ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ខេត្តសៀមរាប ចុះ​ពិនិត្យ​និង​ណែនាំ ដល់​ការដ្ឋាន​សាងសង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ចំនួន​៨​ទីតាំង នៅ​ស្រុក​បន្ទាយស្រី និង​ស្រុក​ប្រាសាទបាគង ដែល​គ្មាន​លិខិតអនុញ្ញាត​

នៅ​ថ្ងៃទី​២៨ និង​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ខេត្តសៀមរាប ក្រោម​ការដឹកនាំ​ដោយ ហែ​ន ពុ​ទ្ធី នាយករង​រដ្ឋបាល​សាលាខេត្ត ដែលមាន​សមាសភាព​ចូលរួម​ពី​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត , មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត , មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត , មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត , មន្ទីរ​បរិស្ថាន​ខេត្ត , រដ្ឋបាល​ស្រុក​ប្រាសាទបាគង និង​រដ្ឋបាល​ស្រុក​បន្ទាយស្រី បាន​ចុះ​ពិនិត្យ​ការសាងសង់​ស្ថានីយប្រេងឥន្ធនៈ គ្រប់​ប្រភេទ ដែល​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ ពី​ក្រសួង​ជំនាញ​សមត្ថកិច្ច ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ៦៧ ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រាសាទបាគង និង​ស្រុក​បន្ទាយស្រី បាន​ចំនួន​០៨​ទីតាំង ។

​ជាមួយគ្នានេះ ក្រុមការងារ​ចម្រុះ បានធ្វើ​កំណត់ហេតុ​បញ្ឈប់​ការសាងសង់​សំណង់ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​ទៅ​បំពេញបែបបទ​ដាក់ពាក្យ​ស្នើសុំ​ការអនុញ្ញាត​តាមរយៈ​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាលខេត្ត និង​ក្រសួង​ស្ថាប័ន​ជំនាញ​ជាមុន និង​មុន​ដំណើរការ​សាងសង់​ស្ថានីយ៍ ហើយ​ក្រុមការងារ ក៏បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ស្រុក​ពាក់ព័ន្ធ និង​មន្ទីរជំនាញ បន្ត​តាមដាន​លើ​ទីតាំង​ទាំងអស់​ដែល​បាន​បញ្ឈប់​ផងដែរ ។

​សូម​បញ្ជាក់ដែរថា ក្រុមការងារ​ចម្រុះ នឹង​បន្ត​ចុះ​ពិនិត្យ​រាល់​ទីតាំង​ទាំងអស់​ក្នុង​ខេត្តសៀមរាប​ផងដែរ ៕​