រដ្ឋបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ពិនិត្យ ពិភាក្សា រៀបចំ​ដាក់​លេខ​ផ្លូវ​និង​ឈ្មោះ​ផ្លូវ ក្នុង​ក្រុង​សៀមរាប​

កាលពី​នៅ​ថ្ងៃទី​២៣ ខែ មិថុនា ឆ្នាំ​២០២០​នេះ រដ្ឋបាល​ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ​ពិនិត្យ ពិភាក្សា​មួយ ដើម្បី​រៀបចំ​ដាក់​លេខ​ផ្លូវ​និង​ឈ្មោះ​ផ្លូវ​ជាថ្មី​ឡើងវិញ នៅក្នុង​ក្រុង​សៀមរាប ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជំនាញ អង្គភាព​ពាក់ព័ន្ធ នាយក​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ​សាលាខេត្ត និង អាជ្ញាធរ​ក្រុង​សៀមរាប ។

​បើតាម​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ការដាក់​ឈ្មោះ​ផ្លូវ គឺ​ត្រូវដាក់​ជា​ឈ្មោះ​វិ​រៈ​បុរស , ឥស្សរជន , សប្បុរសជន , ឈ្មោះ​ពី​ប្រវត្តិសាស្ត្រ ឬ​ជា​ឈ្មោះ​តាម​ភូមិសាស្ត្រ​ធម្មជាតិ , តាម​វប្បធម៌ , ឈ្មោះ​ពី​បុរាណ និង តាម​ទម្លាប់ ហើយ​ការដាក់​ឈ្មោះ​ផ្លូវ​តាម​វិធីសាស្ត្រ ដែល​កំណត់​ច្បាស់លាស់​នូវ​ទីតាំង​ផ្លូវ ប្រភេទ​ផ្លូវ និង អាទិភាព​ផ្លូវ ហើយ​ដើម្បី​ដាក់ឈ្មោះ​តាមបែប​បទ និង នីតិវីធី​ដាក់ឈ្មោះ​ផ្លូវ ឬ​លេខ​ផ្លូវ និង​ការកែប្រែ​ឈ្មោះ​ផ្លូវ លេខ​ផ្លូវត្រូវ​កំណត់​តាម​អនុ​ក្រិ​ត្យ ។

​មន្ត្រី​បានបញ្ជាក់​ទៀតថា ដើម្បី​ធ្វើ​កិច្ចពិភាក្សា​នាពេលនេះ អង្គភាព​ជំនាញ​បច្ចេកទេស​បានកំណត់​ជា​ប្លុក​ចំនួន ៤​ប្លុក រួមមាន ៖ ប្លុក​(​ក​) មាន​ចំនួន​៥៧៥​ខ្សែ ប្រវែង​សរុប ១១៤.៦០០​ម៉ែត្រ , ប្លុក (​ខ​) មាន​ចំនួន ៣០៥​ខ្សែ មាន​ប្រវែង​សរុប ១៤៨.៩៩០​ម៉ែត្រ , ប្លុក (​គ​) មាន​ចំនួន​៤៤០​ខ្សែ មាន​ប្រវែង​សរុប ១៣៤.៣៨០​ម៉ែត្រ និង ប្លុក (​ឃ​) មាន​ចំនួន​៤៩៦​ខ្សែ មាន​ប្រវែង​សរុប ១១៥.៦៣០​ម៉ែត្រ ហើយ​ក្នុង​ចំនួន​ផ្លូវ​ក្នុង​ក្រុង​សៀមរាប មាន ១.៨១៦​ខ្សែ ក៏ត្រូវ​បាន​លើកយក​ផ្លូវ​ក្នុង​ទីប្រជុំជន​ក្រុង​សៀមរាប ចំនួន ៥៧​ខ្សែ មាន​ប្រវែង​សរុប ១១៥.២៩០​ម៉ែត្រ ដើម្បី​យកមក​ធ្វើការ​ពិនិត្យ ពិភាក្សា ក្នុងការ​ដាក់ឈ្មោះ​ផ្លូវ​ថ្មី ឬ ក៏​រក្សាទុក​ឈ្មោះ​ផ្លូវ​ចាស់​ដដែល​ផងដែរ ។

​បន្ទាប់ពី​កិច្ចពិភាក្សា​របស់​អង្គប្រជុំ​ទាំងមូល ដែល​បានធ្វើ​ការកែប្រែ​ឈ្មោះ​ផ្លូវ​ក្នុង​ក្រុង​មួយចំនួន ដាក់ឈ្មោះ​ថ្មី និង រក្សា​ឈ្មោះ​ផ្លូវ​ចាស់​មួយចំនួន​រួចមក ឯកឧត្តម ទៀ សីហា បាន​មានប្រសាសន៍ថា សមត្ថកិច្ច​គ្រប់គ្រង​ផ្លូវ គឺ​ត្រូវ​រៀបចំ​បែង ចែក​ចំណាត់ថ្នាក់​ផ្លូវ​ទៅតាម​នីតិវិធី​បច្ចេកទេស ដោយ​ផ្អែកទៅលើ​ការគ្រប់គ្រង​ភូមិសាស្ត្រ​រដ្ឋបាល មុខងារ​នៃ​ផ្លូវថ្នល់ និង បទ​ប្បញ្ញត្តិ បច្ចេកទេស​ផ្លូវថ្នល់ និង ត្រូវធ្វើ​បញ្ជីសារពើភ័ណ្ឌ ហើយ​មុខងារ​នៃ​ផ្លូវថ្នល់ និង ការធ្វើ​ចំណាត់ថ្នាក់​ផ្លូវថ្នល់ និង កែប្រែ​ចំណាត់​ផ្លូវថ្នល់ ជាពិសេស​រាល់​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប ដែល​បាន​ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិសាស្ត្រ ,​បុព្វបុរស​ខ្មែរ និង ឥស្សរជន , សប្បុរសជន និង ភូមិសាស្ត្រ​ធម្មជាតិ តាម​វប្បធម៌ និង ឈ្មោះ​ពី​បុរាណ​ទៅតាម​ទម្លាប់​ហៅ​តៗ​តាម​គ្នា​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។​

​ក្នុងឱកាស​នោះដែរ​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប បាន​ឯកភាព​ទៅតាម​ស្មារតី​នៃ​កិច្ចប្រជុំ ដែល​បានធ្វើ​ការកែប្រែ​ឈ្មោះ​ផ្លូវ​មួយចំនួន និង រក្សា​នូវ​ឈ្មោះ​ផ្លូវ​ចាស់​មួយចំនួន​នៅ​ដដែល ទៅតាម​ទន្លាប់​ដែល​ប្រជាពលរដ្ឋ​បាន​ស្គាល់ និង ហៅ​ឈ្មោះ​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​សូម​ឲ្យ​សមត្ថកិច្ច​គ្រប់គ្រង​ផ្លូវថ្នល់ ត្រូវ​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ផ្លូវថ្នល់ គម្រោង​ប្លង់ និង កំណត់​គម្រោង​សាងសង់ ស្តារឡើងវិញ ក្នុងការ​កែលម្អ ពង្រីក និង ថែទាំ​ផ្លូវថ្នល់ ព្រមទាំង​សកម្មភាព​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ក្រុង ក្នុងការ​ស្នើសុំ​គោលការណ៍​ឯកភាព​ពី​រាជរដ្ឋាភិបាល ពិសេស​សុំ​ឲ្យ​មន្ទីរជំនាញ សហការ​ជាមួយ​សាលាខេត្ត ក្នុងការ​រៀបចំ​នូវ​បែបបទ ស្នើសុំ​គោលការណ៍​ឯកភាព​ពី​រាជរដ្ឋាភិបាល ក្នុងការ​កំណត់​ការដាក់​ឈ្មោះ​ផ្លូវ​នៅក្នុង​ក្រុង​សៀមរាប ដើម្បី​បង្ក​ភាព​ងាយ ស្រួល​ក្នុងការ​ចំណាំ​ផ្លូវ សម្រាប់​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត​នៅ​ក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប​-​អង្គរ ៕​