ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប លើកឡើងថា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​មិនមែនជា​វិបត្តិ​នោះទេ តែ​ជាគ​ន្លឺះ​សម្រាប់​ដោះស្រាយ​ស្វែងរក​ការរីកចម្រើន​

ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ វា​មិនមែនជា​វិបត្តិ​នោះទេ តែ​វា​ជាគ​ន្លឺះ​សម្រាប់ធ្វើ​ការដោះស្រាយ ដើម្បី​ស្វែងរក​ការអភិវឌ្ឍ តាមរយៈ​នៃ​ការកែលម្អ​បញ្ហា​ប្រឈម​ទាំងនោះ ដូច្នេះ​សំណូមពរ​ដល់​ក្រុមការងារ​របស់​ក្រុមប្រឹក្សា​ខេត្ត ដែល​បាន​ចុះ​តាម​ក្រុង​ស្រុក និង ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ត្រូវធ្វើ​របាយការណ៍​ឲ្យ​បានច្បាស់លាស់ អំពី​សកម្មភាព និង​លទ្ធផល​ដែល​ទទួលបាន​អំពី​ការសង្កេត​របស់ខ្លួន ពិសេស​លើ​ស្វែងយល់​ឲ្យ​បាន​ស៊ីជម្រៅ​លើ​បញ្ហាលំបាក ក្តីកង្វល់ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​បានលើកឡើង​នៅក្នុង​វេទិកា​នានា ។

​ឯកឧត្តម អ៊ឹង ហឿន មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៥ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប​អាណត្តិ​ទី​៣ នៅ​សាលប្រជុំ​សាលាខេត្ត កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២០​នេះ ក្នុងអំឡុងពេល​នៃ​ការលើក​បង្ហាញ​តាមរយៈ​សំណួរចម្លើយ រវាង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ជាមួយនឹង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ក្នុងនោះ​រួមមាន​បញ្ហា​នៃ​ការបម្រើ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ , បញ្ហា​បរិស្ថាន​ទីក្រុង និង​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ជាដើម ដែល​បញ្ហា​ប្រឈម​ទាំងនោះ ត្រូវបាន​អង្គ​ពិភាក្សា​ឯកភាព​សម្របសម្រួល​នីតិវិធី ដាក់ចេញ​នូវ​យន្តការ​ឆ្លើយតប​ឲ្យ​មាន​ប្រសិទ្ធភាព ។

​គួររំលឹកថា កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៥ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត និង អាជ្ញាធរ​ក្រុង​ស្រុក​ក្នុង​ខេត្ត ដែលមាន​របៀប​វារ​:​ចំនួន​៣ គឺ ៖១- ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៤ របស់​ក្រុមប្រឹក្សា​ខេត្ត កាលពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២០ , ២- ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំខែ​កក្កដា ឆ្នាំ​២០២០ ស្ដីពី​ការអនុវត្ត​ការងារ របស់​រដ្ឋបាល​ខេត្តសៀមរាប និង ៣ – បញ្ហា​ផ្សេងៗ ។

​ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ឹង ហឿន មានប្រសាសន៍​បញ្ជាក់ទៀតថា បញ្ហា​ជំងឺ​កូ​វីដ​១៩ ពិតជា​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​ប្រឈម​ចំពោះ​សេដ្ឋកិច្ចសង្គម និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រាកដ​មែន ក៏ប៉ុន្តែ​ស្ថិតក្នុង​ឱកាស​នេះដែរ កូ​វីដ​១៩ ពុំបាន​ធ្វើ​ឲ្យ​ផែនការ​អភិវឌ្ឍ​របស់​ខេត្ត ស្ថិតក្នុង​ស្ថានភាព​អវិជ្ជមាន​នោះទេ តែ​ត្រូវបាន​ប្រើប្រាស់​កាលៈទេសៈ​នេះ ជំរុញ​ឲ្យ​មានការ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​បង្កើត​ឱកាស​ត្រៀម​ឆ្លើយតប​ចំពោះមុខ និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩ ៕​