អាជ្ញាធរ​ខេត្ត​សៀមរាប ​នាំ​យក​ទៀនវស្សា​ចំនួន​១​គូ និងទ័​យ្យ​ទាន គ្រឿងឧបភោគ​បរិភោគ​ ទៅ​វេរ​ប្រគេន​ព្រះវិហារ​ព្រះអង្គ​ចេក ព្រះអង្គ​ចម

នា​ព្រឹក​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ​២០១៨​នេះ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​ឯកឧត្តម​បណ្ឌិត នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​នៅក្នុង​ខេត្ត បាន​នាំ​យក​ទៀនវស្សា​ចំនួន​១​គូ និងទ័​យ្យ​ទាន ជា​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ទៅ​វេរ​ប្រគេន​ព្រះវិហារ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ក្នុង​ក្រុង​សៀមរាប​ដើម្បី​ទុក​ប្រើប្រាស់​សម្រាប់​អុជ​បំភ្លឺ​ក្នុង​រដូវ​ចូល​វស្សា​រយៈពេល​បី​ខែ ដែល​នឹង​ជិត​ឈាន​ចូល​មក​ដល់​នា​ពេល​ឆាប់ៗ​ខាងមុខនេះ និង​ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​គោរព​ស្រឡាញ់​ប្រតិបត្តិ ទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ របស់​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រីរាជការ​ទាំងអស់​ផងដែរ ។

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង បាន​មានប្រសាសន៍ថា ការ​ដង្ហែ​ទៀន​ព្រះវស្សា​យក​មក​វេរ​ប្រគេន​ព្រះសង្ឃ នៅ​ព្រះវិហារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម នាពេលនេះ គឺជា​ការគោរព​ប្រពៃណី​សាសនាព្រះពុទ្ធ ត្រូវ​ចូលកាន់​ព្រះវស្សា ក្នុង​រយៈពេល​អស់​មួយ​ត្រីមាស ដែល​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅក្នុង​ទី​វត្ត ទើប​ថ្ងៃនេះ​ត្រូវបាន​គណៈ​អភិបាល និង ក្រុមប្រឹក្សា​ខេត្ត សប្បុរសជន​ក្នុង​ខេត្ត បាន​ដង្ហែ​យក​មក​វេរ​ប្រគេន​ដល់​ព្រះសង្ឃ ដើម្បី​ព្រះសង្ឃ​យក​ទៅ​ដុត​បំភ្លឺ បូជា​ថ្វាយ​ព្រះ និង សិក្សា​រៀនសូត្រ​នូវ​គម្ពី​ធម៌​វិន័យ ព្រះ​ស​ម្មាសា​ម្ពុ​ទ្ធ ព្រះ​បរមគ្រូ​នៃ​យើង ។

​ឯកឧត្ដម​បណ្ឌិត ឃឹម ប៊ុន​សុង បាន​មានប្រសាសន៍​ទៀតថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ទើប​ប្រទេស​ជាតិ​យើង​មាន​ការអភិវឌ្ឍន៍ រីក​ចម្រើន​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ជាដើម ក្នុង​នោះ​វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​រហូត​បច្ចុប្បន្ន ហើយ​ទី​អារាម គឺជា​កន្លែង​ព្រះសង្ឃ ពុទ្ធបរិស័ទ​ទូទៅ​ធ្វើកា​រ​អប់រំ ទាំង​ផ្លូវកាយ​ផ្លូវចិ​ត្ត​ឲ្យ​ចេះ​ធ្វើ​តែ​អំពើ​ល្អ រក្សា​វប្បធម៌ ប្រពៃណីជាតិ ឲ្យបាន​គង់វង្ស​យូរអង្វែង​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង និង​ឯកឧត្តម​បណ្ឌិត នូ ផល្លា បាន​នាំយក​ថវិកា​និង​សម្ភារ​មួយចំនួន​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​៥​អង្គ ដែល​ក្នុង​មួយអង្គ​ចំនួន​១០​ម៉ឺន​រៀល និង​ចែក​ជូ​ក​ដល់​តាជី​យាយជី​ចំនួន​២០​នាក់ ដែល​ក្នុង​ម្នាក់ៗ ជូន​ក្រណាត់ស​១​ដុំ និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​