ខេត្តសៀមរាប ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​៨ ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​អនុតំបន់​មេគង្គ​

ក្នុងឱកាស​នៃ​ការរៀបចំ​កិច្ចប្រជុំ​លើក​ទី​៨ ថ្នាក់​រដ្ឋមន្ត្រី​ទទួលបន្ទុក​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន នៃ​ប្រទេស​អនុតំបន់​មេគង្គ នា​ព្រឹក​ថ្ងៃទី​២៤ ខែ ឧសភា ឆ្នាំ​២០១៩​នេះ ខេត្តសៀមរាប បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​នេះ ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ អប្សរា ផា​ឡេស​រី​សត ក្រោម​អធិបតីភាព​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដោយមាន​ការចូលរួម​ពី​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​សមាជិក​នៃ​ប្រទេស​អនុតំបន់​មេគង្គ រួមមាន ប្រទេស​ថៃ , សហភាព​មី​យ៉ាម៉ា , ឡាវ , វៀតណាម និង កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ ។​

​ឯកឧត្តម សាយ សំ​អាល់ មានប្រសាសន៍ថា ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០០២ និង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៣ ដូច្នេះ​ប្រទេស​សមាជិក​អាស៊ាន បាន​នឹង​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​ទប់ស្កាត់​បញ្ហា​ឆ្លងដែន ទប់ស្កាត់​និង​កាត់បន្ថយ​ភ្លើង​ឆេះ​ព្រៃ ព្រមទាំង​បាន​ផ្លាស់ប្តូរ​ព័ត៌មាន​និង​បច្ចេកវិទ្យា និង ការផ្តល់​ការគាំទ្រ​ដល់​គ្នា​ទៅវិញទៅមក​ទៀតផង ។​

​ឯកឧត្តម សាយ សំ​អាល់ មានប្រសាសន៍​ទៀតថា សមិទ្ធផល​សំខាន់ៗ​ដែល​កម្ពុជា​បានសម្រេច​កន្លងមក រួមមាន ៖ ការអភិរក្ស​ជីវៈចម្រុះ , ការគ្រប់គ្រង​និង​ការការពារ​ព្រៃឈើ , ការអនុវត្ត​វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ និង ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​តំបន់ការពារធម្មជាតិ ព្រមទាំង​ការបង្កើន​ទំហំ​តំបន់​ការពារ​រហូតដល់​ប្រមាណ ៧,៥ លាន​ហិកតា និង ការរៀបចំ​ក្រុម​បរិស្ថាន និង​ធនធានធម្មជាតិ , ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រេ​ដ​បូក​ជាតិ និង ការបង្កើត​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដើម្បី​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន និង ភាគី​ពាក់ព័ន្ធ ក្នុងការ​ដាក់បញ្ចូល​កិច្ច​គាំពារ​បរិស្ថាន​ទៅក្នុង​ផែនការអភិវឌ្ឍន៍​ជាតិ ។​

​ឯកឧត្តម សាយ សំ​អាល់ មានប្រសាសន៍​បន្ថែមទៀត​ថា កិច្ចប្រជុំ​លើក​ទី​៨​នៅថ្ងៃនេះ ជា​ឱកាស​សម្រាប់​ប្រទេស​នៅក្នុង​អនុតំបន់​មេគង្គ ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​ទប់ស្កាត់​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន និង បន្ត​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​ក្នុង​ក្របខណ្ឌ​ប្រទេស​សមាជិក​នីមួយៗ ក៏ដូចជា​នៅក្នុង​អនុតំបន់​មេគង្គ ខណៈដែល​និន្នាការ​នៃ​ការអភិវឌ្ឍ​បូករួម​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ បានធ្វើឱ្យ​តំបន់​អាស៊ាន​ទទួល​ភាព​រងគ្រោះ ដោយសារ​គ្រោះធម្មជាតិ ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និង​ភ្លើង​ឆេះ​ព្រៃ ដែល​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន ជីវិត​មនុស្ស និង​ការប្រកប​របរ​ចិញ្ចឹមជីវិត​ជាដើម ដូច្នេះ​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​សមាជិក​អាស៊ាន មាន​សារៈសំខាន់ ក្នុងការ​បន្តធ្វើ​ការរួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ខាងលើនេះ​ផងដែរ ៕​