លោក​មេឃុំ​សែន​សុខ​សន្យាថា នឹង​សម្រេច​នូវ​សមិទ្ធផល​ផ្លូវ​មួយ​ខ្សែ​ក្នុង​ឆ្នាំ​២០១៨​នេះ​


លោក មេ រ៉ា​ឌី មេឃុំ​សែន​សុខ ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​សន្ទនា​មតិ​នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែ​សីហា ឆ្នាំ​២០១៨ បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ​ពី​បញ្ហា​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ចំនួន​៥​គឺ ភូមិ​អង្គុល ភូមិ​ដំរី​ស្លាប់ ភូមិ​តា​តុ ភូមិ​តាប៉ាង និង​ភូមិខ្សី​ផងដែរ​។ បច្ចុប្បន្ន​នេះ​ក្រសួង​អភិវឌ្ឍន៍ជនបទ​កំពុង​ធ្វើ​ការជួសជុល​ផ្លូវ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​៧​គីឡូម៉ែត្រ​ដែល​ជាប់​ព្រំប្រទល់​ឆ្លងកាត់​ភូមិ​ចំនួន​៥ ក្នុង​ឃុំ​សែន​សុខ ហើយ​ផ្លូវ​នោះ​ជា​ប្រភេទ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​។​
Clip: (​សូម​ជម្រាប​ថា​សព្វថ្ងៃ​យើង​កំពុង​អនុវត្ត​បន្ត​៧​គីឡូម៉ែត្រ​ទៀត​ជា​គម្រោង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​នៅក្នុង​ភូមិ​អង្គុល ភូមិ​ដំរី​ស្លាប់ ភូមិ​តា​តុ ភូមិ​តាប៉ាង ហើយ​ឆ្លង​ចូលមក​ដល់​ភូមិខ្សី​ដែល​យើង​កំពុងតែ​អនុវត្ត​ក្នុង​ឆ្នាំ​២០១៨​នេះ​។ បាទ​ផ្លូវ​នេះ​បើ​គិត​ជា​ភាគរយ​បាន​ប្រហែល​ពី​៧០​ទៅ​៨០%​ហើយ​នៃ​ការសាងសង់​។ ផ្លូវ​នេះ​ជា​ប្រភេទ​ផ្លូវ​គ្រួស​ក្រហម​ទាក់ទង​និង​ការចូលរួម​របស់​អាជ្ញា​ធរ​ក៏ដូចជា​ក្រុមប្រឹក្សា​ឃុំ​យើង​បានធ្វើការ ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ទាំង​៥​ភូមិ​ដែល​ពាក់ព័ន្ធ​និង​ការសាងសង់​ផ្លូវ​នោះ ដោយសារ​ថា​វា​ជា​តម្រូវការ​ចាំបាច់​ដល់​ពួកគាត់ គាត់​ចង់បាន​ផ្លូវ ដូច្នេះ​ការដោះស្រាយ​ផលប៉ះពាល់​យើង​បាន​ធ្វើ​ការផ្សព្វផ្សាយ​ទូលំទូលាយ ហើយ​យកចិត្តទុកដាក់​ជាមួយ​ពួក​គាត់​ដែល​ធ្វើឲ្យ​ពួកគាត់​សប្បាយចិត្ត​ដោយ​គាត់​មិន​មាន​ការតវ៉ា​ជំទាស់​ទេ​។ ខ្ញុំ​សូម​អធ្យាស្រ័យ​ដោយសារ​តែ​រដូវ​នេះ ជា​រដូវវស្សា ដូច្នេះ​ខ្ញុំ​មិន​អាច​កំណត់​បាន​ថា​ចុងខែ​៨ ឬ​ខែ​៩​បានទេ ដោយសារ​រដូវវស្សា​ថ្ងៃ​ណា​ក៏​មាន​ភ្លៀង​ធ្លាក់​ខ្លាំង យើង​ក៏​មិន​អាច​ធ្វើបាន​ទេ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៨​នេះ​ធានា​ថា​និង​ធ្វើ​ឲ្យ​ហើយ​តែ​ម្តង​បាទ​។​)

 

​លោក​មេឃុំ​សែន​សុខ បាន​បញ្ជាក់ទៀតថា ការសាងសង់​ផ្លូវ​ក្រួស​ក្រហម​មួយ​ខ្សែ​នេះ​និង​សម្រេច​ឲ្យបាន​យ៉ាងយូបំផុត​ក្នុង​ឆ្នាំ​២០១៨​នេះ​។ លោក​បន្តថា ថ្មីៗ​នេះ​ឃុំ​ទើប​តែ​សម្រេច​បាន​សមិទ្ធផល​ផ្លូវ​មួយ​ខ្សែ​ប្រវែង ១.២០០​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​គ្រួស​ភ្នំ ដោយ​ចំណាយ​ថវិកា​មូលនិធិ​ឃុំ​ក្នុង​ការសាងសង់​ផងដែរ​៕

 

អត្ថ​បទ​ព័ត៌មាន​ដោយ​៖​ អ្នក​នាង​ ស៊ូ​ រក្សា