ថ្ងៃនេះ អាជ្ញាធរ​ខេត្តសៀមរាប ចាប់ផ្ដើម​យុទ្ធនា​ការចុះ​រុះរើ​ស្លាក​យីហោ ប៉ាណូ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​គ្មាន​ច្បាប់ ឬ​អស់​សុពលភាព បាន​ចំនួន​០៩​ផ្ទាំង ដើម្បី​រៀបចំ​សោភ័ណភាព​ខេត្ត​

លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា នៅ​ព្រឹក​ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក​បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត អាជ្ញាធរ​ក្រុង​សៀមរាប និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ចុះ​រុះរើ​ស្លាក​យីហោ ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​គ្មាន​ច្បាប់​អនុញ្ញាត ឬ​អស់​សុពលភាព ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ត្រៀមខ្លួន​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ផងដែរ ។

​លោក នាក់ ណេ​រ៉ុ​ន មានប្រសាសន៍​ទៀតថា មាន​កត្តា​០៣​យ៉ាង ក្នុង​យុទ្ធនា​ការចុះ​រុះរើ​នេះ គឺ​ទី​១. រៀបចំ​សោភ័ណភាព​ខេត្ត​ឲ្យ​សក្ដិ​សមជា​ខេត្ត​ទេសចរណ៍ ដើម្បី​ត្រៀម​ប្រកួតប្រជែង និង​ប្រឡងប្រណាំង​ទីក្រុង​ស្អាត , ទី​២. ធ្វើ​ឲ្យ​ស្របតាម​ច្បាប់ ស្ដីពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​បទដ្ឋាន​មួយចំនួន​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា អង្គភាព​ពន្ធដារ , ក្រសួងពាណិជ្ជកម្ម , រួមទាំង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជាដើម និង​ទី​៣ ដើម្បី​រក​ចំណូល​ថវិកា​មូលដ្ឋាន ដល់​អាជ្ញាធរ​ក្រុង ស្រុក ខេត្ត ព្រោះ​បច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន​ប្រតិភូកម្ម​អំណាច​មក​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឱ្យមាន​ចំណូល​មូលដ្ឋាន ដូច្នេះ​បើសិនជា​ក្រុមហ៊ុន ឬ​ប្រជាពលរដ្ឋ ដំឡើង​ស្លាក​យីហោ ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ វា​នឹងធ្វើ​ឲ្យ​បាត់បង់​ចំណូល និង​គ្មាន​សណ្ដាប់ធ្នាប់​ផងដែរ ។

​លោក នាក់ ណេ​រ៉ុ​ន មានប្រសាសន៍​បន្ថែមទៀត​ថា ក្នុង​យុទ្ធនាការ​នៅ​ព្រឹក​នេះ អាជ្ញាធរខេត្ត នឹង​ចាប់ផ្ដើម​អនុវត្ត​សកម្មភាព​ពី​ចំណុច​គល់​ស្ពានថ្ម​ព្រះរាជដំណាក់ ទៅ​ទិសខាងកើត​ស្របតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦ ហើយ​តំបន់​មួយចំនួនទៀត នឹង​អនុវត្ត​បន្ត​នៅពេល​ក្រោយ ដោយ​អាជ្ញាធរខេត្ត នឹង​បន្ត​អនុវត្ត​ដូច​ភ្លៀងរលឹម ដើម្បី​រៀបចំ​សោភ័ណភាព​ខេត្ត ដូច្នេះ តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឬ​ក្រុមហ៊ុន​ឯកជន ដែលមាន​ស្លាក​យីហោ ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ត្រូវ​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព ហើយ​បើសិន​ជាមាន​ចម្ងល់ ពាក់ព័ន្ធ​ជាមួយនឹង​ការសុំច្បាប់ ដើម្បី​ដំឡើង​ស្លាក​យីហោ ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ ត្រូវ​ទំនាក់ទំនង​សួរ​ព័ត៌មាន​ជាមួយ​អាជ្ញាធរ ឃុំ សង្កាត់ ក្រុង ស្រុក ឬ​មក​អាជ្ញាធរ​ខេត្តសៀមរាប ។​

​គួ​រំលឹកថា គិត​ត្រឹម​ម៉ោង​១១​ព្រឹក​មិញ​នេះ ក្រុមការងារ​ចម្រុះ បាន​ចុះ​រុះរើ និង កាត់​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម បាន​ចំនួន​០៩​ផ្ទាំង ៕​