អាជ្ញាធរ​ខេត្តសៀមរាប បញ្ជាក់ថា នឹង​នៅតែ​បន្ត​ចុះ​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ស្លាក​យីហោ ប៉ាណូ ដែល​គ្មាន​ច្បាប់ ចាប់ពី​ដើមខែ​មិថុនា​នេះ​តទៅ​

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ ដើម្បី​ត្រៀម​ចុះ​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​ពុំមាន​លិខិតអនុញ្ញាត ឬ​អស់​សុពលភាព ឬ​ខុស​គោលការណ៍​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​នៅក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩​នេះ លោក នាក់ ណេ​រ៉ុ​ន បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ក្រុង​-​ស្រុក និង មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត ត្រូវ​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់​មុន​អនុញ្ញាត​ច្បាប់ ដល់​ប្រជាពលរដ្ឋ ឬ​ក្រុមហ៊ុន លើ​ការដាក់​ស្លាក​យីហោ ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម រួមទាំង​បន្ត​ចុះ​រុះរើ​ផ្ទាំង និង​ស្លាក​យីហោ​ប៉ាណូ ដែល​គ្មាន​ច្បាប់ ដើម្បី​រៀបចំ​សោភ័ណភាព សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យ​សក្ដិ​សមជា​ខេត្ត​ទេសចរណ៍ ។

​លោក នាក់ ណេ​រ៉ុ​ន មានប្រសាសន៍​ទៀតថា ជាមួយគ្នានេះ សូមឱ្យ​អាជ្ញាធរ​ក្រុង​ស្រុក បន្ត​ផ្សព្វផ្សាយ និង​ជំរុញ​ប្រជាពលរដ្ឋ ឬ​ក្រុមហ៊ុន មាន​ស្លាក​យីហោ ឬ​ផ្ទាំង​ផ្សព្វផ្សាយ​ដែល​អស់​សុពលភាព ឬ​គ្មាន​លិខិតអនុញ្ញាត ត្រូវ​មក​បំពេញបែបបទ​ស្នើសុំ​លិខិតអនុញ្ញាត​ពី​ច្រកចេញចូល​តែមួយ នៃ​រដ្ឋបាល​ក្រុង​-​ស្រុក ក្រោម​ទំហំ​៤​ម៉ែត្រក្រឡា និង​ទំហំ​ចាប់ពី ៤​ម៉ែត្រក្រឡា​ឡើងទៅ ត្រូវ​មក​បំពេញបែបបទ នៅ​ច្រកចេញចូល​តែមួយ​រដ្ឋបាល​ខេត្តសៀមរាប ហើយ​ជំ​ហ៊ាន​ដំបូង​នេះ អាជ្ញាធរ​នឹងធ្វើ​ការចុះ​កាត់ ឬ​រុះរើ​ស្លាក​យីហោ ប៉ាណូ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែលមាន​នៅជាប់​ចិញ្ចឹម​ផ្លូវ​ហើយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ឬមួយ​ចំនួន​អស់​សុពលភាព ។

​បើតាម​ប្រសាសន៍​របស់លោក អ៊ឹង សុភ័ណ នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​សៀមរាប បានឱ្យដឹងថា ក្រុមការងារ​របស់រ​ដ្ឋ​បាល​ខេត្ត និង​ក្រុង​ស្រុក នឹង​ចាប់ផ្តើម​យុទ្ធនាការ​នេះ ចាប់ពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩​ខាងមុខនេះ ដែល​ចាប់​ផ្តើមដំបូង​នៅក្នុង​ក្រុង​សៀមរាប និង​ស្រុក​តាម​បណ្តោយ​ជាប់​ផ្លូវជាតិ​លេខ​៦ ហើយ​ចំពោះ​ការរុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ចល័ត និង​អចល័ត ស្លាក​យីហោ ប៉ាណូ របារ​កាត់​ទទឹងផ្លូវ និង ប្រអប់​ភ្លើង LED ដែលមាន​ការខូចខាត​ទ្រព្យសម្បត្តិ​ផ្សេងៗ រដ្ឋបាល​ខេត្តសៀមរាប ពុំ​ទទួលខុសត្រូវ​ឡើយ ។

​គួររំលឹកថា រដ្ឋបាល​ខេត្តសៀមរាប បានចេញ​សេចក្តីជូនដំណឹង​ចំនួន​០៣​ដង​រួចមកហើយ ដើម្បី​ឲ្យ​ម្ចាស់​សណ្ឋាគារ , ផ្ទះសំណាក់ , ភោ​ជនី​ដ្ឋា​ន , ក្រុមហ៊ុន ឬ​គ្រឹះ​ដ្ឋា​ន​ស្ថាន​មីក្រូ​វត្ថុ​នានា ព្រមទាំង​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​ទាំងអស់ ចូលរួម​សហការ និង​សុំច្បាប់​ដើម្បី​ដំឡើង​ស្លាក​យីហោ ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឱ្យបាន​ត្រឹមត្រូវ ក្នុងន័យ​កែប្រែ​សោភ័ណភាព សណ្តាប់ធ្នាប់​សាធារណៈ និង​បញ្ចៀស​បាន​ហានិភ័យ​គ្រោះថ្នាក់​មួយចំនួន​កើតឡើង​ដោយ​យថាហេតុ ៕​