ព្រឹក​មិញ អាជ្ញាធរ​ខេត្តសៀមរាប ចុះ​បិទ​គម្រោង​បុរី​ផ្ទះល្វែង​ដែល​អត់​ច្បាប់​នៅ​ស្រុក​បន្ទាយស្រី​

  

នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា​ឆ្នាំ​២០១៩​នេះ គម្រោង​បុរី ផ្ទះល្វែង​មួយចំនួន​នៅក្នុង​ស្រុក​បន្ទាយស្រី ត្រូវបាន​អាជ្ញាធរ​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក ហែ​ន ពុ​ទ្ធី នាយករង​រដ្ឋបាល​សាលាខេត្ត រួម​នឹង​ក្រុមការងារ​ចម្រុះ ចុះ​ត្រួតពិនិត្យ​នៅតាម​ការដ្ឋាន​សាងសង់​គម្រោង​បុរី​នានា​នៅក្នុង​ស្រុក​បន្ទាយស្រី និង​បញ្ជា​ឲ្យ​ផ្អាក​សកម្មភាព​នានា​របស់​ពួកគេ​ជា​បណ្តោះអាសន្ន​សិន ចំពោះ​គម្រោង​បុរី​ផ្ទះល្វែង​ដែល​អត់​ច្បាប់ ។

​លោក សួស សុខ​ចាន់ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី ខេត្តសៀមរាប បាន​ឲ្យ​ដឹង ថា ក្នុងការ​ត្រួតពិនិត្យ​នេះ ក្រុមការងារ​បាន​រក​ឃើញថា គម្រោង​បុរី​នៅក្នុង​ស្រុក​បន្ទាយស្រី គឺ​មិនទាន់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នៅឡើយ ហើយ​គ្រប់​បុរី​ដែល​មិនមាន​ច្បាប់​អនុញ្ញាត ត្រូវបាន​ក្រុមការងារ​សម្រេច​ឲ្យ​ម្ចាស់ ឬ​តំណាង ត្រូវតែ​បញ្ឈប់​សកម្មភាព​ទាំងឡាយ ដូចជា សកម្មភាព​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​រូបភាព , បញ្ឈប់​ការសាងសង់​សំណង់​នានា​ក្នុង​ទីតាំង​គម្រោង ហើយ​ជាមួយគ្នានេះ ក្រុមការងារ​ក៏បាន​តម្រូវ​ឲ្យ​ម្ចាស់​គម្រោង​បុរី​ទាំងនោះ ត្រូវតែ​សុំ​ការអនុញ្ញាត​ច្បាប់​ពី​មន្ត្រី​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​ដំណើរការ ធ្វើ​អាជីវកម្ម​របស់ខ្លួន​។

​គួរ​បញ្ជាក់ថា គម្រោង​ដែល​ក្រុមការងារ​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នោះ មាន​គម្រោង​បុរី​របស់​ក្រុមហ៊ុន​អង្គរ​លែ​ន ម៉ាក្ស បន្ទាយស្រី ក្នុងភូមិ​ខ្នារ , គម្រោង​បុរី​មហា​មន្ទីរ ( MAHA MONTY ) នៅក្នុង​ភូមិ​ប្រិ​យ៍ ក្នុង​ឃុំ​ខ្នារ​សណ្តាយ និង​គម្រោង​បុរី​មួយកន្លែង​ទៀត នៅក្នុង​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ។

​លោក ស្ងួន ណារិន តំណាង​បុរី​អង្គរ​លែ​ន ម៉ាក្ស បន្ទាយស្រី បាន​ឲ្យ​ដឹងថា គម្រោង​អាជីវកម្ម​របស់​លោកមា​ន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ស្រុក ប៉ុន្តែ​លោក​ទទួលស្គាល់ថា ច្បាប់​នោះ​មាន​ភាពខ្វះ​ចន្លោះ​ខ្លះ ដូច្នេះ​លោក​សូម​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត ដែល​បាន​ចុះមក​ណែនាំ​លោក​ឲ្យ​យល់​អំពី​ផ្លូវច្បាប់ ហើយ​ក្រុមហ៊ុន​នឹង​ខិតខំ​បំពេញ​នូវ​ចំណុច​ខ្វះខាត​ទាំងឡាយ ដែលជា​តម្រូវការ​ផ្នែក​ផ្លូវច្បាប់ ដើម្បី​ជាការ​ងាយស្រួល​សម្រាប់​អាជីវកម្ម ៕​