អភិបាលរង​ខេត្តសៀមរាប ក្រើនរំលឹក​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​បន្ត​ស្វែងរក​ចាប់ខ្លួន​មេខ្យល់​ដែល​នាំ​ប្រជាពលរដ្ឋ​ចេញទៅ​ក្រៅប្រទេស​ដោយ​ខុសច្បាប់ យកមក​ផ្ដន្ទាទោស​តាមច្បាប់ ខណៈពេលដែល​ព្រំដែន​នៅ​បន្ត​បិទ​នៅឡើយ​

លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩ បានធ្វើ​ឲ្យ​ការងារ​មួយចំនួន​នៅ​បរទេស ជាពិសេស​នៅ​ប្រទេស​ថៃ ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន រហូតដល់​មានការ​បិទ​ព្រំដែន​ទៀត ដូច្នេះ​រហូតមកទល់​ពេលនេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​ធ្លាប់​ធ្វើការ​នៅ​ប្រទេស​ថៃ នៅតែ​បន្ត​ចាក​ចេញពី​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ ក៏ដូចជា​ច្រករបៀង​ផ្សេងៗ​ទៀត​នៅតាម​ខេត្ត​ជាប់​ព្រំដែន ដើម្បី​វិលត្រឡប់​លំនៅដ្ឋាន​របស់ខ្លួន​វិញ ប៉ុន្តែ​ក៏​នៅមាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយចំនួន​បាន​ចាញ់បោក​មេខ្យល់ បាន​វិលត្រឡប់​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​វិញ​ដោយ​ខុសច្បាប់ ហើយក៏​ត្រូវ​សមត្ថកិច្ច​របស់​ប្រទេស​ថៃ​ចាប់បាន រួច​បញ្ជូនមក​កម្ពុជា​វិញ​ដែរ ។

​លោកស្រី យូ សុភា មានប្រសាសន៍​បន្ថែមថា បញ្ហា​នាំ​ប្រជាពលរដ្ឋ​ចេញ​ឆ្លងដែន​ដោយ​ខុសច្បាប់​នេះ មិនមែនជា​រឿង​ធម្មតា​នោះទេ ព្រោះ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​ប្រកាស​មួយ​ណែនាំ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ធ្វើការ​គ្រប់គ្រង និង ទប់ស្កាត់​នៃ​ការ​ឆ្លងដែន​ដោយ​ខុសច្បាប់ ដូច្នេះ​ប្រសិនបើ​គ្មាន​ការ​ញុះញង់​ពី​មេខ្យល់​ទេ ប្រជាពលរដ្ឋ​យើង​ក៏​មិន​ហ៊ាន​ប្រថុយប្រថាន​ចេញ​ឆ្លងដែន​ដោយ​ខុសច្បាប់​ដែរ ហេតុនេះ​សូម​មន្ត្រី​មាន​សមត្ថកិច្ច​ដែលជា​សមាជិក​លេខាធិកា​រដ្ឋា​ន ត្រូវ​បន្ត​ស្វែងរក​ចាប់ខ្លួន​មេខ្យល់​យកមក​ផ្ដន្ទាទោស​តាមច្បាប់ ព្រោះថា​បច្ចុប្បន្ននេះ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា ថៃ នៅ​បន្ត​បិទ​នៅឡើយ ។

​លោកស្រី​អភិបាលរង​ខេត្ត មានប្រសាសន៍​បន្ថែមទៀត​ថា ក្នុងអំឡុងពេល​ប្រជុំ​ប្រចាំឆមាស​ទី​១ របស់​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប យើង​ក៏បាន​ដាក់ចេញ​នូវ​ផែន​ការសុំ​ឲ្យ​ព្រះរាជអាជ្ញា ពិនិត្យ និង ជំរុញ​លើ​ដំណើរការ​រឿងក្ដី​មេខ្យល់ ដែល​នាំ​ប្រជាពលរដ្ឋ​ចេញ​ខុសច្បាប់​ទៅ​ក្រៅប្រទេស​ដែល​ក្រុមការងារ​អនុវត្ត​ច្បាប់​នៃ​លេខាធិការដ្ឋាន ឃាត់ខ្លួន និង បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ដូច្នេះ​សុំ​ឲ្យ​បន្តធ្វើ​រឿងនេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ទប់ស្កាត់​ការនាំ​ប្រជាពលរដ្ឋ​ចេញទៅ​ក្រៅប្រទេស​ដោយ​ខុសច្បាប់​បាន​ទាន់ពេលវេលា ។

​លោកស្រី យូ សុភា មានប្រសាសន៍​បែបនេះ ក្នុង​កិច្ចប្រជុំ​ប្រចាំខែ​កក្កដា ឆ្នាំ​២០២០ របស់​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ ។

​ក្នុងឱកាស​នោះដែរ លោកស្រី យូ សុភា បាន​ណែនាំ​ដល់​អាជ្ញាធរ​ក្រុង​ស្រុក ត្រូវ​ចុះ​ពន្យល់ ណែនាំ និង អប់រំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង អំពី​ផលវិបាក​ទាំងឡាយ​ដែល​ចេញទៅ​ក្រៅប្រទេស​ខុសច្បាប់ ហើយ​សុះ​ឲ្យ​ពួកគាត់​មានការ​អត់ធ្មត់​មួយរយៈ​ពេល​សិន ជាពិសេស​ត្រូវ​ណែនាំ​ពួកគាត់ ឲ្យ​ងាក​មក​ប្រកប​របរ​នៅក្នុង​ស្រុក​វិញ ជាពិសេស​លើ​ការងារ​ចិញ្ចឹមសត្វ និង ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត ស្របតាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​សម្ដេច​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ម​ប្រជាពលរដ្ឋ​ពលរដ្ឋ​យើង ងាក​មក​ប្រក​បរបរ​ចិញ្ចឹមសត្វ និង ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ ដើម្បី​បង្កើន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ខ្លួន ក្នុងដំណាក់កាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ៕​