រដ្ឋបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​សម្របសម្រួល​បច្ចេក​ទេស របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣

​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ ដែលមានរ​បៀ​វារៈ​ចំនួន​៣​សំខាន់​គឺ ៖ ១- ផ្សព្វផ្សាយ​សេចក្តីសម្រេច​លេខ​០៥៤/១៩ សសរ ចុះ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ របស់​រដ្ឋបាលខេត្ត ស្តីពី​ការទទួលស្គាល់​ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស របស់​ក្រុមប្រឹក្សា​ខេត្ត , ២- ពិនិត្យ ពិភាក្សា និង​អនុម័ត លើ​សេចក្តីព្រាង​ប្រតិទិន​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​សម្របសម្រួល​បច្ចេក​ទេស របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ ចាប់ពី​ខែសីហា ឆ្នាំ​២០១៩ ដល់​ខែមិថុនា ឆ្នាំ​២០២០ និង ៣- ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព នៃ​ការដោះស្រាយ​លើ​សំណួរ – សំណូមពរ ដែល​បានលើកឡើង​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ។

​កិច្ចប្រជុំ​នេះ បានរៀបចំ​ឡើង​នៅ​សាលប្រជុំ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩​នេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម សមាជិក​ក្រុមប្រឹក្សា​ខេត្ត , លោក លោកស្រី ជា​នាយក​រដ្ឋបាលខេត្ត , នាយក នាយករង​ទីចាត់ការ​-​អង្គភាព ចំណុះ​រដ្ឋបាលខេត្ត , ប្រធាន អនុប្រធាន មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី និង អភិបាល អភិបាលរង ក្រុង​-​ស្រុក ទាំង​១២ ក្នុង​ខេត្ត ។

​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត មានប្រសាសន៍ថា នេះ​ជា​កិច្ចប្រជុំ​លើកដំបូង នៃ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ ក្នុង​គោលបំណង​សំខាន់​គឺ ព​ន្លឿ​ន​នៃ​ការស្វែងរក​ដោះស្រាយ​លើ​បញ្ហា​សំណួរ និង សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​បានលើកឡើង​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ព្រោះថា នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០១៩​នេះ ក្រុមប្រឹក្សា​ខេត្តសៀមរាប នឹង​បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ បន្តទៀត ដូច្នេះ​ប្រសិនបើ​មិន​ប្រញាប់ប្រញាល់​បញ្ចប់​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ពី​ឆ្នាំមុនៗ​នោះទេ វា​នឹងធ្វើ​ឲ្យ​បញ្ហា​សំណួរ និង សំណូមពរ​របស់​ប្រជាពលរដ្ឋ កាន់តែ​មានការ​កើនឡើង​ថ្មីៗ​បន្ថែមទៀត ។

​លោក ង៉ាន់ ភិ​រុណ មានប្រសាសន៍ថា ក្នុងឱកាស​នេះ សូម​ឲ្យ​លោក លោកស្រី ដែលជា​ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ និង អភិបាលក្រុង​-​ស្រុក ទាំងអស់​ក្នុង​ខេត្ត សហការ​ជាទី​ចាត់ការ​រដ្ឋបាល​សាលាខេត្ត សិក្សា ស្រាវជ្រាវ និង ស្វែងរក​នូវ​បញ្ហា​សំណួរ និង សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​នឹង​អង្គភាព​របស់ខ្លួន ដើម្បី​រួមគ្នា​ធ្វើការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស ហើយ​យើង​នឹង​ជួប​ពិភាក្សាគ្នា ព​ន្លោះ​ន​ការងារ​នេះ នៅក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ នា​ខែ​ក្រោយនេះ​ទៀត មុន​ដំណើរ​ការបើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ៕​