កម្លាំង​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស​ចំនួន​០៦​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ហើយ​បញ្ជូន​ខ្លួន​រួមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ កម្លាំង​នគរបាល​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​កសាង​សំណុំរឿង​បញ្ជូន​មនុស្ស​ចំនួន​០៦​នាក់ ក្នុងនោះ​ស្រី​ចំនួន​០២​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន រួមទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ បន្ទាប់ពី​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ចុះបង្ក្រាប​បទ​រក្សាទុក​ជួញដូរ ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​លំនៅដ្ឋាន​មួយ ស្ថិតក្នុង​ភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​២១ នា​ថ្ងៃទី ០៩ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ ។​

សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ថែមថា ជនសង្ស័យ​ទាំង​០៦​នាក់​នេះ រួមមាន ៖ ១- ឈ្មោះ ធួ​ក ប៊ុន​ថៃ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៥ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក និង ជួញដូរ ប៉ុន្តែ​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ២- ឈ្មោះ ហេង រដ្ឋា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៥ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង , ប្រើប្រាស់ និង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ៣- ឈ្មោះ ទិ​ត្យ ព្រេងសំណាង ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩៦ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​គោក​ជូន ឃុំ​ពួក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ៤- ឈ្មោះ គឹម សុគន្ធា ភេទ​ស្រី ឆ្នាំ​កំណើត ១៩៩៣ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង និង ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ៥- ឈ្មោះ តឹក ដេ​ត ហៅ វង់ ភេទ​ប្រុស ឆ្នាំ​កំណើត​២០០២ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក​ស្រុក​ពួក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និង ៦- ឈ្មោះ ឌី សុផល ហៅ​ម៉ាប់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩១ មុខរប​គ្មាន មាន​ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ។

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល បាន​ដកហូត​វត្ថុតាង​បាន​មាន ៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៣០​កញ្ចប់ ស្មើនឹង​ទំងន់​៦៧,១ ក្រាម​ទាំង​សំបក , សម្ភារ​វេច​ខ្ចប់​និង​ឧ​បករ​ណ៏​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត និង ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង ៕​