អាជ្ញាធរ​ខេត្តសៀមរាប កំណត់​កម្មវិធី​កំសាន្ត​ចំនួន​៤ សម្រាប់​ថ្ងៃ​ឈប់សម្រាក​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ផ្អែក​តាម​កិច្ចពិភាក្សា និង ការឯកភាព​គ្នា​ក្នុង​អង្គប្រជុំ​នេះ នៅ​អំឡុង​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាតឱ្យ​មន្ត្រី​រាជ និយោជិត កម្មករ​ឈប់សម្រាក​ការងារ​រយៈពេល​៥​ថ្ងៃ នៅក្នុង​ខែសីហា ខាងមុខ សម្រាប់​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​នោះ រដ្ឋបាលខេត្ត​នឹង​រៀបចំ​ព្រឹត្តិការណ៍​កំសាន្ត ដែលមាន​កម្មវិធី​សំខាន់ៗ​ចំនួន​៤ ដូចជា​÷ ១ – កម្មវិធី​សាសនា , ២ – កម្មវិធី​អុំទូក​កំសាន្ត (​ទូកខ្លី​ចំណុះ​ពី​៤ ទៅ ៦​នាក់ ) ឬ​មាន​ឈ្មោះថា​” ផ្សារ​ទឹក ” , ៣- កម្មវិធី​ជិះ​កង់​តាម​តំបន់​ប្រាសាទ និង ៤- កម្មវិធី​ដើរ​ព្រៃ ដែលជា​ការកំសាន្ត​តាម​រមណីយដ្ឋាន​ធម្មជាតិ ដែលមាន​រយ​:​ពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៧ និង ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០​ខាងមុខ ។

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​កំសាន្ត​មួយចំនួន​នៅ​ខេត្តសៀមរាប ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខាងមុខ កាលពី​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​អភិបាលរង​ខេត្ត , ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត សៀមរាប , នាយក នាយករង​រដ្ឋបាល​សាលាខេត្ត , តំណាង​អាជ្ញាធរ​ជាតិ​អប្សរា ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត , អាជ្ញាធរ​ក្រុង ស្រុក និង វិស័យ​ឯកជន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​មួយចំនួនទៀត ។

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​បន្ថែមថា ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ត្រូវអនុវត្ត​ឲ្យ​បានជា​ដាច់ខាត តាម​សេចក្តីណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក WHO និង ក្រសួងសុខាភិបាល ក្នុងការ​ការពារ​ជំងឺឆ្លង​កូ​វីដ​-១៩ ពោលគឺ​ត្រូវ​ពាក់​ម៉ាស់​ឲ្យ​បាន​គ្រប់ៗ​គ្នា ៕