អាជ្ញាធរ​ខេត្តសៀមរាប ទើបនឹង​បំពាក់​ឧបករណ៍​ហាត់ប្រាណ​ចំនួន​១០​ប្រភេទ នៅ​សួនច្បារ​ខាងជើង​ព្រះរាជដំណាក់​

​បន្ទាប់ពី​បាន​កែប្រែ​ទីធ្លា​នៅជាប់​មាត់​ស្ទឹង​សៀមរាប ដែល​ស្ថិតនៅ​ខាងជើង​ព្រះរាជដំណាក់ ឱ្យទៅជា​ទីធ្លា​សម្រាប់​ប្រជាពលរដ្ឋ​ហាត់ប្រាណ និង​មួយចំណែក​ជា​ចំណតរថយន្ត ដោយមាន​ការតុបតែង​ធ្វើ​ឲ្យ​សោភ័ណភាព​នៅ​ទីធ្លា​នេះ​មាន​ភាពស្រស់ស្អាត ហើយ​រៀង​រាល់ពេល​ល្ងាច មាន​ប្រជាពលរដ្ឋ​ជា ច្រើន​បាននាំគ្នា​ធ្វើការ​ហាត់ប្រាណ​នៅ​ទីធ្លា​នេះ ចំណែកឯ​ភ្ញៀវទេសចរ ក៏បាន​ទៅ​លំហែកាយ​នៅ​តំបន់​នេះ​ច្រើន​ផងដែរ​នោះ និង ដើម្បី ហើយ​ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប ក្នុងការ​លើ​កម្ពស់​សុខុមាល​ភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​ភ្ញៀវទេសចរ​អន្តរជាតិ ក្រៅពី​បន្តធ្វើ​ការពង្រីក​នូវ​ទីធ្លា កាលពី​ចុង​សប្តាហ៍​មុននេះ អាជ្ញាធរ​ខេត្តសៀមរាប បានរៀបចំ​តម្លើង​ឧបករណ៍​ហាត់ប្រាណ​ចំនួន​១០​ប្រភេទ នៅក្នុង​សួនច្បារ​នេះ ដើម្បី​បម្រើ​ជា​ប្រយោជន៍​រួម​ដល់​បងប្អូន​ក្នុងការ​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​សេរី ។

​នៅ​រៀងរាល់ថ្ងៃ​ឲ្យ​តែ​ដល់​ម៉ោង​៥​ល្ងាច ប្រជាពលរដ្ឋ​ជាច្រើន​បានមក​ជួបជុំគ្នា​នៅ​សួនច្បា​នេះ ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ​ផ្សេងៗ អ្នកខ្លះ​ហាត់​តាមរបៀប​រាំ​តាម​ចង្វាក់ភ្លេង និង​ខ្លះទៀត​លេងសី និង​ហាត់​តាមបែប​យូ​ហ្គា​ជាដើម ក្រុម​ប្រជាពលរដ្ឋ​ដែល​បាននាំគ្នា​ទៅ​ហាត់ប្រាណ នៅក្នុង​តំបន់​នេះ បានបង្ហាញ​ពី​ការរីករាយ​ចំពោះ ការបំពាក់​ឧបករណ៍​ហាត់ប្រាណ​ចំនួន​១០​ប្រភេទ​របស់​អាជ្ញាធរ​ខេត្ត ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បានធ្វើ​លំ​ហាត់ប្រាណ​ដោយ​សេរី ព្រោះថា នៅ​ទីធ្លា​នេះ មាន​សោភ័ណ​ភាពល្អ មាន​បរិយាកាស​បរិសុទ្ធ និង​បានផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​។​ក្រុម​ប្រជាពលរដ្ឋ​ទាំងនេះ​បាន​ថ្លែង​អំ​គុណ​ចំពោះ​អាជ្ញាធរ​ខេត្តសៀមរាប ដែល​បាន​គិតគូរ​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ ៕​