អភិបាលខេត្ត​សៀមរាប រំពឹង​ទទួល​បាន​ការ​រីក​ចម្រើន​ពី​​ប្រធាន​ថ្មី​នៃ​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​

មានប្រសាសន៍​ក្នុងឱកាស​ប្រធាន​ថ្មី​នៃ​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត បាន​រំពឹងទុក​ថា លោក​ប្រធាន​ដែល​ទើប​តែងតាំង​ថ្មី នឹង​ត្រូវ​ខិតខំ​រៀនសូត្រ​ពី​រៀមច្បង ព្រមទាំង​ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការដឹកនាំ​ការងារ ឲ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត ព្រោះថា ការប្រកាស​ចូល​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​នេះ អាស្រ័យ​មាន​ការជឿជាក់​យ៉ាង​ច្បាស់​ពី​រាជរដ្ឋាភិបាល ក្រសួង​សា​ម៉ី​និង​អាជ្ញាធរខេត្ត ចំពោះ​មន្ត្រី ថ្នាក់​ដឹកនាំ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ជា​ការលើកទឹកចិត្ត​ដល់​មន្ត្រី ឲ្យ​បន្ត​ខិតខំ​បំពេញ​ភារកិច្ច​ក្នុង​ការបម្រើ​ជាតិ​មាតុភូមិ ជាពិសេស លើ​សន្ទុះ​រីកចម្រើន​នៃ​វិស័យ​ប្រៃណីយ៍​និង​ទូរគមនាគមន៍​ក្នុង​ខេត្ត ដែល​បាន​នឹង​កំពុង​រីកចម្រើន​បោះជំហាន​ទៅមុខ​គួរឱ្យកត់សំគាល់​ស្រប​តាម​បរិបទ​នៃ​ការវិវត្តន៍​ផ្នែក​បច្ចេកវិទ្យា​របស់​ពិភពលោក​។

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង មានប្រសាសន៍​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៥ នៃ​រដ្ឋសភា បាន​ដាក់ចេញ​នូវ​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ ដើម្បី​សម្រេច​ឲ្យបាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ប្រកបដោយ​ចីរភាព ជាពិសេស​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដើម្បី​បន្ត​ពង្រឹង​នូវ​យន្តការ​នានា របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​នីតិកាល​ថ្មី​នេះ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព ពិតប្រាកដ​នៅ​កម្ពុជា​។

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានបញ្ជាក់​ថា ក្នុងនាម​យើង​ជា​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ ត្រូវ​ទទួលខុសត្រូវ ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច ដោយ​ការ​សហការ​ពិគ្រោះ​យោបល់ រក​ប្រឹក្សា​ពី​ថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំ​ខេត្ត ពិគ្រោះ​យោបល់​ជាមួយ​អង្គភាព​ស្ថាប័ន​ពាក់​ព​ន្ឋ័ ដើម្បីឱ្យ​យន្តការ​ការងារ​មាន​ប្រសិទ្ឋិភាព និង​ជោគជ័យ ដូច្នេះ​ដើម្បី​ឱ្យ​ការងារ​ទទួលបាន​លទ្ឋផល​ល្អ​ក្នុង​នាម​យើង​ជា​មេដឹកនាំ និង​មន្ត្រីក្រោមឱវាទ ទាមទារ​ឱ្យមាន​ឆន្ទៈ និង​ការប្តេជ្ញា​ចិត្ត​អនុគ្រោះ បើក​ចិត្ត​ឱ្យ​ទូលាយ មាន​ភាព​អត់ធ្មត់ និង​ហ៊ាន​លះបង់ សហការ​ល្អ ជាមួយ​មន្ត្រី​ក្រោម​ឱវាទ និង​លើកទឹកចិត្ត​ផ្តល់​រង្វាន់ ចំពោះ​មន្ត្រី​សកម្ម​ក្នុង​ការងារ​និង​និង​ដាក់​វិន័យ​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្តិ​ខុសឆ្គង ។​

​សូមបញ្ជាក់​ថា លោក សុខ សីហា ត្រូវបាន​ប្រកាស​តែងតាំង​ជា​ប្រធាន​ថ្មី នៃ​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តសៀមរាប ជំនួស​លោក ហុង ប៊ុន​ធ្វី ដែល​ត្រូវបាន​ចូលនិវត្តន៍ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​