ក្រោយពេល​ប្រឡង​បាក់​ឌុប​ចប់ តើ​គួរ​រៀន​បន្ដ​ ឬ​ធ្វើ​ការងារ​?

ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ បានបញ្ចប់​នៅ​ថ្ងៃទី​២០ ខែ សីហា ហើយ​ការប្រកាស​លទ្ធផល​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ នៅ​រសៀល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​រា​ជរា​ធានី​ភ្នំពេញ និង​ខេត្ដ​កណ្ដាល និង​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ សម្រាប់​មណ្ឌល​ប្រឡង​នៅ​ខេត្ត​ផ្សេងៗ​ទៀត ដែល​នេះ​គឺជា​ពេលវេលា​សម្រាប់ សិក្សា​នុ​សិស្ស​ជា​បេក្ខជន ត្រូវ​សម្រេចចិត្ត​ពី​ផ្លូវ​ជីវិត​របស់ខ្លួន ក្នុងនាម​ខ្លួន​ជា​មនុស្សពេញវ័យ ដែលមាន​ការសម្រេចចិត្ត​ដោយ​ខ្លួនឯង​ដោយ​មិន​បន្ត​ពឹង​ផ្អែកលើ​ឪពុកម្ដាយ អាណាព្យាបាល​តទៅទៀត​។

​ជា​យុវ​សិស្ស​មួយរូប ប្អូនស្រី ជិន រក្សា រស់នៅក្នុង​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹងថា ចំពោះ​ប្អូន​គឺមាន​បំណង​ចង់​រៀន​បន្ដ​នៅ​សាកលវិទ្យាល័យ ប៉ុន្ដែ​ដោយសារតែ​ប្អូន​ខ្វះ​លទ្ធភាព និង សាលា​នៅ​ឆ្ងាយ ដែល​ធ្វើ​ឲ្យ​ប្អូន ពិបាក​ក្នុងការ​ទៅ​សិក្សា ទើប​ប្អូន​សម្រេចចិត្ត រក​អាជីព​មួយ​សម្រាប់​ខ្លួន​ជាមុនសិន ។

​ជាការ​ពិតណាស់ មនុស្ស​ទូទៅ​រមែង​ចង់​ទទួលបាន​ការងារ​ល្អ​មួយ​សម្រាប់​ខ្លួន​បន្ទាប់ពី​បញ្ចប់​ថ្នាក់​វិទ្យាល័យ ដោយ​សិស្ស​មួយចំនួន​បានដាក់​ពាក្យ​ប្រឡង​ចូល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ​ស៊ីវិល មួយចំនួនទៀត​ដាក់ពាក្យ​បម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន និង​មួយចំនួនទៀត ចង់​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ជាមុនសិន ទើប​សម្រេចចិត្ត​ស្វែងរក​ការធ្វើ​។

​ជាក់ស្ដែង​ប្អូនស្រី ពៅ កែវ រស់នៅក្នុង​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ដែរនោះ​ក៏បាន​បង្ហាញ​ក្ដី​សោកស្ដាយ​មួយ​ដែល ប្អូន​មិនមាន​លទ្ធភាព​ក្នុង​ការរៀន​បន្ដ​នៅ​សា​លក​វិទ្យាល័យ ដោយសារ គ្រួសារ​ប្អូន​ខ្វះ​លទ្ធភាព និង ត្រូវចំ​នាយ​ច្រើន​លើ​ការសិក្សា​ដែល​នៅ​ទីក្រុង ។ ប្អូន​ក៏បាន​សំណូមពរ ចង់​ឲ្យ​មានការ​ផ្ដល់​អាហារ​រូបករណ៍ ដល់​សិស្ស​ដែល​គ្មាន​លទ្ធភាព​បង់ថ្លៃ​ការសិក្សា ដើ​ម្បិ​ឲ្យ​ពួកគេ​អាច​ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍​កាន់តែច្រើន ។

 

​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង លើ​ការអប់រំ​ធនធានមនុស្ស ដើម្បី​ឲ្យ​ប្រទេស​មានការ​រីកចម្រើន និង​ទទួលបាន​ចំណេះដឹង​ប្រកបដោយ​គុណភាព ។ នៅក្នុង​ខេត្តសៀមរាប តែងតែមាន​មហាវិទ្យាល័យ​មួយចំនួន​បានផ្ដល់​អាហារូបករណ៍ ដល់​សិស្ស​និ​សិ​ត្ស ជាក់ស្ដែង កាលពីពេល​ថ្មីៗ​នេះ ឯកឧត្តម​អ្នក​ឧ​ញ្ញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បានផ្ដល់​អាហារូបករណ៍ កន្លែង​ស្នាក់នៅ អាហារ​ហូបចុក និង ម៉ូតូ​មួយគ្រឿង​ដល់​សិស្ស​ក្រីក្រ​ដែឡ​ចង់​បន្ដ​ការសិក្សា​នៅ​សាកលវិទ្យាល័យ អង្គរ ។

​ការកំណត់​គោលដៅ​នៃ​ជីវិត បន្ទាប់ពី​បញ្ចប់​ថ្នាក់​វិទ្យាល័យ ដោយ​បន្ត​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ ឬ ស្វែងរក​ការងារ​ធ្វើ គ្រាន់តែ​ជា​ជំហាន​ដំបូង​នៃ​ការសម្រេចចិត្ត អ្វីដែល​សំខាន់​នោះ គឺ​ខ្លួនឯង​ផ្ទាល់​ថា​តើ​ចង់បាន​អ្វី​ដើម្បី​ធ្វើជា​បង្អែក​មួយ​សម្រាប់​ខ្លួន ។ មនុស្ស​មួយចំនួន​តែងតែ​ចង់​ស្វែងរក​ការងារ​ធ្វើ​មុននឹង បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ និង​មួយចំនួនទៀត​ដែល​គ្រួសារ​មាន​ជីវភាព​ធូរធារ គឺ​តែងតែ​ស្វែងរក​ការធ្វើ​នៅពេល​បញ្ចប់​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ ដើម្បី​ឲ្យ​ចំ​ទៅនឹង​ជំនាញ និង ការពេញចិត្ត​សម្រាប់​ការងារ​ដែល​ខ្លួន​ចង់​ធ្វើ​៕