អភិបាលខេត្ត​សៀមរាប អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ក្រុង​សៀមរាប នៅ​ព្រឹក​មិញ​នេះ​

កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ នៅ​សាលប្រជុំ​រដ្ឋបាល​ក្រុង​សៀមរាប បានរៀបចំ​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​ក្រុង​សៀមរាប អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​ស​ផ​ម​រាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ប្រធាន​និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង , គណៈ​អភិបាលក្រុង និង មន្ត្រី​អ្នកមុខអ្នកការ​ក្នុង​ក្រុង​សៀមរាប​ជាច្រើនរូប ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ថា ទោះបី​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​ត្រូវបាន​ជ្រើសរើស​តាមរយៈ​នៃ​ការបោះឆ្នោត​ដោយផ្ទាល់ ឬ​មិនផ្ទាល់​ក្តី ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ គឺជា​ផ្នែក​មួយ​នៃ​អំណាចនីតិប្រតិបត្តិ និង​មាន​ស្វ័យភាព​ក្នុង​ដែន​កំណ​ត់នៃ​ច្បាប់ លិខិតបទដ្ឋាន​ជា​ធរមាន ក្នុងការ​គ្រប់គ្រង​ចាត់ចែង​កិច្ចការ​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ហើយ​ក្នុងការ​អនុវត្ត​ការងារ សមាជិក​ក្រុមប្រឹក្សា​ត្រូវខិតខំ​បម្រើ​ផលប្រយោជន៍ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ស្មើភាព ដោយ​យុត្តិធម៌ និង ដោយ​មិនត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​នោះឡើយ ។

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀតថា ផ្អែក​តាម​របាយការណ៍​របស់​រដ្ឋបាល​ក្រុង​សៀមរាប បានបង្ហាញ​ឲ្យ​ឃើញថា ក្រុមប្រឹក្សា​ក្រុង​អាណត្តិ​ទី​២ គណៈ​អភិបាលក្រុង​សៀមរាប មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំង​មាន​សមត្ថកិច្ច រួមទាំង​ប្រជា​ការពារ និង ប្រជាពលរដ្ឋ​ទូទាំង​ក្រុង​សៀមរាប បានរួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុងការ​កសាង​និង​អភិវឌ្ឍ​ក្រុង ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ រួមមាន​ការផ្តល់សេវា​សាធារណៈ ការអភិវឌ្ឍ​មូលដ្ឋាន ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ​នានា ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដូច្នេះ​តាមរយៈ​នេះ ឯកឧត្ដម​មានសង្ឃឹម​ជឿជាក់ លើ​កិច្ចសហការ​ដឹកនាំ​អនុវត្ត​បានល្អ ដោយ​ក្រុមប្រឹក្សា​និង​អភិបាលក្រុង​សៀមរាប ដែលជា​ការចាប់ផ្តើម​បោះ​ជំ​ហ៊ាន​ថ្មី ឆ្ពោះទៅរក​ការអភិវឌ្ឍ​ក្រុង​ទេសចរណ៍​អង្គរ​-​សៀមរាប បន្តទៀត សម្រាប់​អណ​ត្តិ​ទី​៣ នៃ​ក្រុមប្រឹក្សា​ក្រុង​សៀមរាប គឺ​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​នៅ​សេសសល់​ពីមុនមក ។​

​សូម​បញ្ជាក់ដែរថា សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប​សម្រាប់​អាណត្តិ​ទី​៣​នេះ មាន​សមាសភាព​ចំនួន​២១​រូប ដែលមាន​លោក ទេព ប៊ុន​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ក្រុង​សៀមរាប ៕​