រដ្ឋបាល​ខេត្តសៀមរាប រៀបចំ​ទិវា​ជាតិ​លើក​ទី​៥ ស្តីពី​ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ​

នា​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០​ព្រឹក​មិញ​នេះ រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​ទិវា​ជាតិ​បង្ការ​និង​ពន្លត់​អគ្គិភ័យ ក្រោម​អធិបតីភាព​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង ឯកឧត្តម ប្រាក់ ចាន់​ធឿន សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត , អាជ្ញាធរ​ក្រុង ស្រុក , កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ , ចៅសង្កាត់​ក្នុង​ក្រុង​សៀមរាប , គរុ​សិស្ស , និស្សិត , សិស្សានុសិស្ស និង ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​ជាច្រើន​នាក់ ក្នុង​គោលបំណង​ជំរុញ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ឧបទ្ទវហេតុ នៃ​គ្រោះថ្នាក់​អគ្គិភ័យ ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុ​នេះ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង សម្បត្តិ ស្នងការរង​នគរបាល​ខេត្ត ទទួល​ការិយាល័យ​អគ្គិភ័យ បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៩​កន្លងមកនេះ គ្រោះថ្នាក់​អគ្គិភ័យ​ដែល​បណ្តាលមកពី​ការឆេះ​ធុង​ហ្គាស , ដុត​ធូ​ក​ទៀន​ចោល និង ឆ្លង​ចរន្តអគ្គិសនី និង​មហន្តរាយ​ដែល​បង្ក​ឲ្យ​នៅ​ទូទាំង​ខេត្តសៀមរាប មាន​ចំនួន​៦៩​ករណី តិចជាង​ឆ្នាំ​២០១៨ ចំនួន​៣០​ករណី ក្នុងនោះ​ឆេះ​ផ្ទះ​ចំនួន ៣៦​ខ្នង បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង រងរបួស​មនុស្ស​ចំនួន​១១​នាក់ ហើយ​ក្នុងករណី​គ្រោះថ្នាក់​អគ្គិភ័យ​ចំនួន​ទាំង​៦៩​ករណីនេះ បាន​ប្រើប្រាស់​ទឹក​អស់​៩៦​រថយន្ត និង បំពង់​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​១២​បំពង់ ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការកោតសរសើរ​ដល់ក​ង​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត , កងរាជអាវុធហត្ថ​ខេត្ត , អាជ្ញាធរ​អប្សរា , អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​អង្គភាព​មួយចំនួន រួមទាំង​វិស័យ​ឯកជន ដែល​បាន​សហការគ្នា​ល្អ ក្នុងការ​ខិតខំ​យកចិត្តទុកដាក់ ចូលរួម​ជួយ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​គ្រោះ​អគ្គិភ័យ បាន​ទាន់ពេលវេលា​នៅ​ខេត្តសៀមរាប ដូច្នេះ ទិវា​ជាតិ​បង្ការ និង ពន្លត់​អគ្គិភ័យ នា​ថ្ងៃទី​២២ ថ្ងៃនេះ គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​មាន​អត្ថន័យ និង មាន​សារៈសំខាន់ ក្នុង​គោលបំណង​បំផុស​ការចូលរួម​ពី​គ្រប់​បណ្តា​ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល សមាគម ផ្នែក​ឯកជន សំខាន់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​បាន​យល់ដឹង គាំទ្រ និង ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច ប្រកបដោយ​ការ​បេ្ត​ជ្ញា​យ៉ាង​មុតមាំ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ ដែល​បណ្តាលមកពី​បញ្ហា​អគ្គីភ័យ ។

​លោក ពិន ប្រាកដ បានបញ្ជាក់​បន្ថែមថា ការបង្ការ ពន្លត់​អគ្គិភ័យ គឺជា​ករណី​កិច្ច​គ្រប់​មន្ទីរ អង្គភាព ផ្នែក​ឯកជន និង ប្រជាពលរដ្ឋ ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះ​អគ្គិភ័យ និង ត្រូវតែ​ចូលរួម​ពន្លត់​អគ្គិភ័យ​នៅពេល​មាន​គ្រោះ​អគ្គិភ័យ​នេះ​កើតមានឡើង និង ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​បង្ការ និង ពន្លត់​អគ្គិភ័យ និង លិខិតបទដ្ឋាន​គតិយុត្ត​នានា ពិសេស​អង្គភាព​ជំនាញ ត្រូវធ្វើ​ការអប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​មាន​ហានិភ័យ​ខ្ពស់ ឲ្យ​បាន​យល់ដឹង​អំពី​វិធានការ​បច្ចេកទេស​បង្កា​រ និង ពន្លត់​អគ្គិភ័យ នៅ​គ្រប់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន ក្លឹប​កម្សាន្ត តាម​ទីផ្សារ និង អាជីវកម្ម​នានា ហើយ​ត្រូវ​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព បង្ការ​ពន្លត់​អគ្គិភ័យ ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​បច្ចេកទេស ។

​លោក​អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ដោយឡែក​ចំពោះ​បណ្ដា​ស្ថានីយប្រេងឥន្ធនៈ និង ឧស្ម័ន ដែលមាន​ទាំងអស់​នៅក្នុង​ខេត្ត សូម​ឲ្យ​មន្ត្រី​គ្រប់​ជំនាញ​ពាក់ព័ន្ធ ត្រូវធ្វើ​ការពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ និង​ហ្មត់ចត់ ទៅតាម​ស្តង់ដា​បច្ចេកទេស រួមទាំង​ការបំពាក់​ប្រព័ន្ធ​សុវត្ថិភាព ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ហានិភ័យ ពី​ករណី​គ្រោះថ្នាក់​ដោយសារ​អគ្គិភ័យ​នេះ ដូច្នេះ​យើង​ត្រូវខិតខំ​ប្រឹងប្រែង​បន្តទៀត ដើម្បី​ឲ្យ​សម្រេចបាន​នូវ​គោលបំណង​ចំនួន​ពីរ គឺ ៖ ទី​១. រក្សា​ឲ្យ​បាន​សន្តិសុខ សុវត្ថិភាព អាយុជីវិត ទ្រព្យសម្បត្តិ​រដ្ឋ និង ឯកជន អំពី​គ្រោះថ្នាក់​បណ្តា​មកពី​អគ្គ​ភ័យ និង ទី​២. ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង ភ្ញៀវ​ទេសចរណ៍ រួមទាំង​អ្នកវិនិយោគ គ្មាន​ការព្រួយបារម្ភ​អំពី​គ្រោះ​អគ្គិភ័យ និង ស្ម័គ្រចិត្ត​ចូលរួម​យ៉ាងសកម្ម ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច ក្នុងការ​បង្ការ ទប់ស្កាត់ និង​ពន្លត់​អគ្គិភ័យ​នេះ ។

​គួររំលឹកថា ក្នុងឱកាស​នៃ​ទិវា​ជាតិ​លើក​ទី​៥ ស្តីពី​ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៅក្នុង​ខេត្តសៀមរាប​នេះ មានការ​បង្ហាត់បង្ហាញ អំពី​សកម្មភាព​ស្តីពី​ការប្រើប្រាស់​ឧបករណ៍​ពន្លត់​អគ្គិភ័យ ដោយ​ក្រុម​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ព្រមទាំង​ធ្វើ​សមយុទ្ធ​ក្នុងការ​ពន្លត់​អគ្គិភ័យ ជូន​ដល់​អង្គពិធី​ទាំងមូល​បាន​ទស្សនា និង សិក្សា​ស្វែងយល់​បន្ថែម ៕