សមត្ថកិច្ច​ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស​៤៨​នាក់ ដែល​ជាប់​សង្ស័យ​នឹង​ករណី​គ្រឿងញៀន​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ចាប់ពី​វេលា​ម៉ោង​០៣​រសៀល​ដល់​ម៉ោង​០៧​យប់ នា​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​កន្លងទៅនេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចុះបង្ក្រាប​ករណី​រក្សាទុក ជួញដូរ ចាត់ចែង និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំនុច​ដីឡូត៍​ទុកចោល​មួយកន្លែង​ស្ថិតក្នុង​ក្រុមទី​០១ ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​៤៨​នាក់ ហើយ​បានធ្វើ​តេស្ត​ទឹកនោម ក្នុងនោះ​វិជ្ជមាន ចំនួន​៤៦​នាក់ និង អវិជ្ជមាន ០២​នាក់ ប៉ុន្តែ​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ គឺជា​អ្នកជិះ​ម៉ូតូ​ចូលមក​រក​ទិញ​ថ្នាំញៀន ។

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​បន្ថែមថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ដកហូត​បា​ន​នូវ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​សរុប ២០ កញ្ចប់ ស្មើនឹង​ទំងន់ ០៤ ក្រាម និង​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចា​តើ​ការ​តាម​នីតិវិធី​នៃ​ច្បាប់ ៕​