន៍ មានប្រសាសន៍​ទៀតថា កម្មវិធី​ទាំង​៥​នេះ គឺ​ពូតផ្ដុំ លើ​ការប្រមូលផ្ដុំ​ទស្សនៈ ទៅលើ​ការពិភាក្សា រវាង​អ្នកឯកទេស​ជំនាញ រវាង​មន្ត្រី​គ្រប់គ្រង​ក្នុង​វិស័យ​ព័ត៌មាន ដើម្បី​ធ្វើយ៉ាងណា ក្នុង​កិច្ចប្រជុំ​កំពូល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រក​ឲ្យ​ឃើញថា និន្នាការ​ថ្មី និង គំហើញ​ថ្មី​សម្រាប់​ការអនុវត្ត ឆ្លើយតប​ទៅនឹង​សេចក្ដីត្រូវការ​របស់​អ្នកមើល អ្នក​ស្ដាប់ និង អ្នកអាន ហើយ​យើង​ត្រូវបំពេញ​នូវ​តួនាទី​ដោយ​របៀប​ណា ជាពិសេស​នៅក្នុង​ដំណាក់កាល​នៃ​ព័ត៌មាន​សង្គម កំពុង​រីកសាយ​ភាយ និង កំពុងមាន​ឥទ្ធិពល​ខ្លាំង នៅក្នុង​ចំណោម​នៃ​វិស័យ​ព័ត៌មាន​បែប​ប្រពៃណី ។

​ឯកឧត្ដម កឹម គុណ​វឌ្ឍន៍ មានប្រសាសន៍​បន្ថែមទៀត​ថា កិច្ចប្រជុំ​នេះ ក៏​នឹង​ទទួលយក​នូវ​ទស្សនៈ និង គំនិត ដើម្បី​ចងក្រង​ជា​ទស្សនៈវិស័យ ថា​តើ​កិច្ចប្រជុំ​កំពូល​លើ​វិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន យើង​រក​ឲ្យ​ឃើញថា នឹង​បន្ត​ភារកិច្ច និង បន្ត​ការអនុវត្ត​ជាក់ស្ដែង​យ៉ាងដូចម្ដេច ដើម្បី​ធ្វើយ៉ាងណា ឲ្យ​វិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​បែប​ប្រពៃណី ទាំង​បែប​ទំនើប និង ទាំង​បែប​សង្គម ត្រូវ​ដើរ​ជាមួយគ្នា និង ប្រមូលផ្ដុំ​ជាមួយគ្នា ដើម្បី​បម្រើ​សេចក្ដីត្រូវការ​របស់​សាធារណជន បម្រើ​សេចក្ដីត្រូវការ​របស់​ទូ​រ​ទស្សនិកជន និង បម្រើ​សេចក្ដីត្រូវការ​របស់​អ្នក​ស្ដាប់ ។

​សូមបញ្ជាក់ថា សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ ឆ្នាំ​២០១៩ នឹង​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​ស្អែក​នេះ ដោយមាន​គណៈប្រតិភូ​ជា​ថ្នាក់ដឹកនាំ និង​តំណាង​ស្ថាប័ន​រដ្ឋាភិបាល ព្រមទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចូលរួម​ប្រមាណ​៥០០​នាក់ មកពី​បណ្ដា​ប្រទេស​ជាង​៤០ នៅក្នុង​តំបន់​និង​ពិភពលោក ៕​