មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បង្ហាញ​នូវ​តារាង​ផែនការ​អនុវត្ត​ការងារ​១០០​ថ្ងៃ របស់ខ្លួន​

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​សាលប្រជុំ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៩​នេះ លោក គី វី​រិន្ទ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា គម្រោង​ផែនការ​សម្រាប់​អនុវត្ត​ក្នុង​រយៈពេល​១០០​ថ្ងៃ គឺ​ត្រូវបាន​រៀបចំឡើង​ដើម្បី​អនុវត្ត ឆ្លើយតប​ទៅនឹង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក្នុងឱកាស​ប្រកាស​ផ្ទេរ សម្រួល​ភារកិច្ច និង​ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តសៀមរាប នា​រសៀល​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០១៩ ដែល​ឲ្យ​ប្រធាន​ថ្មី​ដើម្បី​ដឹកនាំ​អនុវត្តន៍ បង្ហាញ​ស្នាដៃ​ការងារ​ក្នុង​តំណែង និង​ភារកិច្ច​ថ្មី​ដែល​ថ្នាក់លើ​ប្រគល់ជូន ក្នុងន័យ​បម្រើ​ការងារ​ប្រកបដោយ​តម្លាភាព គណនេយ្យភាព ស្របតាម​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ពាក់​ព័​ន្ឋ​ទៅនឹង​ការងារ​ជំនាញ​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប ។

​លោក គី វី​រិន្ទ បង្ហាញថា គម្រោង​ផែនការ​សម្រាប់​អនុវត្ត​រយៈពេល​១០០​ថ្ងៃនោះ មានដូចជា​៖​សកម្មភាព​កិច្ចប្រជុំ​របស់​ថ្នាក់ដឹកនាំ​មន្ទីរ ការិយាល័យ​ពាក់ព័ន្ធ​សកម្ម​ភាពចុះ​ត្រួតពិនិត្យ​ថ្នាក់ដឹកនាំ​ការិយាល័យ​-​អង្គភាព និង​មន្ត្រី ក្រោម​ឱវាទ សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ជាមួយ​រដ្ឋបាលខេត្ត និង​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ធ្វើ​ការចុះ​ជួបពិភាក្សា​ការងារ​ជាមួយ អាជ្ញាធរ​ជាតិ​អប្សរា ម្ចាស់​សណ្ឋាគារ និង​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា លើ​បញ្ហា​រក​ដំណោះស្រាយ​កែសម្រួល​ទួល​សុវត្ថិភាព​ឲ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ , ការចុះ​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវ​-​ថ្នល់​ទូទៅ​ក្នុង​ខេត្តសៀមរាប , ធ្វើ​យុទ្ធនាការ​លុប​សំបុកមាន់​លើ​កំណាត់​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប , ការ​គូស​គំនូស​សញ្ញា​ចរាចរណ៍ លើក​កំណាត់​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង , ការ​លាភ​ថ្នាំ​ឃឺ​ន​បេតុង សួន​បែងចែក​អ័ក្ស​ផ្លូវ (​ពី​ស្ពានថ្ម​ព្រះរាជដំណាក់ មកដល់​សណ្ឋាគារ​បាយ័ន​អេ​រ៉ា , កែសម្រួល​ផ្លាកសញ្ញា​ចរាចរណ៍​សំខាន់​ក្នុង​ក្រុង​សៀមរាប , ការស្តារ​ប្រឡាយ​លើក​កំណាត់​ផ្លូវ ៣​ខ្សែ​គឺ : ពីមុខ​សាលារៀន EBL មកដល់​ប្រឡាយ​កែង​ផ្លូវ 267 ( វត្ត​ចក​) , ស្ដារ​ប្រ ឡាយ ចាប់ពី​សង្កាត់​សាលា​កំរើក មកដល់​សាលាសង្កាត់​ជ្រាវ , ស្តារ​ប្រឡាយ តាម​ដងផ្លូវ 2632 ចាប់ពី​ផ្លូវ​ក្រវាត់ក្រុង មកដល់​ចុងស្រុក (​ភូមិ​ត្រៀក​), ស្ដារ​ប្រឡាយ​ចាប់ពី​ផ្សារ​ស្វាយ​ធំ មកដល់​ទៅ​ត្បូង ប្រវែង​៣០០​ម៉ែត្រ , ការ​បូម​បាញ់​លាង​សម្អាត​លូ​លើ​កំណាត់​ផ្លូវ​អាចារ្យ​ស្វា ផ្លូវ​អាចារ្យ​ហែម ចៀវ , ផ្លូវ 7​មករា ជាដើម ។

​សូមបញ្ជាក់ថា គម្រោង​ផែនការ​សម្រាប់​អនុវត្ត​ក្នុង​រយៈពេល ១០០​ថ្ងៃ របស់​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប គឺ​គិត​ចាប់ពី​សប្តាហ៍​ទី​៣ នៃ​ខែសីហា ដល់​សប្តាហ៍​ទី​២ នៃ​ខែវិច្ឆិកា ក្នុង​ឆ្នាំ​២០១៩ ដោយមាន​ការបញ្ជា​ក់ទ​ទួល​ស្គាល់​ពី​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ៕​