រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​កម្មវិធី​កំសាន្ត​សប្បាយៗ​ជាច្រើន ក្នុងឱកាស​ក្នុង​ថ្ងៃ​ឈប់សម្រាក ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០

​ក្នុងឱកាស​ក្នុង​ថ្ងៃ​ឈប់សម្រាក ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ ដែលជា​ថ្ងៃ​សង​ថ្ងៃ​ឈប់សម្រាក​សម្រាប់​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​នោះ រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​កម្មវិធី​កំសាន្ត​សប្បាយៗ​ជាច្រើន​ដូចជា ៖ កម្មវិធី​សាសនា ដែល​ជាការ​បួងសួង​សុំ​សេចក្តីសុខ , កម្មវិធី​តាំងពិព័រណ៍ បន្លែ​ផ្លែឈើ កសិផល នៃ​ផលិតផល​របស់​ក្រុង​-​ស្រុក​ទាំង​១២ , កម្មវិធី​ប្រកួត​ម្ហូបអាហារ ពានរង្វាន់​មាន់​អាំង ឆ្ងាញ់​ជាងគេ​នៅ​ខេត្តសៀមរាប , កម្មវិធី​ផ្សារ​ទឹក , កម្មវិធី​កំសាន្ត​ក្នុង​តំបន់​ផាប់​ស្ទ្រី​ត , កម្មវិធី​ជិះ​កង់​កំសាន្ត , កម្មវិធី​កីឡា​វាយ​កូន​ហ្គោល , កម្មវិធី​ដើរ​ព្រៃ នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ចង្ក្រាន​រយ , តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​គូលែន និង ផ្ទាំងទស្សនីយភាព​សិល្បៈ ព្រមទាំង​មានកម្ម​វិធី​កំសាន្ត​ផ្សេងៗ​ជាច្រើន​ទៀត ។

​ក្រៅពី​កម្មវិធី​កំសាន្ត​សប្បាយៗ ដែល​រដ្ឋបាលខេត្ត​បានរៀបចំ​នោះ សៀមរាប ជា​ខេត្ត​គោលដៅ​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង ធម្មជាតិ ធំជាងគេ​នៅ​កម្ពុជា និង មាន​ភាព​ទាក់ទាញ​ជាខ្លាំង​ទាំង​ក្នុង​និង​ក្រៅប្រទេស ដោយមាន​ប្រាង្គ​ប្រាសាទ​រាប់ពាន់​កន្លែង ដែល​បុព្វបុរស​ខ្មែរ​បាន​បន្សល់ទុករ​ហូ​ត​មកដល់​បច្ចុប្បន្ន ក្នុងនោះ​មាន ៖ ប្រាសាទអង្គរវត្ត ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក , ប្រាសាទបាយ័ន , ភ្នំ​បាក់​ខែង , ប្រាសាទតាព្រហ្ម , ប្រាសាទបន្ទាយស្រី និង ប្រាសាទ​ផ្សេងៗ​ជាច្រើន​កន្លែង​ទៀត , អាង​បារាយណ៍ទឹកថ្លា និង តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​គូលែន ព្រមទាំង​តំបន់​រមណីយដ្ឋាន​កែច្នៃ​ជាច្រើន​កន្លែង​ទៀតផង​ដែរ ។

​ខេត្តសៀមរាប មាន​សណ្ឋាគារ និង ផ្ទះសំណាក់​ប្រណិតៗ សម្រាប់​ការ​ស្នាក់ នៅ​ប្រកបដោយ​ផាសុកភាព និង មានតម្លៃ​សមរម្យ , មាន​ភោជនីយដ្ឋាន និង អាហា​រដ្ឋា​ន​ជាច្រើន​កន្លែង ប្រកបដោយ​រសជាតិ​ឆ្ងាញ់ មាន​អនាម័យ​ល្អ និង សេវា​ល្អ ។

​នៅក្នុង​ឱកាស​ដែល​ស្ថិតក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ រដ្ឋបាល​ខេត្តសៀមរាប សូម​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ភ្ញៀវ​ទេសចរណ៍​ទាំងអស់ សូម​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដូចខាងក្រោម ៖១.​កុំ​ភ្លេច​ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា , ២.​កុំ​ភ្លេច​ជែ​ល ឬ​អាល់កុល​លាងដៃ ខណៈ​រដ្ឋបាលខេត្ត​បាន​ត្រៀម​សាប៊ូ​លាងដៃ​ជូន​នៅតាម​ទីសាធារណៈ និង ៣.​កុំ​ភ្លេច​រក្សា​គម្លាត​សុវត្ថិភាព ។​​