មន្ត្រី​សង្ឃ​ខេត្តសៀមរាប នាំ​ថវិកា​បាន​ពី​ផ្កាប្រាក់​ទៅកាន់​«​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​»

ថវិកា​ចំនួន​ជាង​៥៨​លាន​រៀល បានមកពី​អង្គ​ផ្កាប្រាក់​មហា​សាមគ្គី​នៅ​ខេត្តសៀមរាប ក្រោម​ព្រះ​តំរិះ​ផ្តួចផ្តើម​ពី​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ និង​ជា​សមាជិក​ថេរ​សភា​សង្ឃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ព្រះ​ធម្ម​សិរី អ​ភាក​រោ ជុំ គឹម​ឡេង ព្រះ​សុ​មង្គល​សិលា​ចា​រ្យ មេគណ​ខេត្ត តាមរយៈ​ស​ទ្ឋា​ចូលរួម​បរិច្ចាក​ពី​មន្ត្រី​សង្ឃ​ខេត្ត ក្រុង ស្រុក​និង​ព្រះសង្ឃ​តាម​បណ្តា​វត្ត​មួយចំនួន ព្រមទាំង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ជិត​ឆ្ងាយ​ផងដែរ ត្រូវបាន​នាំយកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​និង​គណៈកម្មការ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ស្ថិតនៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​ចុង​សប្តាហ៍​នេះ​។

​ព្រះ​តេជគុណ ប៊ុន សា​លួត ព្រះ​មេគុណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ សម្តែង​នូវ​ព្រះទ័យ​ត្រេកអរ​ចំពោះ​ទឹក​ព្រះទ័យ​របស់​មន្ត្រី​សង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ខេត្តសៀមរាប ដែលមាន​ស​ទ្ឋា​ជ្រះថ្លា​នាំយក​ថវិកា​មកជួយ​ឧបត្ថម្ភ​គាំទ្រ​នៅទីនេះ ហើយ​ព្រះអង្គ​សន្យាថា នឹង​យក​ថវិកា​នេះ​បែងចែក​ទំនុកបម្រុង​ដល់​គណៈកម្មការ​សហគម​ន៍ និង​មួយផ្នែក​សម្រាប់​ចំណាយ​ទៅលើ​ការកាយ​ប្រឡាយ​មាត់​លើ​៣​ម៉ែត្រ និង​ជំរៅ​ជាង​១​ទៅ​២​ម៉ែត្រ តាម​ជុំវិញ​ព្រំ​ចាស់​នៃ​ដែន​ព្រៃឈើ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង និង ប្រយោជន៍​ការពារ​ទប់ស្កាត់​ចូល​កាប់​និង​ដឹកជញ្ជូន​ឈើប្រណិត ការ​បរបាញ់​សត្វ និង​ការចូល​នេសាទ មិនមែនជា​លក្ខណៈ​ប្រពៃណី ពោលគឺ​ប្រើ​ឧបករណ៍​ខុសច្បាប់​ជាដើម ខណៈ​ការកាយ​ប្រឡាយ​នេះ បើ​លាត​ស​ន្ឋឹ​ង​សរុប​ជា​ប្រវែង​៨៩​គីឡូ​ម៉េ​ត្រ ប៉ុន្តែ​បាន​ដំណើរ​ការកាយ​ជា​បន្តបន្ទាប់ នៅសល់តែ​ប្រមាណ​ជា​២០​ភាគរយ​ប៉ុណ្ណោះ ។

​ព្រះ​តេជគុណ ប៊ុន សា​លួត មាន​សង្ឃ​ដិ​កា​បន្តថា ៖ ព្រៃឈើ​នេះ គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ជា ៣០.២៥៤ ហិកតា នៅក្នុង​ស្រុក​ចំនួន​បី នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺ​ស្រុក​អន្លង់វែង ស្រុក​ចុងកាល់ និង​ក្រុង​សំរោង ហើយ​ការផ្តួចផ្តើម និង​សម្រេចចិត្ត​ថែរក្សា​ព្រៃ​នេះ ដោយ​ផុស​ចេញពី​ទឹកចិត្ត​ស្រឡាញ់​ជា​ពន់ពេក​ចំពោះ​ព្រៃព្រឹក្សា ម្រឹគីម្រឹគា មច្ឆជាតិ​ទាំងឡាយ​នៅក្នុង​ត្រពាំង​បឹងបួរ​អូរ​ប្រកបដោយ​ទឹកថ្លា​ឈ្វេង ព្រមទាំង​ធនធានធម្មជាតិ​ដ៏​ច្រើន​រាប់មិនអស់ ដែលមាន​សារប្រយោជន៍​សម្រាប់​ជីវិត​មនុស្ស​សត្វ​ទាំងឡាយ ។

​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ថ្លែង​កោតសរសើរ​នូវ​ភាព​ប្តូរផ្តាច់​លះបង់​ព្រះកាយពល​និង​កម្លាំងកាយ​ចិត្ត​និង​អាយុជីវិត​របស់​ព្រះ​តេជគុណ ព្រះ​មេគុណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​សហការី ព្រោះថា​ការគ្រប់គ្រង​និង​ថែរក្សា​ព្រៃ​នៅទីនេះ ពេលខ្លះ​អាច​ប្រឈម​ទៅនឹង​ការប្រមាថ​ដល់​អាយុជីវិត​ពី​ជន​ទុច្ចរិត​ដោយ​មិន​គិតពី​ព្រះសង្ឃ​ឬ​គ្រហស្ថ​ឡើយ​។

​ព្រះអង្គ​មាន​ថេរ​ដិ​កា​បន្តថា ៖​មនុស្ស​យើង​ទីពឹង​ម្លប់​៥​សម្រាប់​ជ្រកកោន ដើម្បីឱ្យ​ជីវិត​ស្រស់ស្រាយ និង​មាន​សុភមង្គល គឺ​មាតាបិតា​ជា​ម្លប់​ទីមួយ , ទី​២​គ្រូ​បា​អាចារ្យ , ព្រះរាជា​ជា​ម្លប់​ទី​៣ , ម្លប់​ទី​៤​រុក្ខ​ឆាយា បាន​ដល់​ដើមឈើ​ទាំងឡាយ និង​ម្លប់​ទី​៥​ពុ​ទ្ឋ​ឆាយា គឺមាន​ព្រះ​ពុ​ទ្ឋ​ជាទី​ពឹង និង​ជា​ម្លប់ ហើយ​ម្លប់​ទាំង​៥​នេះ សុ​ទ្ឋ​តែ​ផ្តល់​ផលប្រយោជន៍ និង​គុណសម្បត្តិ​យ៉ាង​ធំធេង​ដល់​យើងទាំងអស់គ្នា ដូច្នេះ​ក្នុង​បរិស្ថាន​ទូទៅ ព្រៃឈើ​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការជួយ​ថែរក្សា​ដំណើរការ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ជួយ​កាត់បន្ថយ​ឥទ្ធិពល​ជា​អវិជ្ជមាន​ពី​ការប្រែប្រួល​អាកាសធាតុ និង​ទប់ស្កាត់​ទឹកជំនន់ ខ្យល់ ព្យុះ ការហូរ​ច្រោះ​ដី គ្រោះរាំងស្ងួត និង​ជួយ​ស្រួប​យកជាតិ​ពុល​ពី​បរិយាកាស​ជាដើម និង​ផ្តល់នូវ​ផល​អនុផល​ព្រៃឈើ ជាច្រើន ដល់​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ដែល​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជា​សហគមន៍ ហេតុនេះ​គប្បី​យើង​ត្រូវ​ចេះ​ស្រឡាញ់​ព្រៃឈើ និង​ចូលរួម​ថែរក្សា​ព្រៃឈើ​ទាំងអស់គ្នា ៕​