អភិបាលក្រុង​សៀមរាប ប្រកាស​ជួសជុល​ផ្លូវ​ចំនួន​៤៥​ខ្សែ​ក្នុង​ក្រុង​សៀមរាប សម្រាប់​ក្នុង​ឆ្នាំ​២០១៩​នេះ​

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារសិក្សា​សា​លាម​ត្តេ​យ្យ វត្ត​ព្រិ​ន​មួយ​ខ្នង មាន​បួន​បន្ទប់ ស្ថិតនៅក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប កាលពីពេល​ថ្មីៗ​កន្លងទៅនេះ លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បាន​មានប្រសាសន៍ថា​៖ កន្លងមក​ក្រុង​សៀមរាប បាន​ជួប​នូវ​បញ្ហា​ច្រើន​ដែរ គឺ​ទីមួយ​បញ្ហា​ផ្លូវ ដោយបាន​ទទួល​នូវ​ការរិះគន់​ច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវ ព្រោះថា​បងប្អូន​ប្រជាពលរដ្ឋ​សុទ្ធតែ​បាន​ជួបប្រទះ​នូវ​ផល​លំបាក​ក្នុងការ​ធ្វើរ​ដំណើរ​តាមផ្លូវ​របស់​យើង ដែល​ទទួលរង​ការខូចខាត​ច្រើន និង​ទទួលបាន​នូវ​ការចុះផ្សាយ​ព័ត៌មាន​ជាច្រើន ហើយ​បញ្ហា​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប លោក​ក៏បាន​ជ្រាប​អំពី​ការលំបាក​របស់​បងប្អូន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ លោក​បាន​សុំ​ការ​អធ្យាស្រ័យ ចំពោះ​ការយឺតយ៉ាវ ហើយ​លោក​ក៏បាន​យកចិត្តទុកដាក់​នូវ​ព័ត៌មាន​នេះ ព្រមទាំង​មាន​ផែន​ការណ៍​ជាក់លាក់​រួចរាល់​អស់ហើយ​ដែរ ខណៈ​ក្នុងពេល​កន្លងមកនេះ អាជ្ញាធរ​ពិតជា​អត់ធ្មត់ ដោយ​មិនបាន​ឆ្លើយតប​ពាក់ព័ន្ធ​ទៅនឹង​ការរិះគន់​ក្នុងន័យ​ស្ថាបនា ។

​លោក នួន ពុទ្ធ​រ៉ា បានបញ្ជាក់​ទៀតថា នៅ​ឆ្នាំនេះ ក្រុង​សៀមរាប​ទទួលបាន​ផ្លូវ​ចំនួន​៤៥​ខ្សែ ហើយ​ក្នុងនោះ​ផ្លូវ​ចំនួន​៣៥​ខ្សែ នឹង​ត្រូវបាន​ស្ថាបនា​នៅក្នុង​ឆ្នាំ​២០១៩​នេះ បើទោះបី​ពេលនេះ​វា​ចុងឆ្នាំ​បន្តិច ក៏ប៉ុន្តែ​យើង​សាងសង់​នៅក្នុង​កាលបរិច្ឆេទ​ឆ្នាំ​២០១៩ ដូច្នេះ​សុំ​ការយោគយល់​អធ្យាស្រ័យ ដើម្បី​ធ្វើរ​ផ្លូវ យើង​ចាយលុយ​ច្រើន ដើម្បី​ធ្វើ​ផ្លូវ យើង​មាន​នីតិវិធី​ច្រើន​ទំរាំ​បំពេញ​នីតិវិធី​អស់ រដូវភ្លៀង​បានមក​ដល់ ហើយ​យើង​ត្រូវ​បង្ខំចិត្ត​អត់ទ្រាំ អត់ធ្មត់​ទទួល​នូវ​គ្រប់​ព័ត៌មាន​ទាំងអស់ ប៉ុន្តែ​យើង​អត់​អាច​ធ្វើកើត​នៅ​ខែ​ភ្លៀង ព្រោះ​វា​ខូច​ត្រឡប់​ទៅវិញ អញ្ចឹង​ហើយ​បាន​ឯកឧត្តម​អភិបាលខេត្ត លោក​អត់ធ្មត់​ហើយ​ទ្រាំ​ទាំង​ខ្លួនឯង​ក៏​ពិបាក​ដែរ ហើយក៏​មិន​ចង់ឃើញ​នូវ​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ឆ្លងកាត់​ក្នុង​រដូវភ្លៀង​ប៉ុន្មាន​ខែ​មកនេះ ក៏ប៉ុន្តែ​ទោះយ៉ាងណា សុំ​ការយោគយល់ ហើយ​មកដល់ពេលនេះ យើង​បានចាប់ផ្តើម​ធ្វើ​ផ្លូវ បណ្តើរៗ​ហើយ ខណៈ​កន្លែង​មួយចំនួន​យើង​ចាប់ផ្តើម​បើក​ការដ្ឋាន និង​ផ្លូវ​មួយចំនួនទៀត យើង​នឹង​បើក​ការដ្ឋាន​ជា​បន្តរ​បន្ទាប់ ។

​លោក នួន ពុទ្ធ​រ៉ា បានបញ្ជាក់​ទៀតថា កន្លងមក​បងប្អូន​ប្រជាពលរដ្ឋ​បានឃើញ​ក្រុមការងារ​កំពុង​ជួសជុល​ផ្លូវ​នោះ គឺ​មិនមែនជា​ការធ្វើ​ផ្លូវ​នោះទេ យើង​គ្រាន់តែ​ជួសជុល​ផ្លូវ​ខូច​ខ្លះ ក្នុង​គម្រោង​ផ្សេង ដែលមាន​ទំហំ​៧០០​ការ៉េ ជា​សំបុកមាន់​និង​ផ្លូវ​ណា​ដែល​វា​ខូច​តិច ក៏ប៉ុន្តែ ចំពោះ​ផ្លូវ​៤៥​ខ្សែ​នេះ គឺជា​ផ្លូវ​ផ្សេង​ទាំងស្រុង​ក្រៅពី​គម្រោង​ផ្លូវ​ទំហំ​៧០០​ការ៉េ ហើយ​ជាមួយនឹង​ការជួសជុល​ផ្លូវ​ទាំង​៤៥​ខ្សែ​នេះ អាជ្ញាធរខេត្ត ក៏​គ្រោង​ដើម្បី​រៀបចំ​ផ្លូវជាតិ​លេខ​៦​ឡើងវិញ ចាប់ពី​ព្រះរាជដំណាក់​ទៅ​វ​ង្វ​ង់​មូល​ប្រ​លាន​យន្តហោះ គឺ​យើង​ធ្វើ​ទំហំ​ឲ្យ​ដូចគ្នា ពី​ព្រះរាជដំណាក់​ទៅ​ផ្សារ​ធំថ្មី តែ​ពីរ​គន្លង​ធំ ព្រមទាំង​បានគិត​ទៅលើ​សោភ័ណភាព​នៅតាម​បណ្តា​ខ្សែ​ផ្លូវ​នានា និង​តាម​ទីកន្លែង​នានា ក្នុងន័យ​លើកកម្ពស់​សោភ័ណភាព​របស់​ក្រុង ៕​