សៀម​រាប​៖ចុះ​បង្ក្រាប​បទល្មើស​នេសាទ​​ខុសច្បាប់​នៅក្នុង​តំបន់​បឹង​ទន្លេសាប​

​កាលពី​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ កង​កម្លាំងចម្រុះ​របស់​គណៈបញ្ជាការ​ឯកភាព​ស្រុក​ពួក ដឹកនាំ​ដោយ​លោក ម៉ៅ វិសុទ្ធ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក និង កង​កម្លាំងចម្រុះ​របស់​គណៈបញ្ជាការ​ឯកភាព​ស្រុក​ជី​ក្រែង ដឹកនាំ​ដោយ​លោក ដោ​ក វណ្ណ​នេត អនុគណ​:​បញ្ជាការ​ឯកភាព​ស្រុក​ជី​ក្រែង រួម​ជាមួយនឹង​មន្ត្រី​ជលផល​ប្រចាំ​ក្នុង​ភូមិសាស្ត្រ​និមួយៗ ចុះ​ទៅ​ធ្វើ​ការបង្ក្រាប​បទ​ល្មើស​នេសាទ​ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ​បឹង​ទន្លេសាប ដែល​ខ្លួន​គ្រប់គ្រង ក្នុងនោះ ៖ នៅក្នុង​ស្រុក​ពួក ប្រមូល​ឧបករណ៍​បរ​ចំនួន​១០​គ្រឿង , របាំង​សាច់​មុង​ប្រវែង​១​ពាន់​ម៉ែត្រ , អ៊ុយ​ស្បៃ​មុង​៤១​គ្រឿង , សាច់​មុង​១.៦៤០​ម៉ែត្រ និង​ចំរឹង​ចំនួន​៥៨២​ដើម ព្រមទាំង​បាន​ព្រលែង​កូន​ត្រី​ចំនួន​២៥៥ គីឡូក្រាម ចូលទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ និង នៅក្នុង​ស្រុក​ជីក្រែង ប្រមូល​ឧបករណ៍​បរ​ចំនួន​៣៥​គ្រឿង , របាំង​សាច់​អួន​៣.៤៣០​ម៉ែត្រ , ចំរឹង​ចំនួន​២៦៥០​ដើម , អ៊ុយ​ស្បៃ​មុង​១៨​គ្រឿង , ក្បាល​លូ​ស្បៃ​មុង​៤៥​គ្រឿង , របាំង​ស្បៃ​មុង​៧០០​ម៉ែត្រ និង​ព្រលែង​កូន​ត្រី​ចំនួន​២២៥​គីឡូក្រាម ចូលទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ ។

​ដោយឡែក​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​សៀមរាប ចំណុះ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​សហការ​ជាមួយ​លោក​ចៅសង្កាត់ និង​កម្លាំង​ប្រជា​ការពារ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​ក្នុង​ភូមិសាស្ត្រ​សង្កាត់​សៀមរាប​ដោយ​ធ្វើ​បាន​ប្រមូល​បាន​ស្បៃ​អ៊ុយ​ចំនួន ១២ ក្បាល , របាំង​ស្បៃ​មុង​ស្មើនឹង​២៥០ ម៉ែត្រ , ចំរឹង​ឈើ​ចំនួន​៣០០​ដើម និង បាន​ចាក់ព្រលែង​កូន​ត្រី​ចំនួន​១៥០​គីឡូក្រាម ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ​ផងដែរ ៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​